ការសិក្សារៀនសូត្រ ជាការងារមួយតម្រូវឲ្យមានការលើកកម្ពស់ និងអភិវឌ្ឍគ្មានទីបញ្ចប់
(ខេត្តកណ្តាល)៖ ឯកឧត្តម ជាប ដាវុធ ប្រធានក្រុមការងារទទួលបន្ទុកយុវជនថ្នាក់ជាតិស្រុកល្វាឯម និងក្រុងអរិក្សត្របានលើកឡើងនៅក្នុងក្នុងពិធីជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ប្រលងទុតិយភូមិ ឆ្នាំសិក្សារ២០២៣នៅក្នុងក្រុងអរិក្សត្រនិងស្រុកល្វាឯមខេត្តកណ្ដាលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ថា ក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយ, បន្ទាប់ពីការសម្រេចបាននូវ សុខសន្តិភាពពេញ-លេញ, ឯកភាពជាតិ និង ឯកភាពទឹកដីទាំងស្រុង តាមរយៈ នយោបាយឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, បីតាសន្តិភាព រាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗ លើគ្រប់វិស័យ, ទាំងនយោបាយ, សង្គម, និង សេដ្ឋកិច្ច, ដែលនាំឱ្យកម្ពុជា សម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មី គួរជាទីមោទនៈបំផុត ។
ឯកឧត្តម បន្តថា ពេលនេះ ដំណើរការកសាងជាតិរបស់កម្ពុជា បានឈានដល់ដំណាក់កាលថ្មីមួយ នៅក្នុងបរិការណ៍នៃពិភពលោក ដែលកាន់តែប្រែប្រួល, លំបាក និង មិនប្រាកដប្រជា ។ កម្មវិធីនយោបាយ របស់ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា, ក្រោមការដឹកនាំដ៏ស្វាហាប់ និង ឈ្លាសវៃ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម និង ពោរពេញដោយសមត្ថភាព, ចំណេះដឹង និង ថាមពល, បានដាក់ចេញ នូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធ-ភាព, និង ចីរភាព, ដោយផ្តោតជាសំខាន់លើរបៀបវារៈ ធានា “ប្រសិទ្ធភាពសមិទ្ធកម្ម” តាមរយៈការអនុវត្តអភិក្រម “ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និង វះកាត់” និង អភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ។ ជាមួយនឹងបាវចនា ៥ គឺ : កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព, យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ បានកំណត់យក អាទិភាពគន្លឹះ ៥ គឺ : “មនុស្ស, ផ្លូវ, ទឹក, ភ្លើង, និង បច្ចេកវិទ្យា, ជាពិសេស គឺ បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី ៤ និង បរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និង សង្គមកម្ពុជា ក៏ដូចជាឆ្លើយតបនឹងតម្រូវការ ក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និង ជាមធ្យោបាយដ៏សំខាន់ នៃការសម្រេចបាននូវ ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ។

ឯកឧត្តម លើកឡើងថា សិក្សានុសិស្សដឹងហើយថា ការសិក្សារៀនសូត្រមិនត្រឹមតែត្រូវអនុវត្តបន្តពេញមួយជីវិតប៉ុណ្ណោះទេ ប៉ុន្តែវាជាការងារមួយតម្រូវឲ្យមានការលើកកម្ពស់ និងអភិវឌ្ឍន៍គ្មានទីបញ្ចប់ ។ ដូចនេះដើម្បីពង្រឹងធនធានមនុស្សប្រកបដោយសក្តានុបល សិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្របន្ថែមទៀត និងត្រូវធ្វើខ្លួនឲ្យទៅជាទំពាំងដ៏ល្អ កុំធ្លាក់ចុះក្នុងអបាយមុខ និងជៀសវាងពីគ្រឿងញៀន បង្ករអស្ថេរភាពក្នុងសង្គមគ្រួសារ និងសង្គមជាតិ ជាដើម ។
លោកស្រី សៅ សុគន្ធកេស្យា ប្រធាននាយកដ្ឋានក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ជាក់ថា ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានកម្មវិធីបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យតាមគោលនយោបាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គោលដៅនៃការបណ្ដុះបណ្ដាលនេះគឺ ឲ្យចប់ ឲ្យចេះ ឲ្យមានការងារធ្វើ ដោយការសិក្សាមិនបង់ថ្លៃ ហើយទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល ក្នុងមួយខែទៀតផង ។

សូមបញ្ជាក់ថា នៅក្នុងស្រុកល្វាឯមមានបេក្ខជនប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២២-២០២៣ សរុបចំនួន ៣៧៩នាក់ ក្នុងនោះមានបេក្ខជនប្រលងជាប់ ៣១០នាក់។ នៅក្នុងក្រុងអរិក្សត្រមានសិស្សប្រឡង សញ្ញាបត្រទុតិយភូមិ ៦០១នាក់ក្នុងនោះប្រឡងជាប់ ៤៥៩នាក់ ក្នុងនោះស្រី ២២៤នាក់ ។ ឯកឧត្តម ជាប ដាវុធ បាននាំយកនូវថវិកាឧបត្ថម្ភសិស្សានុសិស្សដែលបានចូលរួមក្នុងម្នាក់ ២ម៉ឺនរៀល និងលោកគ្រូលោកគ្រូក្នុងម្នាក់ ៥ ម៉ឺនរៀល ៕


ប្រភព ៖ ក្រុមការងារ ខេត្តកណ្តាល