ណូវែលសេឡង់ ផ្តល់នូវហិរញ្ញប្បទានបន្ថែមជាង ៣,១ លានដុល្លារអាមេរិក ក្នុងគម្រោងបោសសម្អាតមីន
ភ្នំពេញ៖ រដ្ឋាភិបាលនៃប្រទេសណូវែលសេឡង់បានផ្តល់នូវហិរញ្ញប្បទានបន្ថែមជាង ៣,១ លានដុល្លារអាមេរិកក្នុងគម្រោងបោសសម្អាតមីនដែលតាមរយៈគម្រោងនេះអាជ្ញាធរមីន បាននិងកំពុងរៀបចំផែនការបោសសម្អាតមីនក្នុងខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ប្រព្រឹត្តទៅនៅខេត្តបន្ទាយមានជ័យ រវាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)តំណាងដោយលោកស្រី Alissar Chaker ប្រធានUNDP ប្រចាំកម្ពុជា និងក្រសួងការបរទេសនិងពាណិជ្ជកម្មនៃប្រទេសណូវែលសេឡង់ តំណាងដោយលោក Jonathan Kings ឯកអគ្គរាជទូតណូវែលសេឡង់ប្រចាំកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងនៅថ្ងៃទី៧ ខែធ្នូថា រដ្ឋាភិបាលនៃប្រទេសណូវែលសេឡង់ បានផ្តល់នូវហិរញ្ញប្បទានបន្ថែមចំនួន ៥ លានដុល្លារណូវែលសេឡង់ ដែលស្មើនឹងប្រមាណជាង ៣,១ លានដុល្លារអាមេរិក ក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ដែលសម្របសម្រួលដោយអង្គការ UNDP។
លោកបានបញ្ជាក់ថា តាមរយៈគម្រោងនេះ អាជ្ញាធរមីន បាននិងកំពុងរៀបចំផែនការបោសសម្អាតមីនក្នុងខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ ដែលកាលពីឆ្នាំ២០២១ ប្រទេសណូវែលសេឡង់ ក៏បានផ្តល់ហិរញ្ញប្បទានដល់គម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ចំនួន ៣,៨ លានដុល្លារអាមេរិក»។
យោងតាមអាជ្ញាធរមីន លោក Jonathan Kings ឯកអគ្គរាជទូតណូវែលសេឡង់ ក៏បានលើកឡើងឱ្យដឹងដែរថា សកម្មភាពមីននៅកម្ពុជាពិតជាមានផលវិជ្ជមានដល់ប្រជាពលរដ្ឋកម្ពុជា។ លោកក៏បានកោតសរសើរកម្ពុជាដែលបានបំពេញការងារយ៉ាងល្អក្នុងកិច្ចសង្គ្រោះជនរងគ្រោះ និងការបញ្ជ្រាបយេនឌ័រចូលរក្នុងសកម្មភាពមីន។

លោកបានបញ្ជាក់ថា ដើម្បីសម្រេចបានគោលដៅរួម វាទាមទារឱ្យមានកិច្ចសហប្រតិបត្តិការខ្ពស់ ហើយទោះបីជាកម្ពុជាសម្រេចបានសមិទ្ធផលគួរជាទីកត់សម្គាល់ កម្ពុជានៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើដើម្បីធានាសម្រេចបានគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥ ។
ជាមួយគ្នានោះដែរ លោកស្រី Alissar Chaker ក៏បានថ្លែងកោតសើរការដឹកនាំរបស់អាជ្ញាធរមីនក្នុងសកម្មភាពមីន ដែលក្នុងនោះ អាជ្ញាធរមីនបានបញ្ច្រាបយេនឌ័រទៅក្នុងសកម្មភាពមីន និងអនុវត្តស្របតាមរបៀបវារៈឆ្នាំ២០៣០ ដោយមិនទុកនរណាម្នាក់ចោលនោះឡើយ។
លោកស្រីបានបញ្ជាក់ថា សកម្មភាពមីន ជាសកម្មភាពកសាងជីវិតរបស់ប្រជាជនឡើងវិញ ហើយ UNDP ប្តេជ្ញាបន្តគាំទ្រសកម្មភាពមីននៅកម្ពុជា តាមរយៈអាជ្ញាធរមីន ។
នាឱកាសនោះដែរ ក្នុងនាមនាយករដ្ឋមន្រ្តីនៃកម្ពុជាឯកឧត្តម លី ធុជ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសណូវែលហ្សឺឡង់ដែលបានផ្តល់ការគាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា។

យោងតាមអាជ្ញាធរមីន ចាប់ពីឆ្នាំ១៩៩២ ដល់ខែមិថុនា ឆ្នាំ២០២៣នេះ កម្ពុជាបានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រាប់បញ្ចូលទាំងគ្រាប់បែកចង្កោម ក្នុងទំហំផ្ទៃដីចំនួន ២ ៧៦១ គីឡូម៉ែត្រក្រឡា ដែលផ្ទៃដីទាំងនេះត្រូវបានយកមកប្រើប្រាស់សម្រាប់វិស័យកសិកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់លំនៅឋាន និងគោលបំណងសេដ្ឋកិច្ច-សង្គមដទៃទៀត។
មន្រ្តីជាន់ខ្ពស់នៃអាជ្ញាធរមីន ជឿជាក់ថា បញ្ចប់ឆ្នាំ២០២៣ខាងនេះ ផ្ទៃដីបោសសម្អាតរួចនឹងកើនឡើងរហូតដល់ ២ ៩៥០ គីឡូម៉ែត្រក្រឡា៕ ដោយ៖ នាង សុគន្ធា