ឧបនាយករដ្ឋមន្រ្តី ស សុខា៖ មានតែការដាក់ទុនលើវិស័យអប់រំទើបអាចជួយពលរដ្ឋចេញពីបន្ទាត់ក្រីក្រ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ថា មានតែការដាក់ទុនលើវិស័យអប់រំប៉ុណ្ណោះ ទើប​អាចរំដោះពលរដ្ឋចេញពីបន្ទាត់នៃភាពក្រីក្របាន ខណៈរដ្ឋាភិបាលអាណត្តិថ្មីបានកំណត់ជាវិស័យអាទិភាពនៃគោលនយោបាយរបស់ខ្លួន និងកំពុងយកចិត្តទុកដាក់លើវិស័យអប់រំនេះ។

ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃដូច្នេះនៅក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ​​ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យជាតិ​ ជា​ ស៊ីម​ កំចាយមារ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងថា ប្រទេសដែលជឿនលឿនក្នុងការកាត់បន្ថយភាពក្រីក្រ គឺមិនមែនកើតឡើងដោយសារការផ្តល់អំណោយ និងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែដល់ពលរដ្ឋនោះទេ តែជាទង្វើដែលនាំឱ្យពលរដ្ឋកាន់តែធ្លាក់ទៅក្នុងបន្ទាត់នៃភាពក្រីក្រកាន់តែខ្លាំងឡើង។ ឯកឧត្តមសង្កត់ធ្ងន់ថា៖«ដើម្បីចេញពីភាពក្រីក្រនេះ គឺគ្មានអ្វីដែលលើសពីការដាក់ទុនលើវិស័យអប់រំនេះទេ។ ខ្ញុំនៅជឿជាក់ថា រដ្ឋាភិបាលកម្ពុជានៅតែយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាល ដោយពង្រឹងគុណភាពចាប់ពីកម្រិតមត្តេយ្យសិក្សាឡើង។

ឯកឧត្តមលើកឡើងពីក្តីព្រួយបារម្ភពីកម្រិតនៃការអប់រំនៅទូទាំងពិភពលោកក្នុងពេលបច្ចុប្បន្ន ខណៈអង្គការសហប្រជាជាតិចេញរបាយការណ៍បង្ហាញថា ១ ភាគ៣ នៃកុមារដែលមានអាយុក្រោម ១២ឆ្នាំ មិនចេះអានអក្សរ ដែលខ្លះចេះអានដែរ។ ប៉ុន្តែមិនយល់ពីអត្ថន័យនៃការអានរបស់ខ្លួន ដែលលោកថា នេះជាសក្ខីកម្មមួយដែលរដ្ឋាភិបាលត្រូវជំរុញវិស័យអប់រំនៅកម្ពុជាចាប់ពីថ្នាក់ទាបមក ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ថាការលើកឡើងរបស់រដ្ឋមន្ត្រីមហាផ្ទៃគឺជាការត្រឹមត្រូវ ដែលជាយុទ្ធសាស្ត្ររយៈពេលវែងក្នុងការកាត់បន្ថយភាពក្រីក្រ។​ លោកបន្តថា ព្រោះវិស័យអប់រំជាអ្នកបង្កើតធនធានមនុស្សធ្វើឱ្យមានការអភិវឌ្ឍ និងការរីកចម្រើន ប៉ុន្តែទោះជាយ៉ាងណា ក្នុងកិច្ចការងារនេះត្រូវវបែងចែកជាពីរចំណុច គឺរបៀបជួយសង្គ្រោះភ្លាមៗ និងយុទ្ធសាស្ត្រជួយសង្គ្រោះរយៈពេលវែង។

លោកសង្កត់ធ្ងន់ថា កិច្ចការជួយពលរដ្ឋចាកចេញពីភាពក្រីក្រនេះ រដ្ឋាភិបាលត្រូវពិនិត្យការងារជាជំហានៗ តួយ៉ាងការផ្តល់ជំនួយភ្លាមសម្រាប់អ្នកកំពុងរងគ្រោះ ឬអ្នកមានវ័យចាស់ជរា ។ចំណែកក្មេងៗវិញ ត្រូវផ្តល់ការអប់រំ ក្នុងគោលដៅរយៈពេលវែង ។

គួរបញ្ជាក់ផងដែរថា ក្នុងថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៣-២០២៤ កន្លងទៅនៅដើមខែធ្នូ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយគន្លឹះ និងអាទិភាពចំនួន៤ ចំណុចសំដៅលើកកម្ពស់គុណភាពអប់រំ ជាពិសេសពីកម្រិតមត្តេយ្យសិក្សាដល់មធ្យមសិក្សាស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់ខ្លួន។ក្នុងនោះ ទី១ ការកែលម្អអភិបាលកិច្ចសាលារៀន, ទី២ ការ​ពិនិត្យ កែ​សម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាព​ក្រៅ​ម៉ោង​សិក្សាឱ្យស្របទៅតាមតម្រូវការ ,ទី៣ ការថែរក្សាសុខភាព​សិស្សតាមរយៈកម្មវិធី​អាហារូបត្ថម្ភ​របស់កុមារ និងការត្រួតពិនិត្យគុណភាពអាហារនៅក្នុងសាលារៀន និងទី៤ ការ​លើកទឹកចិត្ត​ឱ្យ​មាន​​ការចូលរួមពីមាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងវិស័យអប់រំ ស្របតាមពាក្យស្លោក «ភាពជា​ដៃគូ​រដ្ឋ និងសហគមន៍សម្រាប់ការអប់រំ»៕

ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner