អាមេរិកបន្តផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បន្ថែមទៀតចំនួន ៣០២.៤០០ដូស ជូនដល់កម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈយន្តការកូវ៉ាក់ដែលជាយន្តការចែកចាយវ៉ាក់សាំង និងដឹកនាំដោយយូនីសេហ្វ(UNICEF) បានផ្តល់វ៉ាក់សាំងកូវីដ១៩ ប្រភេទ Pfizer ចំនួន ៣០២.៤០០ដូស ជូនរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសុខាភិបាល ដើម្បីជំរុញដល់កិច្ចខិតខំប្រែងប្រែងរបស់កម្ពុជាក្នុងការផ្តល់វ៉ាក់សាំងជូនពលរដ្ឋដោយឥតគិតថ្លៃ។

ពិធីប្រគល់វ៉ាក់សាំងជាផ្លូវការបានប្រព្រឹត្តឡើងនៅឃ្លាំងឱសថកណ្ដាលកាលពីថ្ងៃទី ៦ខែធ្នូ ឆ្នាំ ២០២៣ ក្រោមអធិបតីភាពរវាងនាយិកាបេសកកម្មរបស់ USAID លោកស្រី Kerry Pelzman និងលោកជំទាវ យ៉ក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងមានវត្តមានរបស់លោក អានៀរបាន ឆាតឺរជី នាយករងរយូនីសេហ្វ។

សេក្តីប្រកាសព័ត៌មានរួមរវាងUSAID និង UNICEF បានគូសបញ្ជាក់ថា៖«អំណោយនេះបញ្ជាក់អំពីព្រឹត្តិការណ៍សំខាន់មួយទៀតនៅក្នុងភាពជាដៃគូជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិកនិងប្រទេសកម្ពុជាក្នុងការប្រយុទ្ធនឹងការរាតត្បាតនៃជំងឺកូវីដ១៩ និងការស្ដារឡើងវិញពីផលប៉ះពាល់នៃជំងឺរាតត្បាតនេះមកលើប្រព័ន្ធសុខាភិបាលកម្ពុជា»។

លោកស្រី Kerry Pelzman នាយិកាបេសកកម្មរបស់ USAID បានថ្លែងថា សហរដ្ឋអាមេរិកគឺជាដៃគូដ៏សំខាន់ក្នុងការគាំទ្រការប្រយុទ្ធប្រឆាំង និងស្តារឡើងវិញថ្នាក់ជាតិរបស់កម្ពុជាទៅនឹងជំងឺ រាតត្បាតកូវីដ។ការបន្តកិច្ចគាំទ្ររបស់យើងដល់ការប្រយុទ្ធប្រឆាំង និងស្តារឡើងវិញពីជំងឺរាតត្បាតកូវីដនេះ គឺបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តគាំទ្រយូរអង្វែងដល់ប្រព័ន្ធសុខាភិបាល និងសុខមាលរបស់ប្រទេស និងប្រជាជនកម្ពុជា។

សេចក្តីប្រកាសដដែលនេះបន្តថា ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រឥតប្រែប្រួលដល់កម្មវិធីផ្តល់វ៉ាក់សាំងរបស់ប្រទេសកម្ពុជា។ រួមទាំងវ៉ាក់សាំងដែលបានផ្តល់នៅថ្ងៃនេះ សហរដ្ឋអាមេរិកបានផ្តល់វ៉ាក់សាំងមកប្រទេសកម្ពុជាតាមរយៈយន្តការកូវ៉ាក់ចំនួនជាង ៣,៣ លានដូស។

លោក អានៀរបាន ឆាតឺរជី នាយករងរយូនីសេហ្វ មានប្រសាសន៍ផងដែរថា៖« យូនីសេហ្វឆ្ពោះទៅរកការគ្របដណ្តប់ផ្នែកសុខាភិបាលជាសកល ដើម្បីអនាគតមួយដែលកាន់តែមានសុខភាពល្អ និងសុវត្ថិភាពសម្រាប់ប្រជាជនគ្រប់រូបនៅកម្ពុជា»។

សេចក្តីប្រកាសរួមបញ្ជាក់ថា៖«ប្រទេសកម្ពុជាបានសម្រេចនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៅក្នុងយុទ្ធនាការផ្តល់វ៉ាក់សាំងរបស់ខ្លួន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ហើយកម្ពុជានៅតែជាប្រទេសមួយក្នុងចំណោមប្រទេសនានា ដែលមានអត្រាទទួលវ៉ាក់សាំងកូវីដ១៩ ខ្ពស់បំផុត។ ជាង ៩៥ភាគរយនៃប្រជាពលរដ្ឋរបស់ប្រទេសនេះ ដែលមានអាយុលើសពី៣ឆ្នាំ បានទទួលវ៉ាក់សាំងពេញលេញ»។

យោងក្រសួងសុខាភិបាល នាឱកាសនោះដែរលោកជំទាវ យ៉ក់ សម្បត្តិ បានពាំនាំនូវសេចក្តីថ្លែងអំណរគុណរបស់ប្រមុខរាជរដ្ឋាភិបាល ដល់អង្គការ UNICEF និងអង្គការ USAID ដែលបានផ្តល់ជាអំណោយវ៉ាក់សាំងកូវីដ១៩ តាមរយៈយន្តការ COVAX។ លោកស្រីក៏បានបានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងសុខាភិបាល ក្នុងការឆ្លើយតប និងទប់ស្កាត់ជំងឺកូវី១៩ និងជំងឺឆ្លងរាតត្បាតផ្សេងៗទៀត ទទួលបានជោគជ័យនាពេលកន្លងមក ដោយមានការចូលរួមចំណែកពីដៃគូអភិវឌ្ឍន៍នានា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលនៅកម្ពុជា។

បើតាមសេចក្តីប្រកាសព័ត៌មានរួម ការគាំទ្ររបស់សហរដ្ឋអាមេរិកមកកាន់ប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០២០មក ក៏បានជួយពង្រឹងប្រព័ន្ធសុខាភិបាលរបស់កម្ពុជាសម្រាប់បំពេញនូវតម្រូវការអនាគត ដូចជាតាមរយៈភាពជាដៃគូរវាង USAID និងយូនីសេហ្វ បានពង្រីកការផ្គត់ផ្គង់ប្រព័ន្ធអុកស៊ីហ្សែនសម្រាប់មណ្ឌលសុខភាព ដើម្បីធានាឱ្យមានអ៊ុកស៊ីហ្សែនសម្រាប់ការសង្គ្រោះជីវិតអ្នកជំងឺដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

លើសពីការងារកូវីដ១៩ USAID បន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ក្នុងការពង្រឹងប្រព័ន្ធថែទាំសុខភាព និងសេវានានា ដើម្បី លើកកម្ពស់សេវាថែទាំមាតា និងទារក សុខភាពកុមារ និងបន្តពូជ ប្រយុទ្ធនឹងជំងឺឆ្លង និងពង្រឹងគុណភាពនៃសេវាថែទាំសុខភាពទូទៅ។
ការងារទាំងនេះរួមមានការគាំទ្រការពង្រឹងសមត្ថភាពសន្តិសុខសុខភាព ដើម្បីបង្ការ ត្រៀមខ្លួនទុកមុន និងឆ្លើយតបនឹងការគំរាមកំហែងនៃជំងឺឆ្លងនានានៅពេលអនាគត។

ក្នុងសេចក្តីប្រកាសព័ត៌មានរំលេចថា៖«យូនីសេហ្វ បន្តធ្វើការងារជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងគុណភាព និងលទ្ធភាព ទទួលបានសេវាថែទាំមាតា និងទារក សម្រាល សុខភាពកុមារ និងអាហារូបត្ថម្ភ ជាពិសេសសម្រាប់ប្រជាជន ដែលងាយរងគ្រោះបំផុត»៕ ដោយ៖ សុខ រក្សា

ads banner