សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីលើកដំបូងជាមួយប្រទេសអាមេរិកឡាទីនចំនួនបួន
សិង្ហបុរី៖ប្រទេសសិង្ហបុរីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដំបូងជាមួយប្រទេសអាមេរិកឡាទីនចំនួន៤នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២៣នេះ។ កិច្ចព្រមព្រៀងរវាងសិង្ហបុរីជាមួយប្រទេសអាមេរិកឡាទីនទាំងបួននេះរួមមាន អាហ្សង់ទីន ប្រេស៊ីល ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយ ។គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដំបូងរបស់សិង្ហបុរីជាមួយប្រទេសទាំងនេះ ហើយវាក៏ជាកិច្ចព្រមព្រៀងដំបូងរបស់ប្លុកអាមេរិកឡាទីនជាមួយប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
បើតាមក្រសួងការបរទេស និងក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសសិង្ហបុរីបញ្ជាក់ថា កិច្ចព្រមព្រៀងនេះមានគោលបំណងជួយសម្រួលដល់លំហូរពាណិជ្ជកម្មឱ្យកាន់តែច្រើនតាមរយៈការកាត់បន្ថយពន្ធ និងដោយការបង្កើតលក្ខខណ្ឌវិនិយោគប្រកបដោយតម្លាភាព។កិច្ចព្រមព្រៀងនេះ ក៏នឹងជួយជំរុញដល់កិច្ចសហប្រតិបត្តិការ ដែលជាដំណើរការដែលសម្រួលដល់នីតិវិធីនៃការនាំចេញ និងនាំចូល។
កិច្ចព្រមព្រៀងនេះត្រូវបានគេឱ្យឈ្មោះថាជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី Mercosur-Singapore Singapore (MCSFTA) ដោយភាគីទាំងពីររំពឹងថា នឹងជួយដល់ការបង្កើនភាពជាសហគ្រិន បង្កើនល្បឿនឌីជីថល ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសន្តិសុខស្បៀង ខណៈពេលដែលជួយអភិវឌ្ឍដល់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅក្នុងសេដ្ឋកិច្ចនៃប្រទេសទាំងប្រាំនេះ។
រដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក Vivian Balakrishnan និងរដ្ឋមន្ត្រីមកពីប្រទេសសមាជិក Mercosur ទាំង៤បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅឯកិច្ចប្រជុំកំពូលលើកទី៦៣ នៃប្រមុខរដ្ឋ Mercosur នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។
ភ្លាមៗរដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក Vivian Balakrishnan បាននិយាយថា៖ « ការចុះហត្ថលេខានេះកើតឡើងបន្ទាប់ពីការចរចាយ៉ាងស៊ីជម្រៅជាងបួនឆ្នាំ។ យ៉ាងណាកិច្ចព្រមព្រៀង MCSFTA បានបង្កើតស្ពានថ្មីមួយរវាងអាស៊ីអាគ្នេយ៍ និងអាមេរិកខាងត្បូង ដែលនឹងធ្វើឱ្យតំបន់ទាំងពីរកាន់តែជិតស្និទ្ធគ្នា»។
ចំណែករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរបស់សិង្ហបុរី លោក Gan Kim Yong បន្ថែមថា ៖ «កិច្ចព្រមព្រៀងនេះនឹងពង្រឹងពាណិជ្ជកម្មដែលកំពុងរីកចម្រើនរបស់សិង្ហបុរី ផ្សារភ្ជាប់ជាមួយប្រទេសអាមេរិកឡាទីន»។
លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា វានឹងជួយកាត់បន្ថយថ្លៃដើមនៃការដំណើរការអាជីវកម្ម បន្ធូរបន្ថយពន្ធគយ របាំងច្បាប់ និងការបើកទ្វារឱ្យមានឱកាសផ្តោះប្តូរអាជីវកម្មថ្មីៗ ដូចជាក្នុងវិស័យ e-commerce និងកសិ-ពាណិជ្ជកម្មជាដើម។
គួរជម្រាបថា Mercosur ជាសមូហភាពតំណាងឱ្យសេដ្ឋកិច្ចធំជាងគេទី៨នៅលើពិភពលោក ជាមួយនឹងផលិតផលក្នុងស្រុកសរុបចំនួន ២.៧ ពាន់ពាន់លានដុល្លារ ជាមួយនឹងទំហំទីផ្សារដែលមានប្រជាជនសរុបចំនួន ២៧២ លាននាក់៕
ប្រែសម្រួល៖ ស្រ៊ុន សិរីវឌ្ឍនៈ
ប្រភព៖ https://www.straitstimes.com/business/singapore-signs-free-trade-deal-with-four-nation-latin-american-bloc-to-boost-trade-investment