រដ្ឋមន្ត្រីក្រសួងអប់រំបារាំងសន្យាថានឹង ស្តារស្តង់ដារខ្ពស់ នៅក្នុងសាលារៀន
ប៉ារីស៖ រដ្ឋមន្ត្រីក្រសួងអប់រំនៃប្រទេសបារាំង លោក Gabriel Attal បានប្តេជ្ញាថា នឹងកែប្រែប្រព័ន្ធអប់រំបារាំង ដើម្បីស្តារស្តង់ដារខ្ពស់ នៅក្នុងសាលារៀន។ ជាការសន្យា បន្ទាប់ពីមានការស្ទង់មតិអប់រំមួយ ហៅកាត់ PISA បានបង្ហាញថា កម្រិតសិក្សានៅអឺរ៉ុបបានធ្លាក់ចុះ នៅក្នុងកំណត់ត្រាមួយ ឲ្យកត់សម្គាល់។
លោករដ្ឋមន្ត្រីក្រសួងអប់រំប្រទេសបារាំង លោក Gabriel Attal កាលពីថ្ងៃអង្គារ សប្តាហ៍នេះ បានបង្ហាញចេញនូវផែនការរបស់លោក ដើម្បីដាក់ចេញវិធានការស្តារស្តង់ដាខ្ពស់ នៅសាលារៀន បន្ទាប់ដឹងលទ្ធផល នៃការស្ទង់មតិអន្តរជាតិនេះ។
លោករដ្ឋមន្ត្រីក្រសួងអប់រំបានថ្លែង ក្នុងសន្និសីទសារព័ត៌មាន នៅមហាវិទ្យាល័យប៉ារីសថា «ខ្ញុំសន្មត់ថា ខ្ញុំមានមហិច្ឆតាខ្លាំង សម្រាប់សាលារៀន ដោយគ្មានរារាំងណាមួយឡើយ»។
ការស្ទង់មតិនេះបានវាយតម្លៃលទ្ធផលសិក្សា របស់ប្រទេសចំនួន ៨១ ប្រទេស ដោយបានចង្អុលបង្ហាញពីការធ្លាក់ចុះ «ជាប្រវត្តិសាស្ត្រ» នៃកម្រិតគណិតវិទ្យា និងការធ្លាក់ចុះយ៉ាងខ្លាំងនៃការអាន ការយល់ដឹង នៅក្នុងប្រទេសបារាំង ជាមួយនឹងការធ្លាក់ចុះជារួម នៅកម្រិតអន្តរជាតិ។
លោករដ្ឋមន្ត្រី Gabriel Attal បានទទួលស្គាល់ថា «លទ្ធផលពី PISA គឺច្បាស់ណាស់ ប្រាកដជាមានបញ្ហានៅក្នុងមហាវិទ្យាល័យ និងជាពិសេស នៅក្នុងមុខវិជ្ជាគណិតវិទ្យា.. ខ្ញុំទទួលស្គាល់ការវិនិច្ឆ័យនេះ។
គួរបញ្ជាក់ថា ក្នុងចំណោមវិធានការរបស់កែប្រែប្រព័ន្ធអប់រំនេះ គេដឹងថា ការប្រឡងបាក់ឌុបថ្មី គឺផ្តោតលើគណិតវិទ្យា វប្បធម៌ វិទ្យាសាស្ត្រ ដែលគិតគូររៀបចំឡើង តាំងពីថ្នាក់ទីមួយ ចាប់ពីឆ្នាំសិក្សា ២០២៥-២០២៦៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត