ចាប់ពីថ្ងៃទី ១ដល់៣១ ខែមករា ឆ្នាំ២០២៤ មានមន្រ្តីជិត ២ម៉ឺននាក់ នឹងត្រូវជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុលនៅអង្គភាព ប្រឆាំងអំពើពុករលួយ
(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី១-៣១ ខែមករា ឆ្នាំ២០២៤ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU)បានត្រៀមទទួលឯកសារប្រកាសទ្រព្យ សម្បត្តិ និងបំណុល ពីមន្ត្រីដែលជាប់កាតព្វកិច្ចប្រកាសតាមរបប០២ឆ្នាំ( ឆ្នាំ២០២៤) ចំនួន ១៨.៨៣២ រូប ។ នេះបើតាមការឱ្យដឹងពីសំណាក់មន្រ្តីនៃអង្គភាពប្រឆាំងអំពើពុករលួយ ។
បញ្ជាក់ប្រាប់បណ្តាញសារព័ត៌មាននៅក្នុងកិច្ចប្រជុំលើកទី២៩ អាណត្តិទី៣ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនៅរសៀលថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០២៣នេះ លោក សយ ច័ន្ទ វិចិត្រ ឧបការី និងជាមន្រ្តីនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា៖”នៅខែក្រោយដែលជាខែមករានេះអង្គភាពប្រឆាំងអំពើពុករលួយកំពុងត្រៀមរៀបចំនៃការប្រកាសទ្រព្យសម្បត្តិដ៏ធំនៃរៀងរាល់២ឆ្នាំម្តង ។ មន្រ្តីដែលជាប់កាតព្វកិច្ចមកប្រកាសទ្រព្យសម្បត្តិនេះ គឺចាប់ពីថ្ងៃទី ១ដល់ទី៣១ ខែ មករាដែលក្នុងនេះមានចំនួនរហូតដល់ជាង ១៨០០០រូប ។ អញ្ចឹងការប្រកាសទ្រព្យសម្បត្តិនៅខែក្រោយនេះច្រើន។ ដែលក្នុងនេះគឺពួកគាត់២ឆ្នាំត្រូវមកប្រកាសទ្រព្យសម្បត្តិម្តង”។

ដោយឡែកទាក់ទិននឹងការប្រកាសទ្រព្យសម្បត្តិនៅខែវិច្ឆិកាឆ្នាំ២០២៣នេះវិញត្រូវបានលោក សយ ច័ន្ទ វិចិត្របានឱ្យដឹងថា៖មានមន្ត្រីចំនួន ៤១៨ នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួល បានការតែងតាំងថ្មីចំនួន ៣៥៦នាក់ និងមន្ត្រី ៦២នាក់ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុលជាលើកចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារ-ចូលនិវត្តន៍ និងចប់អាណត្តិ ៕


អត្ថបទ៖ម៉ាដេប៉ូ,រូបភាព៖លោក ហេងសម្បត្តិ