ប្រធានរដ្ឋសភា កម្ពុជា-ឡាវ-វៀតណាម ប្តេជ្ញាក្នុងការពង្រឹងនិងពង្រីកបន្ថែម នូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូសភាឱ្យកាន់តែជិតស្និទ្ធថែមទៀតដើម្បីផលប្រយោជន៍រួម
(ភ្នំពេញ)៖ ប្រធានរដ្ឋសភានៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងនិងពង្រីកបន្ថែមទៀត នូវកិច្ចសហ ប្រតិបត្តិការ និងភាពជាដៃគូសភាឱ្យកាន់តែជិតស្និទ្ធថែមទៀតដើម្បីផលប្រយោជន៍រួម។ រដ្ឋសភាទាំងបីបានប្ដេជ្ញាអនុវត្ត តួនាទីតាមដាន ត្រួតពិនិត្យការអនុវត្តច្បាប់ និងចូលរួមដោះបញ្ហាប្រឈមដែលនៅសេសសល់ ដើម្បីជាប្រយោជន៍រួម របស់ប្រជាជនដែលកំពុងរស់នៅក្នុងតំបន់ CLV-DTA និងតំបន់ដ៏ទៃទៀត ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភា បន្ទាប់ពីដំណើរត្រឡប់មកមាតុប្រទេសវិញ របស់សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំគណប្រតិភូចូលរួមកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) លើក១ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ។

កិច្ចប្រជុំកំពូលសភា CLV លើកទី១ គឺជាការតម្លើងកម្រិតនៃកិច្ចប្រជុំរវាងសភាកម្ពុជា ឡាវ និងវៀតណាម ពីកម្រិត គណៈកម្មការជំនាញ មកដល់កម្រិតថ្នាក់ដឹកនាំរដ្ឋសភា ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងដែលប្រធានរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម បានឯកភាព និងចុះហត្ថលេខាកាលពីឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ក្នុងគោលដៅពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការសភា គាំទ្រដល់តំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) តាមរយៈការលើកកម្ពស់យន្តការសភា នៃប្រទេសទាំងបី ឱ្យកាន់តែមានភាពស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។

កិច្ចប្រជុំបានដំណើរតាមវិស័យក្នុងក្របខ័ណ្ឌគណៈកម្មការចំនួនបី គឺ ១.គណៈកម្មាធិការកិច្ចការបរទេស និង នយោបាយ ២.គណៈកម្មាធិការសេដ្ឋកិច្ច វប្បធម៌ និងសង្គម និង ៣.គណៈកម្មាធិការការពារជាតិ និងសន្តិសុខសាធារណៈ។ នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍ លើកឡើងថា ការពង្រឹងយន្តការសភា ក្នុងការចូលរួមដល់គម្រោងអភិវឌ្ឍន៍ CLV-DTA នាពេលនេះ គឺជាសក្ខីភាពមួយ បម្រើឱ្យគោលដៅជាយុទ្ធសាស្ត្រដែលឈរលើមូលដ្ឋាន នៃការគោរពគ្នា និងជឿទុកចិត្តគ្នាទៅវិញទៅមក ដែលនាំមកនូវ ផលប្រយោជន៍ជាច្រើន សម្រាប់ប្រជាជន នៃប្រទេសទាំងបី។

ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចរដ្ឋសភាធិបតី ប្រាថ្នាចង់ឃើញតំបន់ត្រីកោណអភិវឌ្ឍន៍ ដើរតួនាទីជាយុទ្ធសាស្ត្រ និងជាកត្តាជំរុញឱ្យមានការផ្លាស់ប្តូរ ក្នុងការតភ្ជាប់តំបន់ ឱ្យទៅជា មជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើក ដែលអាចទាក់ទាញវិនិយោគ គាំទ្រដល់បណ្តាញផលិតកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ នៅក្នុង មហាអនុតំបន់ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ស្របទៅនឹងភាពជាក់ស្ដែងថ្មីនៃសេដ្ឋកិច្ច ក្រោយពេលងើបឡើងវិញពី វិបត្តិនៃជំងឺកូវីដ-១៩ និងក្នុងបរិបទសកលមិនប្រាកដប្រជា។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានស្នើឱ្យមានការយកចិត្តទុកដាក់បន្ថែមក្នុងការជំរុញសេដ្ឋកិច្ចនៅក្នុងតំបន់ ត្រីកោណអភិវឌ្ឍន៍ ដែលសម្បូរទៅដោយធនធានធម្មជាតិ និងជីវៈចម្រុះយ៉ាងសម្បូរបែប ឈរលើគំនិតផ្តួចផ្តើម “ប្រទេសបី គោលដៅទេសចរណ៍តែមួយ” ការលើកកម្ពស់ពាណិជ្ជកម្មឌីជីថល ការបង្កើនសមត្ថភាព និងភាពធន៍នៃសហគ្រាសធុន តូចនិងមធ្យម (MSMEs) និងការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ CLV ស្របតាមចក្ខុវិស័យរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជននិងប្រជាជន នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួម។

តំបន់អភិវឌ្ឍន៍ត្រីកោណ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៩ ដោយប្រមុខដឹកនាំប្រទេសទាំងបី មានខេត្តចំនួន ១៣ ដែលក្នុងនោះប្រទេសកម្ពុជា មានចំនួន៤ខេត្ត រួមមាន ខេត្តរតគិរី មណ្ឌលគិរី ក្រចេះ និងខេត្តស្ទឹងត្រែង ចំណែក ប្រទេសឡាវ មានចំនួន៤ខេត្ត ហើយប្រទេសវៀតណាមមានចំនួន៥ខេត្ត។
តំបន់ត្រីកោណអភិវឌ្ឍន៍ជាប្រភពនៃសក្តានុពល សេដ្ឋកិច្ច ទេសចរណ៍ និងវប្បធម៌។ កិច្ចប្រជុំកំពូលសភា CLV បានវាយតម្លៃខ្ពស់លើសមិទ្ធផលទាំងឡាយដែលរដ្ឋាភិបាល ប្រទេសទាំងបីបានសម្រេចនាពេលកន្លងមក ទាំងបទដ្ឋានគតិយុត្តិ គោលនយោបាយ និងការអភិវឌ្ឍជាក់ស្តែងនៅក្នុង តំបន់ CLV-DTA។ នៅក្នុងរយៈពេលពីរថ្ងៃមកនេះ កិច្ចប្រជុំបានពិភាក្សា ផ្លាស់ប្តូរយោបល់ ទស្សនៈគ្នា ស្ដាប់របាយការណ៍ពី ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធដែលបានអញ្ជើញមកពីប្រទេសកម្ពុជា ឡាវ និងវៀតណាម។
សូមបញ្ជាក់ផងដែរថា ៖ នៅឆ្នាំ២០២៥ រដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងទទួលធ្វើ ជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលសភា CLV លើកទី២ ៕
អត្ថបទ ៖ គ្រី សម្បត្តិ រូបភាព ៖ ហេង សម្បត្តិ
