លោកពូទីន សាទរទំនាក់ទំនងជាមួយអ៊ីរ៉ង់ ក្នុងពេលជួបមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Raisi
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងពីការសាទរនឹងទំនាក់ទំនងរបស់ប្រទេសលោក ជាមួយនឹងប្រទេសអ៊ីរ៉ង់ ក្នុងជំនួបជាមួយសមភាគីអ៊ីរ៉ង់ លោក Ebrahim Raisi។
ចាប់តាំងពីចាប់ផ្តើមការវាយលុករបស់ខ្លួនលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ទីក្រុងមូស្គូបានព្យាយាមធ្វើឱ្យទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយកាន់តែស៊ីជម្រៅជាមួយ ទីក្រុងតេហេរ៉ង់។
ការណ៍នេះបានធ្វើឲ្យបណ្តាប្រទេសលោកខាងលិចបានចោទប្រកាន់សាធារណរដ្ឋអ៊ីស្លាមមួយនេះថា បានគាំទ្រការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។ ពួកគេចោទទៀតថា អ៊ីរ៉ង់ថែមទាំងផ្តល់ឱ្យរុស្ស៊ី នូវយន្តហោះគ្មានមនុស្សបើក និងសព្វាវុធក្នុងបរិមាណដ៏ច្រើន។
បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន RT បានឲ្យដឹងថា ក្នុងជំនួបនោះ លោកប្រធានាធិបតីរុស្ស៊ីបាននិយាយថា រុស្ស៊ីនិងអ៊ីរ៉ង់កំពុងសហការគ្នាលើវិស័យជាច្រើនចាប់ពីគម្រោងហេដ្ឋារចនាសម្ព័ន្ធ រហូតដល់ការអប់រំ។
លោកបានបញ្ជាក់ដែរថា ទីក្រុងមូស្គូ និងក្រុងហេអេរ៉ង់បានបង្កើតទំនាក់ទំនងរឹងមាំ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយជាលទ្ធផល បានជំរុញសេដ្ឋកិច្ចឲ្យរីកចម្រើន រៀងៗខ្លួន។
គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានធ្វើដំណើរទៅដល់ប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅទីនោះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត