ក្រសួងដែនដី បានរៀបចំរួចរាល់នូវបណ្ណកម្មសិទ្ធិចំនួន ៤ ៥៥៤បណ្ណ ដើម្បីផ្ដល់ជូនគ្រួសារប្រជាពលរដ្ឋ ទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក
សៀមរាប៖ គ្រួសារប្រជាពលរដ្ឋ បានចាកចេញទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ចំនួន ៤ ៧៣០ខ្នងផ្ទះ ស្មើនឹង ៤៧,៧៩% នៃចំនួនគ្រួសារដែលបានចាប់ឆ្នោតសរុប និងបានរៀបចំរួចរាល់នូវបណ្ណកម្មសិទ្ធិចំនួន ៤ ៥៥៤បណ្ណ ត្រៀមចែកជូនប្រជាពលរដ្ឋ នាពេលនេះ ។
នេះបើតាមរបាយការណ៍របស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្លែង ខេត្តសៀមរាប នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ កម្ពុជា។
ឯកឧត្តម សាយ សំអាល់ បានបន្តថា គិតមកទល់ពេលនេះ ការដោះស្រាយបញ្ហាសំណង់លំនៅឋានមិនរៀបរយ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងសំណង់អគារនៅតំបន់អភិវឌ្ឍន៍ទាំង២នេះ តំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង បាននិងកំពុងដំណើរការល្អប្រសើរ និងទាន់ពេលវេលា ដោយសម្រេចបានលទ្ធផល៖ ផ្ទៃដីសម្រាប់ធ្វើប្រទានកម្មជូនប្រជាពលរដ្ឋ ដែលបំពេញគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តប្តូរទី លំនៅចេញពីរមណីយដ្ឋានអង្គរ មានទំហំសរុប ២ពាន់៤រយ៥៦ហិកតា ស្មើ ២ម៉ឺន៩៥២ឡូត៍ ក្នុងនោះ នៅតំបន់អភិវឌ្ឍន៍រុនតាឯកទំហំ ១ពាន់៤៦ហិកតា ស្មើ ៦ពាន់៩៩៤ឡូត៍ និងនៅតំបន់ពាក់ស្នែងទំហំ ១ពាន់៤១០ហិកតា ស្មើ ១ម៉ឺន៤ពាន់៩៤៧ឡូត៍” ។
ឯកឧត្តម រដ្ឋមន្ត្រី បានបន្តទៀតថា ប្រជាពលរដ្ឋស្ម័គ្រចិត្តប្តូរទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ តំបន់១ មានចំនួន ៤ពាន់៥៤៥ ក្បាលដី និងតំបន់២ មានចំនួន ១ពាន់៨៦៥ ក្បាលដី ក្នុងនោះប្រជាពលរដ្ឋទៅតំបន់អភិវឌ្ឍន៍រុនតាឯកចំនួន ៥ពាន់៨៦៥គ្រួសារ និងតំបន់អភិវឌ្ឍន៍ពាក់ស្នែងចំនួន ៤ពាន់៣២ គ្រួសារ សរុបចំនួន ៩ពាន់៨៩៧ គ្រួសារ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា គ្រួសារប្រជាពលរដ្ឋបានចាកចេញទៅរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯក ចំនួន ៤ពាន់៧៣០ខ្នងផ្ទះ ស្មើនឹងជាង៤៧ % នៃចំនួនគ្រួសារដែលបានចាប់ឆ្នោតសរុប និងបានរៀបចំរួចរាល់ នូវបណ្ណកម្មសិទ្ធិចំនួន ៤ពាន់៥៥៤បណ្ណ ត្រៀមចែកជូនប្រជាពលរដ្ឋ នាថ្ងៃនេះតែម្តង ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ ,ង៉ាន់ ទិត្យ









