អ្នកកាសែតនៅហុងកុង បង្ហាញការបារម្ភជាថ្មី បន្ទាប់ពីករណីបាត់ខ្លួនអ្នកសារព័ត៌មាន នៅក្នុងប្រទេស ចិន

ហុងកុង៖អ្នកកាសែតហុងកុង បានសម្ដែងការព្រួយបារម្ភជាថ្មីចំពោះករណីដាច់ការទាក់ទង អ្នកកាសែតពីរនាក់ ដែលបម្រើការនៅសារព័ត៌មាន South China Morning Post ជាភាសាអង់គ្លេស ក្នុងអំឡុងពេលពួក គេទៅបំពេញការងារនៅប្រទេសចិន។ ទាក់ទិននឹងករណីនេះដែរ សាធារណជន បានដាក់ការ សន្និដ្ឋាន ថា ពួកគេត្រូវបានចាប់ខ្លួនដោយអាជ្ញាធរចិន។
 
បើយោងតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន ម្នាក់ក្នុងចំណោមអ្នកកាសែតដែលបាន បាត់ខ្លួន មានឈ្មោះថា Minnie Chan។អ្នកកាសែតរូបនេះ ធ្វើការនៅសារព័ត៌មាន South China Morning Post ដែលមានស្នាក់ការមូលដ្ឋាននៅហុងកុង និងជាអ្នកដែលតាមដានរឿងសន្តិសុខ និងយោធារបស់ចិន។
 
អ្នកស្រី Minnie Chan បានបាត់ការទាក់ទងក្នុងអំឡុងពេលធ្វើទស្សនកិច្ចការងារនៅទីក្រុងប៉េកាំង កាលពីជាងមួយខែមុន។ យ៉ាងណាមិញ លោកស្រីគឺជាអ្នកកាសែតទី២របស់សារព័ត៌មាន South China Morning Post ដែលបានបាត់ខ្លួន ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។
 
អ្នកយកព័ត៌មានម្នាក់ទៀត ដែលសរសេរព័ត៌មានការទូត និងការពារជាតិរបស់ចិន ជាភាសាអង់គ្លេស ក៏មិនអាចទាក់ទងបានអស់រយៈជាច្រើនខែ ក្នុងឆ្នាំ ២០២២។ ប៉ុន្តែអ្នកយកព័ត៌មានរូបនោះក៏បាន ត្រឡប់មកកាន់ប្រទេសហុងកុង និងនៅតែបន្តធ្វើការងារក្នុងវិស័យសារព័ត៌មាន។
 
ថ្វីត្បិតថាបន្តធ្វើការក្នុងវិស័យសារព័ត៌មានក៏ពិតមែន តែចាប់តាំងពីពេលនោះមក គេមិនទាន់បាន ឃើញ រូបគេរាយ ការណ៍ព័ត៌មានឡើងវិញនៅឡើយ។
 
ចំពោះមុខនៃបញ្ហានេះ ប្រធានសមាគមអ្នកកាសែតនៅហុងកុង លោក Ronson Chan បានឱ្យដឹងថា លោកមានការភ្ញាក់ ផ្អើលជាខ្លាំងអំពីព័ត៌មាននៃការបាត់ខ្លួនខាងលើ ប៉ុន្តែយ៉ាងណាលោកសង្ឃឹមថា អ្នក កាសែត ផ្សេងទៀត រក្សាភាពស្ងប់ស្ងាត់ និងដោះស្រាយដោយសន្តិវិធី។
 
លោក Ronson Chan ក៏បានបន្ថែមដែរថា៖ «អ្នកសារព័ត៌មាននៅហុងកុង និងនៅចិនដីគោក សុទ្ធតែបានដឹងច្បាស់ថា បើសិនជាពួកគេចង់រាយការណ៍ព័ត៌មានដោយឯករាជ្យ ពួកគេនឹងត្រូវប្រ ឈមមុខនឹងហានិភ័យមួយចំនួន ព្រោះវាមិនមែនជារឿងងាយស្រួលទេសម្រាប់វិស័យសារព័ត៌មាន នៅប្រទេសចិនសព្វថ្ងៃនេះ»។
 
ដោយឡែក ព័ត៌មានអំពីការបាត់ខ្លួនអ្នកកាសែតទាំងពីរខាងលើនេះបានធ្វើឱ្យមានការព្រួយបារម្ភ ទៅដល់អ្នកផ្សេងទៀត ដែលកំពុងតែធ្វើការនៅ South China Morning Post  ក៏ដូចជាអ្នកកាសែត ផ្សេងទៀតដែលមានមូលដ្ឋាននៅទីក្រុងហុងកុង ដែលរាយការណ៍អំពីប្រទេសចិនដីគោក។
 
អ្នក កាសែត ហុងកុង ម្នាក់សុំមិនបញ្ចេញឈ្មោះ បាន និយាយ ថា ៖ « ក្នុង នាម ជា អ្នក យក ព័ត៌មាន ក្នុង ស្រុក ខ្ញុំ មាន អារម្មណ៍ ថា អស់ សង្ឃឹមជាខ្លាំង ចំពោះការបាត់ខ្លួនជាបន្តបន្ទាប់របស់អ្នកកាសែតបែបនេះ»។
 
អ្នកកាសែតរូបនេះបានគូសបញ្ជាក់ទៀតថា ការព្រួយបារម្ភអំពីការចាប់ខ្លួន ដោយសារតែការរាយ ការណ៍របស់យើង ជាបញ្ហាដែលចាក់ស្រេះក្នុងចំណោមអ្នកកាសែតនៅហុងកុងជាច្រើនឆ្នាំមកហើយ បូកផ្សុំជាមួយករណីថ្មីនេះផង វាកាន់តែធ្វើឱ្យការព្រួយបារម្ភកាន់តែកើនឡើង៕
ប្រែសម្រួល៖ កែវ បុស្បា

ads banner