ស្ថាប័នពាក់ព័ន្ធ កំពុងបង្កើតក្រុមការងារស្នូលទទួលបន្ទុកផ្គត់ផ្គង់ទឹកស្អាត ដែលគិតគូរដល់អាហារូបត្ថម្ភ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងស្ថាប័នពាក់ព័ន្ធ បានបើកកិច្ចប្រជុំរួមគ្នា ដើម្បីឈានទៅពន្លឿនការរៀបចំបង្កើតក្រុមការងារស្នូលឱ្យបានឆាប់បំផុត ដែលក្រុមការងារនេះទទួលបន្ទុកកិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភនៅកម្ពុជាឱ្យកាន់តែប្រសើរ។

កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ក្រោមជាតិខាងលើនេះ បានរៀបចំឡើងនៅខេត្តក្រចេះកាលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពីក្រុមការងារថ្នាក់ជាតិដែលជាសមាជិកអនុក្រុមការងារបច្ចេកទេស ទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ ថ្នាក់ដឹកនាំខេត្ត មន្ទីរពាក់ព័ន្ធ អង្គការដៃគូពាក់ព័ន្ធនៅក្នុងខេត្តក្រចេះ ស្ទឹងត្រែង និងរតនគិរី។

នាឱកាសនោះ លោក ជា សំណាង អនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាសហប្រធានអនុក្រុមការងារបច្ចេកទេសទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ បានឱ្យដឹងថា កិច្ចប្រជុំនេះ ក្នុងគោលបំណងដើម្បីធ្វើការប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយជាមួយមន្ទីរគ្រប់វិស័យ ដៃគូ អង្គការពាក់ព័ន្ធ លើការរៀបចំសេចក្តីព្រាងឯកសារបង្កើតក្រុមការងារស្នូលទទួលបន្ទុកសម្របសម្រួលកិច្ចអន្តរាគមន៍សេវាផ្គត់ផ្គង់ទឹកស្អាត អនាម័យ និងអាហារូបត្ថម្ភ។

លោកបន្តថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងចំនួនបីតំបន់ រួមមាន លើកទី១ នៅខេត្តកំពត ដែលមានខេត្តតាកែវ និងខេត្តកែប ចូលរួម។ លើកទី២ នៅខេត្តក្រចេះ ដែលមានខេត្តស្ទឹងត្រែង និងខេត្តរតនគិរី និងលើកទី៣ នៅខេត្តសៀមរាប ដែលមានខេត្តកំពង់ធំ និងខេត្តព្រះវិហារ។ កិច្ចប្រជុំនេះ បានពិភាក្សាលើចំនុច២សំខាន់ៗគឺ១ ការកំណត់សមាសភាពថ្នាក់ខេត្ត ដែលចូលរួមក្នុងក្រុមការងារស្នូល និង២ តួនាទី និងភារកិច្ច។

លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ បានលើកឡើងថា បច្ចុប្បន្នបញ្ហាអាហារូបត្ថម្ភសុវត្ថិភាពម្ហូបអាហារ ទឹកស្អាត និងអនាម័យ នៅតែមានផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ សង្គមជាតិ សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងកូនចៅជាអន្តរជំនាន់។ លោកបន្តថា ហេតុដូច្នេះ យើងត្រូវរួមសហការអនុវត្តទាំងអស់គ្នា ទាំងថ្នាក់ជាតិ ថ្នាក់អន្តរជាតិ និងសកលលោក និងបង្កើតឱ្យមានក្រុមការងារស្នូល ដើម្បីធ្វើការកាត់បន្ថយបញ្ហាអាហារូបត្ថម្ភ បញ្ហាប្រព័ន្ធសុវត្ថិភាពស្បៀង ហើយនិងធានាឱ្យបាននូវការលើកកម្ពស់ស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភ សុវត្ថិភាពម្ហូបអាហារ ទឹកស្អាតនៅកម្ពុជា។

តាមទិន្នន័យផ្លូវការរបស់អង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជា( CDHS) ឆ្នាំ២០២២ បានបង្ហាញឱ្យឃើញថា អត្រាក្រិះក្រិនកុមារក្រោមអាយុ៥ឆ្នាំ បានធ្លាក់ចុះចំនួន១០ភាគរយ ពោលពី ៣២ភាគរយ នៅឆ្នាំ២០០៤ មកត្រឹម២២ភាគរយនៅឆ្នាំ២០២២។ ប៉ុន្តែអត្រាក្រិសក្រិននៅតែមានតួរលេខខ្ពស់បើប្រៀបធៀបនឹងប្រទេសក្នុងតំបន់។ ជាងនេះទៀត អាត្រាស្គមស្គាំង ហាក់នៅទ្រឹង ក្នុងរយៈពេល១០ឆ្នាំ គឺនៅត្រឹម១០ភាគរយ គិតចាប់ពីឆ្នាំ២០១៤ មកដល់២០២២។ តាមរយៈការសិក្សាស្រាវជ្រាវខាងលើ ក៏បានបង្ហាញដែរថា កត្តាកង្វះអនាម័យជាផ្នែកមួយនាំឱ្យកុមារទៅរកបញ្ហាអាហារូបត្ថម្ភ៕ ដោយ៖ បូរ ពេជ្រហ្សាលីន

ads banner