ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែងខេត្តសៀមរាប
សៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែងខេត្តសៀមរាប នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ។
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា នៅទីនេះ យើងធ្លាប់បានទទួលស្វាគមន៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាច្រើនលើក អញ្ជើញមកសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តមករស់នៅតំបន់រុនតាឯក និងពាក់ស្នែង ដើម្បីទទួលបានកម្មសិទ្ធិលើដីធ្លី និងលំនៅឋានស្របច្បាប់ ព្រមទាំងទទួលបាននូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តគ្រប់គ្រាន់ និងសេវាចាំបាច់ផ្សេងៗសម្រាប់ការរស់នៅ ផ្តល់ដោយរដ្ឋ ដោយមានការត្រួតពិនិត្យ និងសម្របសម្រួល ពីក្រុមការងារចម្រុះរបស់រាជរដ្ឋាភិបាល ដែលនឹងធ្វើឱ្យជីវភាពបងប្អូនប្រជាពលរដ្ឋក្នុងតំបន់នេះកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
ការស្ម័គ្រចិត្តមកតាំងទីលំនៅក្នុងតំបន់អភិវឌ្ឍន៍ទាំងពីរនេះ គឺជាកាយវិការដ៏ថ្លៃថ្លាប្រកបដោយការទទួលខុសត្រូវ និងមនសិការជាតិដ៏ខ្ពង់ខ្ពស់របស់បងប្អូនទាំងអស់ ក្នុងនាមជាពលរដ្ឋកម្ពុជាប្រកបដោយវប្បធម៌ដ៏ឧត្តុង្គឧត្តម ដែលមិនត្រឹមតែគិតគូរពីអនាគតដ៏ល្អប្រសើរ ផ្ទាល់ខ្លួនប៉ុណ្ណោះទេ ថែមទាំងយល់ដឹងអំពីករណីយកិច្ចពលរដ្ឋចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបំពេញកាតព្វកិច្ចថែរក្សារមណីយដ្ឋានអង្គរ ដែលជាមរតកដ៏មានតម្លៃពីដូនតាខ្មែរ ឱ្យបានគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង និងជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាបេតិកភណ្ឌរបស់មនុស្សជាតិផងដែរ ដូចដែល សម្តេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា ធ្លាប់បានប្រៀបប្រដូច រមណីយដ្ឋានអង្គរ ទៅនឹង “មេមាន់ពងមាស” ។
ឯកឧត្តម សូមវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញភារកិច្ចរៀបចំទីតាំង កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សំខាន់ៗ ដូចជា ទីផ្សារ សាលារៀន មណ្ឌលសុខភាព វត្តអារាម ទឹកស្អាត ប្រព័ន្ធអគ្គិសនី ប្រព័ន្ធលូ និងសំណង់សាធារណៈផ្សេងៗ ជាបន្តបន្ទាប់ ព្រមទាំងការផ្តល់បណ្ណកម្មសិទ្ធិដីធ្លី ដើម្បីគាំទ្រដល់ សុខុមាលភាព និងជីវភាពរស់នៅល្អប្រសើររបស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ទាំងពីរនេះ។
ទន្ទឹមនឹងនេះ យើងក៏ត្រូវទទួលស្គាល់ថា នៅមានកិច្ចការជាច្រើនទៀត ដែលត្រូវបន្តអនុវត្តទៅតាម អាទិភាពជាបន្តបន្ទាប់ សំដៅសម្រេចឱ្យបាននូវចក្ខុវិស័យ និងផែនការដែលបានកំណត់ ហើយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងខិតខំធ្វើការសម្របសម្រួលជាមួយអ្នកពាក់ព័ន្ធ ទាំងអស់ ដើម្បីប្រែក្លាយតំបន់អភិវឌ្ឍន៍ទាំងពីរនេះ ទៅជាតំបន់គំរូនៃការអនុវត្តគម្រោងសម្បទាន ដីសង្គមកិច្ចរបស់រដ្ឋ ដែលនឹងប្រែក្លាយទៅជាបុរីជនបទសហសម័យទីមួយនៅកម្ពុជា។
ក្នុងគោលបំណងធំបំផុត ដើម្បីបញ្ចៀសនូវស្ថានភាពអាសន្ន ដែលកើតឡើងដោយការតាំង ទីលំនៅបណ្តោះអាសន្ន និងសំណង់មិនរៀបរយនៅក្នុងរមណីយដ្ឋានអង្គរ ដែលនឹងប្រែក្លាយទៅជា វិប្បដិសារីជាប្រវត្តិសាស្ត្រ ចំពោះជោគវាសនាជាអកុសលនៃរមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ ដែលមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជាតិកម្ពុជាយើង “ក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លី ក្នុងតំបន់រមណីដ្ឋានអង្គរ និងតំបន់ដ៏ទៃទៀត ស្ថិតក្រោមការគ្រប់គ្រង់របស់អាជ្ញាធរជាតិអប្សរា” ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ មានសមាសភាពមកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួង វប្បធម៌និងវិចិត្រសិល្បៈ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងផែនការ រដ្ឋបាលខេត្តសៀមរាប ដឹកនាំ ដោយ ឯកឧត្តម ជា សុផារ៉ា អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះពិនិត្យដោះស្រាយបញ្ហាសំណង់មិនរៀបរយ និងដីធ្លីក្នុងរមណីយដ្ឋានអង្គរ និង តំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា និងរៀបចំគោលនយោបាយសមស្រប ដើម្បីទទួលប្រជាពលរដ្ឋដែលស្ម័គ្រចិត្តមកតាំងទីលំនៅថ្មីប្រកបដោយរបៀបរៀបរយ សេចក្តីថ្លៃថ្នូរ ភាពសុខសាន្ត ជីវភាពល្អប្រសើរ និងអនាគតត្រចះត្រចង់ នៅតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង។ ទី២- គិតមកទល់ពេលនេះ ការដោះស្រាយបញ្ហាសំណង់លំនៅឋានមិនរៀបរយ ក្នុងតំបន់រមណីយ- ដ្ឋានអង្គរ និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អគារនៅតំបន់អភិវឌ្ឍន៍ទាំង២នេះ បាន និងកំពុងដំណើរការល្អប្រសើរ និងទាន់ពេលវេលា ដោយសម្រេចបានលទ្ធផលដូចខាងក្រោម÷
ផ្ទៃដីសម្រាប់ធ្វើប្រទានកម្មជូនប្រជាពលរដ្ឋ ដែលបំពេញគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តប្តូរទី លំនៅចេញពីរមណីយដ្ឋានអង្គរ មានទំហំសរុប ២.៤៥៦ហិកតា ស្មើ ២០.៩៥២ឡូត៍ ក្នុងនោះ នៅតំបន់អភិវឌ្ឍន៍រុនតាឯកទំហំ ១.០៤៦ហិកតា ស្មើ ៦.៩៩៤ឡូត៍ និងនៅតំបន់ពាក់ស្នែងទំហំ ១.៤១០ហិកតា ស្មើ ១៤.៩៤៧ឡូត៍។
ដើម្បីប្រែក្លាយទៅជាតំបន់គំរូនៃ ការអនុវត្តគម្រោងសម្បទានដីសង្គមកិច្ចរបស់រដ្ឋ ទៅជាបុរីជនបទសហសម័យទីមួយនៅកម្ពុជា ។
ឯកឧត្តម មានជំនឿយ៉ាងមុតមាំថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តំបន់អភិវឌ្ឍន៍ថ្មីនេះនឹងក្លាយជាសមិទ្ធផលជាប្រវត្តិសាស្ត្រ និង ជាមរតកដ៏ថ្លៃថ្លា ហើយនឹងក្លាយជាបុរីជនបទគំរូ ប្រកបដោយភាពសុខដុមរមនា ចីរភាព អនាគតដ៏ ត្រចះត្រចង់ ដែលប្រជាពលរដ្ឋទទួលបានសិទ្ធិលើកម្មសិទ្ធិដីធ្លីស្របច្បាប់ មានឱកាសសេដ្ឋកិច្ចច្រើន ជាងមុន និងជីវភាពរស់នៅល្អប្រសើរជាងមុន ៕
ដោយ:វណ្ណលុក







