អស់ជំនួយ! ជនភៀសខ្លួននៅស៊ីរីបារម្ភពីការស្លាប់ ដោយសារភាពអត់ឃ្លាន

ដាម៉ាស៖ ជនភៀសខ្លួននៅក្នុងជំរុំនៅភាគឦសានប្រទេសស៊ីរីបានសម្តែងការភ័យខ្លាចអំពីអនាគតរបស់ពួកគេ បន្ទាប់ពីកម្មវិធីស្បៀងអាហារពិភពលោកបានប្រកាសពីការបញ្ចប់ជំនួយស្បៀងអាហារ នៅទូទាំងប្រទេស ដែលហែកហួរដោយសង្រ្គាមមួយនេះ។

លោក Ali Farahat នាយកជំរុំភៀសខ្លួន Maram នៅទីក្រុង Atme ជិតព្រំដែនប្រទេសទួកគីបាននិយាយថា «ការបញ្ឈប់ ការផ្តល់ជំនួយដល់ជំរុំ នឹងបង្កើនការឈឺចាប់យ៉ាងខ្លាំង»។

លោកបានប្រាប់ AFP កាលពីថ្ងៃពុធ សប្តាហ៍នេះថា «អ្នកខ្លះបានប្រាប់ខ្ញុំថា ប្រសិនបើជំនួយឈប់ យើងនឹងស្លាប់ដោយភាពអត់ឃ្លាន» ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទ សប្តាហ៍នេះ កម្មវិធីស្បៀងអាហារពិភពលោក ហៅកាត់ WFP បាននិយាយថា «ខ្លួនសោកស្តាយក្នុងការប្រកាសពីការបញ្ចប់ជំនួយស្បៀងអាហារទូទៅរបស់ខ្លួន នៅទូទាំងប្រទេសស៊ីរី ក្នុងខែមករា ឆ្នាំ២០២៤ ដោយសារតែខ្វះមូលនិធិ» ។

ទីភ្នាក់ងារជំនួយស្បៀងអាហាររបស់អង្គការសហប្រជាជាតិមួយនេះ បាននិយាយថា «ខ្លួននឹង បន្តជួយដល់គ្រួសារដែលរងផលប៉ះពាល់ដោយស្ថានភាពគ្រាអាសន្ន និងគ្រោះមហន្តរាយធម្មជាតិនៅទូទាំងប្រទេស តាមរយៈអន្តរាគមន៍ឆ្លើយតបបន្ទាន់ដែលមានគោលដៅតូចជាង និងច្រើនជាងនេះ»។

គួរបញ្ជាក់ថា ប្រជាជនប្រហែលបីលាននាក់កំពុងរស់នៅក្នុងតំបន់ដែលគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធ HTS ក្នុងខេត្ត Idlib ។ ប្រហែលពាក់កណ្តាលក្នុងចំណោមពួកគេ រស់នៅក្នុងជំរុំ សម្រាប់អ្នកផ្លាស់ទីលំនៅ ខណៈពេលដែលអ្នកផ្សេងទៀតរស់នៅក្នុងអគារដែលគេបោះបង់ចោល ឬរូងភ្នំ ឬសូម្បីតែ នៅក្នុងអគារចាស់ៗ និងឡានក្រុងដែលច្រេះ។

ជំរុំសម្រាប់ជនភៀសខ្លួន ជារឿយៗ មានមនុស្សចង្អៀត និងខ្វះតម្រូវការជាមូលដ្ឋាន ដោយអ្នកស្រុកពឹងផ្អែកលើអាហារ វេជ្ជសាស្ត្រ និងជំនួយផ្សេងទៀតដែលផ្តល់ដោយអង្គការអន្តរជាតិ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner