ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា គាំទ្រ និងជំរុញការផ្សព្វផ្សាយព័ត៌មាន នូវព្រឹត្តការណ៍ នៃការរៀបចំពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជាអន្តរជាតិ លើកទី១៥ នៅកម្ពុជា
(ភ្នំពេញ) ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានឯកភាពគាំទ្រ និងសហការក្នុងការផ្សព្វផ្សាយព័ត៌មាន ដើម្បីអោយសាធារណជនបានដឹងបានទូលំទូលាយ នូវព្រឹត្តការណ៍ នៃការរៀបចំពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជាអន្តរជាតិ លើកទី១៥ នាចុងខែមីនា ឆ្នាំ២០២៤ ។
ឯកឧត្តម រដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍មួយចំនួន ដល់សមាគមសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការងាររៀបចំប្រព្រឹត្តទៅបានល្អ ដោយត្រូវមានកិច្ចសហការគាំទ្រ ពីក្រសួងស្ថាប័នពាក់ពន្ធ័ ពិនិត្យពិភាក្សា វាយតំលៃដើម្បីអោយកិច្ចការបានជោគជ័យ។
ប្រសាសន៍គាំទ្រ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ធ្វើឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអនុញ្ញាតឱ្យ លោក ឆាយ ស៊ីណាត អគ្គលេខាធិការសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានគោរពស្នើសុំអនុសាសន៍ពី ឯកឧត្តមរដ្ឋមន្រ្តី ដើម្បីត្រៀមរៀបចំការតាំង ពិព័រណ៍គ្រឿង អលង្ការ និងត្បូង មាន តម្លៃកម្ពុជា-អន្តរជាតិ លើកទី១៥ នាឆ្នាំ២០២៤ ខាងមុខនេះ ដែលនឹងមានការអញ្ជើញចូលរួមពី អាជីវករ ក្រុមហ៊ុនគ្រឿងអលង្ការ និងបណ្តាក្រុមហ៊ុនដូចជា វិស័យធនាគារ វិស័យរថយន្ត វិស័យទូរស័ព្ទ វិស័យអចលនទ្រព្យ និងវិស័យពាក់ព័ន្ធផ្សេងៗ ។
លោក ឆាយ ស៊ីណាត បានជម្រាបជូនថា ក្រោយការខកខានក្នុងការរៀបចំពិព័រណ៍អស់រយៈពេល ៤ឆ្នាំ ដោយសារជំងឺកូវីដ នាពេលកន្លងមក បានសម្រេចរៀបចំពិព័រណ៍សារជាថ្មី ក្នុងខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ ដើម្បីបង្ហាញសក្តានុពល ក៏ដូចចូលរួមទាក់ទាញអ្នកនិយោគទុន និងភ្ញៀវបរទេស មកពីបណ្ដាប្រទេសជាច្រើន អញ្ជើញមកចូលរួមពិព័រណ៍នេះ ។ ក្រៅពីការតាំងពិព័រណ៍ ក៏មានការរៀបចំកម្មវិធីដេញថ្លៃម្កុដ របស់កម្មវិធីនារីឯកគ្រឿងអលង្ការ និងត្បូងអន្តរជាតិ ។
កម្ពុជា ជាប្រទេសមួយក្នុងចំណោមគោលដៅត្បូងធម្មជាតិមានតម្លៃដ៏ល្បីល្បាញ របស់ពិភពលោក បានត្រៀមខ្លួនរួចជាស្រេចក្នុងការលើកកម្ពស់ និងអភិវឌ្ឍតាមរយៈ “ពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជាអន្តរជាតិ” ដែលជាព្រឹត្តិការណ៍ ពាណិជ្ជកម្ម ដ៏លេចធ្លោរបស់ប្រទេសកម្ពុជាដូចកាលពីមុន។ ព្រឹត្តិការណ៍នេះ ពីដំបូងស្ថិតក្រោមការគ្រប់គ្រង និងរៀបចំដោយក្រសួងពាណិជ្ជកម្ម កម្ពុជា ដែលចាប់ផ្តើមឡើងតាំងពីឆ្នាំ២០០៩ និងជាបន្តបន្ទាប់ដោយទទួលបានជោគជ័យជាលំដាប់ពីមួយលើកទៅមួយលើក។ ដោយការរីកចម្រើន និងការអភិវឌ្ឍន៍របស់ប្រទេសជាតិ កើនឡើងជាលំដាប់ ក្រសួងក៏បានប្រគល់ ការគ្រប់គ្រងព្រឹត្តិការណ៍នេះទាំងស្រុងបន្តមកអោយ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ចាប់តាំងពីឆ្នាំ២០១៥ រហូតមកដល់ពេលបច្ចុប្បន្ន ។
ប្រភេទទំនិញតាំងពិព័រណ៍៖ គ្រឿងអលង្ការពេជ្រ គ្រឿងអលង្ការប្រណិត គ្រឿងអលង្ការមាស ប្រាក់ ត្បូង គ្រឿងអលង្ការចម្រុះ គ្រឿងអលង្កាធ្វើដោយដៃ មាស ផ្លាទីន ប្រាក់ ពេជ្រ ត្បូងទទឹម ត្បូងកណ្តៀង ត្បូងមរកត គ្រីស្តាល់ ពេជ្រចម្រុះពណ៌ ឧបករណ៍កែច្នៃ ម៉ាស៊ីនកែច្នៃ សម្ភារៈវេចខ្ចប់ អាជីវកម្មពាក់ព័ន្ធគ្រឿង អលង្ការ និងសេវាកម្មពាក់ព័ន្ធជាច្រើនផ្សេងទៀត ៕
រូបវិដេអូ រិន រចនា អត្តបទ ង៉ាន់ ទិត្យ




