ថៃ៖ បក្សប្រឆាំងចោទសួរពីបក្ខពួកនិយមជុំវិញការដំឡើងឋានន្តរស័ក្តិរបស់ប៉ូលិស
ថៃ៖សមាជិកសភាមកពីគណបក្សឈានទៅមុខ (Move Forward) លោក រ៉ាងស៊ីម៉ាន រ៉ូម (Rangsiman Rome) បានទាមទារឱ្យរដ្ឋាភិបាលពន្យល់ពីការដែលមន្ត្រីប៉ូលិសម្នាក់ដែលជាក្មួយប្រុសរបស់អតីតភរិយាលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) អាចទទួលបានឋានៈជាមន្ត្រីប៉ូលិសជាន់ខ្ពស់មួយរូបនៅការិយាល័យអន្តោប្រវេសន៍ក្នុងអាកាសយានដ្ឋានភូកេត។
តំណាងរាស្រ្តបក្សប្រឆាំងរូបនេះបានចោទសួរថា ហេតុអ្វីបានជាលោក ថាណេត ស៊ូឆៃ (Thanet Sukchai) អតីតស្នងការនគរបាលអន្តោរប្រវេសន៍នៅភូកេត ត្រូវលាលែងពីតំណែងភ្លាមៗ មុនពេលលោកត្រូវបានផ្ទេរទៅខេត្ត ប្រាឆួប គីរីខាន់ (Prachuap Khiri Khan) និងជំនួសដោយស្នងការថ្មីនៅថ្ងៃទី២៩ ខែវិច្ឆិកា កន្លងទៅនេះ។
លោក រ៉ាងស៊ីម៉ាន បានសរសេរនៅលើគេហទំព័រហ្វេសប៊ុកថា «ខ្ញុំគិតថាការិយាល័យប៉ូលិសជាតិថៃ ចាំបាច់ត្រូវឆ្លើយតបទៅនឹងសំណួរទាំងនេះ និងសំណួរផ្សេងទៀតដែលបានលើកឡើង ជុំវិញការរុះរើរចនាសម្ព័ន្ធប៉ូលិសលើកចុងក្រោយបង្អស់នៅការិយាល័យប៉ូលិស និងផ្នែកអន្តោប្រវេសន៍របស់ខេត្តភូកេត»។
លោកបានបន្តចោទសួរថា ហេតុអ្វីបានជាលោក ថាណេត ត្រូវបានចាត់ទុកថាជាបុគ្គលមិនស័ក្តិសមសម្រាប់តួនាទីជាប្រធានប៉ូលិសអន្តោប្រវេសន៍ភូកេត? ហើយតើអ្វីដែលធ្វើឱ្យស្នងការថ្មីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់តួនាទីនេះ? គួរដឹងដែរថា ការិយាល័យប៉ូលិសអន្តោប្រវេសន៍ភូកេតស្ថិតនៅក្រោមនាយកដ្ឋានអន្តោប្រវេសន៍ទី៦ ដែលមានទីស្នាក់ការនៅក្នុងស្រុកហាតយ៉ៃ (Hat Yai) នៃខេត្តសុងក្លា (Songkhla)។
សំណួរដដែលខាងលើក៏ត្រូវបានចោទសួរទៅកាន់ការដំឡើងតំណែងរបស់លោក ផាដថងធូ ដាម៉ាពង្ស (Padthongtew Damapong) ជាប្រធានអង្គភាពប៉ូលិសអន្តោប្រវេសន៍ថ្មីនៅព្រលានយន្តហោះផូកេត។ លោក រ៉ាងស៊ីម៉ាន បានចង្អុលបង្ហាញថា លោក ផាដថងធូ គឺជាក្មួយប្រុសរបស់លោកស្រី ផូតចាម៉ាន ណាផូបេចរ៉ា (Potjaman na Pombejra) ដែលធ្លាប់រៀបការជាមួយអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា។
ឪពុករបស់លោកស្រី ផូតចាម៉ាន គឺជាអតីតអគ្គស្នងការនគរបាលជាតិកំពូលមួយរូប ហើយកាលនោះ លោក ថាក់ស៊ីន ដំបូងឡើយធ្វើការជាប៉ូលិស ក្រោយមកបានក្លាយជាអ្នកមានស្ដុកស្ដម្ភដោយសារការធ្វើជំនួញ បន្ទាប់មកក៏ចូលធ្វើនយោបាយ។ ប៉ុន្តែសម្រាប់លោក ផាដថងធូ ដែលមានអាយុ ៤១ ឆ្នាំ ស្រាប់តែបានទទួលការដំឡើងឋានៈនៅខេត្តភូកេត ពោលគឺត្រឹមតែ ១០ ខែប៉ុណ្ណោះបន្ទាប់ពីលោកបានធ្វើការនៅទីស្នាក់ការកណ្តាលរបស់ការិយាល័យអន្តោប្រវេសន៍។
លោក រ៉ាងស៊ីម៉ាន បានចោទសួរដោយលើកហេតុផលបន្ថែមទៀតថា លោក ផាដថងធូ អាចជាមន្ត្រីពិសេសម្នាក់ដែលមានការគាំទ្រខ្លាំងឈានទៅដល់ការដំឡើងឋានៈយ៉ាងឆាប់រហ័ស ប៉ុន្តែលោក ថាណេត ដែលជាមេបញ្ជាការប៉ូលិសម្នាក់ ពិតជាគ្មានសមត្ថភាពស័ក្ដិសមនឹងការដំឡើងឋានៈឬក៏យ៉ាងណា។
លោកបានលើកពីប្រព័ន្ធផ្សព្វផ្សាយដែលបានរាយការណ៍កាលពីខែមុន អំពីសុន្ទរកថាដែលលោកនាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ិន (Srettha Thavisin) បានថ្លែងក្នុងកិច្ចប្រជុំសមាជិកសភាគណបក្សភឿថៃថា “មន្ត្រីនគរបាលមួយចំនួននឹងសប្បាយចិត្ត ខណៈខ្លះទៀតខកចិត្តនឹងលទ្ធផលនៃការរុះរើនាពេលខាងមុខនេះ”។ យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីបានបដិសេធថារូបលោកមិនបានលើកឡើងដូចការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនោះទេ។
លោក ផាដថងធូ កើតនៅទីក្រុងឡូសអេនជឺលេស (Los Angeles) ហើយបានផ្លាស់ទៅនៅប្រទេសថៃនៅអាយុ ១០ ឆ្នាំ។ លោកបានបញ្ចប់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យថាំម៉ាសាត (Thammasat) និងអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈពីសាកលវិទ្យាល័យ Southern California ។ លោកបានរៀបការមានគ្រួសារ និងមានកូនបួននាក់៕
ប្រែសម្រួល៖ ធា សុណា
ប្រភពព័ត៌មាន៖ Bangkok Post Nepotism questions raised about police promotions