លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមជាមួយសម្តេច ម៉ែន សំអន អញ្ជើញ​ចូលរួម ក្នុងព្រឹត្តិការណ៍រំលឹកគុណអង្គរ នៅបរិវេណខាងមុខស្ពាន​ហាល​ខាង​លិច​ប្រាសាទអង្គរវត្ត

(សៀមរាប)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ អញ្ជើញចូលរួម ក្នុងព្រឹត្តិការណ៍រំលឹកគុណអង្គរ នៅបរិវេណខាងមុខស្ពានហាលខាងលិចប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី០៧ ធ្នូ ២០២៣។

ព្រឹត្តិការណ៍រំលឹកគុណអង្គរ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងសំខាន់គឺ ដើម្បីអបអរសាទរការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីបេតិកភ័ណពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ និងដើម្បីរំលឹកគុណដល់បុព្វការីជនគ្រប់ជំនាន់ ព្រះមហាក្សត្រជំនាន់មុនគ្រប់ព្រះអង្គ ដែលបានកសាងប្រាង្គប្រាសាទនានា បន្សល់ទុកនូវសម្បត្តិបេតិកភ័ណ្ឌសិល្បៈ និងវប្បធ៌មជាច្រើនទៀត ជាគុណប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ចដល់ប្រជាជនកម្ពុជា នាពេលកន្លងមក បច្ចុប្បន្ន និងទៅអនាគត។

តាមរយៈក្រសួងវប្បធម៌ លោក ឡុង កុសល អគ្គនាយករង អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ពិធីរំលឹកគុណអង្គរ រៀបចំឡើងរយៈពេល ១០ថ្ងៃ ដោយចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី ១៦ ខែធ្នូ ដែលមានប្រារព្ធកម្មវិធី សាសនា ស្ដង់ពិព័រណ៍ និងការសម្ដែងសិល្បៈ បុរាណ នៅពេលរាត្រី ។ បន្ទាប់ពីមានពិធីបួងសួងព្រឹត្តិការណ៍ រំលឹកគុណអង្គរ នៅបរិវេណ មុខ ប្រាសាទអង្គរវត្ត រួចហើយក៏មានពិធីរាប់បាតព្រះសង្ឃផងដែរ ។

លោក បញ្ជាក់ថា នៅថ្ងៃបន្តបន្ទាប់ មាននូវទស្សនីយភាពជាច្រើន ដូចជាកម្មវិធីបែប សាសនា សំខាន់ៗការតាំងពិព័រណ៍ បង្ហាញសមិទ្ធផលការងារ រយៈពេល ៣១ឆ្នាំកន្លង មក របស់អាជ្ញាធរជាតិអប្សរា ស្នាដៃសិល្បៈ ជាច្រើន ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌ អរូបី នៃអង្គការយូណេស្កូ និង ក្បួនព្យុះហយាត្រា របស់សិស្សានុសិស្ស ចំនួនជាង ១០០០នាក់ ក្រោមពាក្យស្លោក អរគុណ អង្គរ និង អរគុណ សន្តិភាព » ។

សូមបញ្ជាក់ថា ក្រៅពីនេះ ក៏មានការសម្តែងសិល្បៈ ល្ខោនយីកេ ការសម្តែងសិល្បៈ ល្ខោនស្រមោលល្បែកធំ ផងដែរ ហើយរាល់កម្មវិធីសាសនា និង សិល្បៈ ទស្សនីយភាព ទាំងអស់នឹងបើកជាសាធារណៈចូលទស្សនាដោយសេរី ។

គួររំលឹកដែរថា នេះជាឆ្នាំទី៣ហើយ ដែលអាជ្ញាធរជាតិអប្សរា បានរៀបចំព្រឹតិ្តការណ៍ រំលឹកគុណអង្គរនេះ ខណៈដែលព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងដើម្បី រំលឹកគុណអង្គព្រះមហាក្សត្រ គ្រប់ព្រះអង្គ និង បុព្វការីជន ដែលលោកបានកសាង និង ថែរក្សាប្រាសាទទាំងអស់ នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ ជាច្រើនដល់ជាតិ មាតុភូមិ តាំងពីដើមរហូតដល់សព្វថ្ងៃ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ ថេត វិចិត្រ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner