លោក Biden ជំរុញឱ្យសភាអាមេរិក អនុម័តជំនួយសម្រាប់អ៊ុយក្រែន

វ៉ាស៊ីងតោន ឌីស៊ី៖ ប្រធានាធិបតីអាមេរិក លោក Joe Biden ជំរុញឱ្យសមាជិកសភាអាមេរិកផ្តល់ជំនួយយោធាជាបន្ទាន់ សម្រាប់ទីក្រុង Kyiv ។ លោកថែមទាំងព្រមានថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងមិនបញ្ឈប់ ជាមួយអ៊ុយក្រែនទេ ហើយថែមទាំងអាចប៉ះទង្គិច ជាមួយអង្គការណាតូទៀតផង។

ក្នុងនាមជាសមាជិកនៃគណបក្សប្រជាធិបតេយ្យ លោក Biden និយាយថា លោកត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការសម្របសម្រួលដ៏សំខាន់ ជាមួយគណបក្សសាធារណរដ្ឋ ដែលកំពុងរារាំងជំនួយ ៦០ ពាន់លានដុល្លារ សម្រាប់ប្រទេសអ៊ុយក្រែន។

ប្រធានាធិបតី Joe Biden បាននិយាយតាមរយៈសុន្ទរកថា នៅឯសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះថា «ជំនួយនេះមិនអាចរង់ចាំបានទេ.. និយាយដោយត្រង់ទៅ..ខ្ញុំគិតថា វាគួរឱ្យភ្ញាក់ផ្អើលណាស់ ដែលយើងបានឈានដល់ចំណុចនេះ»។

លោកបន្តថា ការរារាំងរបស់បក្សសាធារណរដ្ឋនៅក្នុងសភាបានផ្តល់ឱ្យលោកពូទីន នូវអំណោយដ៏អស្ចារ្យបំផុត ដែលលោកពូទីនសង្ឃឹមចង់បាន។

លោក Biden បាននិយាយបែបនេះ បន្ទាប់ពីកិច្ចប្រជុំកំពូលតាមវីដេអូ ជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និងមេដឹកនាំនៃប្រទេស G7 ដើម្បីពិភាក្សាអំពីរបៀបផ្តល់ជំនួយរបស់លោកខាងលិច សម្រាប់ទីក្រុង Kyiv ។

លោក Biden បានព្រមានថា ប្រសិនបើលោក ពូទីន ដែលបានបញ្ជាឱ្យឈ្លានពានអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ កម្ចាត់ប្រទេសជិតខាងដែលគាំទ្រលោកខាងលិច នោះ លោកពូទីន មិនបញ្ឈប់ត្រឹមហ្នឹងទេ។

លោក ប្រធានាធិបតីបន្តថា «ប្រសិនបើលោកពូទីនបន្តទៀតនោះ…បន្ទាប់មកទៀត លោកវាយប្រហារសម្ព័ន្ធមិត្តណាតូ នៅពេលដែលប្រទេសណាមួយបានប្តេជ្ញាថា ជាសមាជិក NATO នោះ»។

ព្រឹទ្ធសភាអាមេរិកគ្រោងនឹងរៀបចំការបោះឆ្នោតតាមនីតិវិធី នៅថ្ងៃពុធ សប្តាហ៍ក្រោយ លើកញ្ចប់ថវិកាសង្គ្រោះបន្ទាន់ចំនួន ១០៦ ពាន់លានដុល្លារ ដែលរួមមានទាំង ជំនួយសម្រាប់ក្រុង Kyiv បូកជំនួយ សម្រាប់សង្គ្រាមអ៊ីស្រាអែល ជាមួយក្រុមហាម៉ាស និងសម្រាប់សន្តិសុខព្រំដែន៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner