សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល ខិតខំគ្រប់បែបយ៉ាង ដើម្បីការពារទាំងព្រលឹងជាតិ និងអាយុជីវិតជាតិ

សៀមរាប៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាល ខិតខំគ្រប់បែបយ៉ាង ដើម្បីការពារទាំងព្រលឹងជាតិ និងអាយុជីវិតជាតិ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ដូចនេះ ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៃរមនីយដ្ឋានអង្គរ ដែលស្ម័គ្រចិត្តមករស់នៅ «តំបន់អភិវឌ្ឍន៍ធម្មជាតិរុនតាឯក» ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីការពារទាំងព្រលឹងជាតិ និងអាយុជីវិតជាតិផង ដែលក្នុងនោះ ព្រលឹងជាតិសំដៅទៅលើការការពារ និងអភិរក្សសម្បត្តិវប្បធម៌ ហើយអាយុជីវិតជាតិ គឺប្រជាជនតែម្តង ។

សម្តេចធិបតី បានបញ្ជាក់ថា នៅពេលគេសួរថា តើរវាងប្រាសាទអង្គរវត្ត និងប្រជាជនជ្រើសរើសយកមួយណា? ចម្លើយ គឺរាជរដ្ឋាភិបាល ជ្រើសរើសយកទាំងពីរ គ្រាន់តែជម្រើសនេះមានការលំបាកបន្ដិចសម្រាប់រាជរដ្ឋាភិបាល ។

សម្តេចនាយករដ្ឋមន្ត្រី បានរម្លឹកថា រាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងដើម្បីកុំឱ្យតំបន់រមណីយដ្ឋានមួយចំនួន ដែលបានដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចហើយ ត្រូវបានដកចេញវិញ ដោយសារតែមិនគោរពតាមលក្ខខណ្ឌរបស់អង្គការយូណេស្កូ ក្នុងនោះមានដូចជា ករណីប្រទេសអង់គ្លេស និងប្រទេសមួយចំនួនផ្សេងទៀតជាដើម៕

អត្ថបទ ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ ,ង៉ាន់ ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner