ស៊ុយអែត និងអាមេរិក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិដើម្បីពង្រឹងសន្តិសុខក្នុងតំបន់
ស្តុកខុល៖ប្រទេសស៊ុយអែត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិមួយ ជាមួយសហរដ្ឋអាមេរិក ដែលនឹងអនុញ្ញាតឱ្យអាមេរិកចូលប្រើប្រាស់មូលដ្ឋានយោធាទាំងអស់នៅទូទាំងប្រទេសរបស់ខ្លួន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ក្រៅតែពីជំរុញសន្តិសុខក្នុងតំបន់ រដ្ឋមន្រ្តីក្រសួងការពារជាតិស៊ុយអែត លោក Pål Jonson បានថ្លែងថាកិច្ចព្រមព្រៀងនេះ ត្រូវបានសម្រេចឡើងនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារ ហើយវានឹងបង្កើតលក្ខខណ្ឌល្អប្រសើរសម្រាប់ស៊ុយអែត ដើម្បីទទួលបានការគាំទ្រពីសហរដ្ឋអាមេរិកក្នុងករណីមានសង្គ្រាម ឬវិបត្តិ។
លោក Jonson បានប្រាប់ទូរទស្សន៍ស៊ុយអែត SVT កាលពីថ្ងៃពុធ ថា អាមេរិកនឹងមិនប្រើគ្រប់ទីតាំងមូលដ្ឋានយោធាទាំង ១៧ នោះទេ ប៉ុន្តែនឹងប្រើមូលដ្ឋានណាដែលសមប្រកបតាមទស្សនវិស័យយោធា អាចទុកឧបករណ៍ការពារជាតិរបស់ខ្លួនបាន។
កិច្ចព្រមព្រៀងចុងក្រោយនេះ ត្រូវបានចុះហត្ថលេខានៅមន្ទីរបញ្ចកោណដោយលោក Jonson និងរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin ដែលបាននិយាយថា វានឹងធ្វើឱ្យសម្ព័ន្ធភាពក្នុងតំបន់កាន់តែរឹងមាំ។
លោក Austin បន្តថា កិច្ចព្រមព្រៀងនេះ «បញ្ជូនសញ្ញាដ៏រឹងមាំមួយ ដែលយើងនៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយបញ្ហាប្រឈមសន្តិសុខជាមួយគ្នា»។
គួរគូសបញ្ជាក់ថា កិច្ចព្រមព្រៀងដដែលសម្រេចឡើង ខណៈស៊ុយអែតជិតក្លាយជាសមាជិកអង្គការណាតូ ដោយភ័យខ្លាចការគំរាមកំហែងសន្តិសុខពីរុស្ស៊ី ដែលឈ្លានពានអ៊ុយក្រែន។
នាពេលនេះ ស៊ុយអែតរងចាំការផ្ដល់សច្ចាប័នពីសមាជិកណាតូចំនួន២ប្រទេស រួមមានហុងគ្រី និងតួកគី ដើម្បីក្លាយជាសមាជិកផ្លូវការរបស់ណាតូ។
កន្លងមក តួកគីបានពន្យារពេលការផ្តល់សច្ចាប័នរបស់ខ្លួន ដោយចោទប្រកាន់ថា ស៊ុយអែតមិនយកចិត្តទុកដាក់ចំពោះបញ្ហាសន្តិសុខរបស់ខ្លួនឱ្យបានគ្រប់គ្រាន់ រួមទាំងការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធជនជាតិកួដ និងក្រុមផ្សេងទៀត ដែលរដ្ឋាភិបាលក្រុងអង់ការ៉ាចាត់ទុកថាបង្កការគំរាមកំហែងសន្តិសុខ។
យ៉ាងណាមិញ លោកប្រធានាធិបតីតួកគី លោក រ៉េស៊ីប អ៊ែរដូហ្គាន់ បាននិយាយកាលពីថ្ងៃពុធ ថា ខ្លួនអាចផ្ដល់សច្ចាប័នឱ្យស៊ុយអែត លុះត្រាតែសភាអាមេរិកអនុម័តលើការទិញយន្តហោះចម្បាំង F-16 ចំនួន ៤០ គ្រឿងរបស់ខ្លួន។ សំណើរនេះ ទទួលបានការគាំទ្រពីសេតវិមាន ប៉ុន្តែបរាជ័យក្នុងសភា៕
ប្រែសម្រួល៖ ហួន ឌីណា
ប្រភព៖ NATO member-to-be Sweden and the US sign defense deal, saying it strengthens regional security https://apnews.com/article/sweden-united-states-defense-deal-nato-ea0fe160d86cf386ffe68a647ce55332