មន្រ្តីចិន៖ ទីក្រុងប៉េកាំងមិនអាចធ្វើឱ្យរុស្ស៊ីបញ្ឈប់សង្គ្រាមប្រឆាំងអ៊ុយក្រែនបានទេ
ប៉េកាំង៖ បន្ទាប់ពីកិច្ចប្រជុំកំពូលសហភាពអឺរ៉ុប-ចិន នារដ្ឋធានីប៉េកាំង ក្នុងសប្តាហ៍នេះ មន្រ្តីក្រសួងការបរទេសចិនបានលើកឡើងថា ចិនមិនអាចជំរុញឱ្យរុស្ស៊ីបញ្ឈប់សង្គ្រាមប្រឆាំងនឹងអ៊ុយក្រែនបានទេ។
ប្រធាននាយកដ្ឋានកិច្ចការអឺរ៉ុប នៃក្រសួងការបរទេសចិន លោក Wang Lutong បានប្រាប់អ្នកកាសែតថា ពេលខ្លះ អ្នកនយោបាយអឺរ៉ុបនិយាយថា ចិនត្រូវនិយាយជាមួយរុស្ស៊ី (និយាយជាមួយលោកប្រធានាធិបតី ពូទីន) អំពីការដកទាហានរបស់ពួកគេចេញពីទឹកដីអ៊ុយក្រែនវិញ។ ប៉ុន្តែរឿងនេះ គឺស្ថិតនៅលើរុស្ស៊ី ដែលជាប្រទេសមានអធិបតេយ្យភាពដ៏ឯករាជ្យរឹងមាំខ្លាំងក្លា។
ហើយលោកប្រធានាធិបតី ពូទីន កំពុងធ្វើការសម្រេចចិត្តរបស់គាត់ ដោយផ្អែកលើផលប្រយោជន៍ជាតិ និងសន្តិសុខផ្ទាល់ខ្លួនរបស់គាត់។ និយាយដោយឡែក ខ្ញុំគិតថា ភាគីទាំងពីរ (ចិន-សហភាពអឺរ៉ុប) បានពិភាក្សាគ្នា អំពីអ្វីដែលទីក្រុងព្រុចសែលកំពុងហៅថា “អតុល្យភាពនៃពាណិជ្ជកម្មទ្វេភាគី” ហើយយើងមិនគិតថា ចិនជាអ្នកត្រូវទទួលខុសត្រូវចំពោះរឿងនេះទេ ព្រោះអតិរេកពាណិជ្ជកម្មមិនមែនជាគោលដៅរបស់យើងទេ។

លោក Wang បន្ថែមថា យើងចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការនាំចូលផលិតផលបន្ថែមទៀតពីអឺរ៉ុប ជាពិសេសបច្ចេកវិទ្យាកម្រិតខ្ពស់ និងផលិតផលដែលមានតម្លៃខ្ពស់។ ហើយយើងសង្ឃឹមថា សហភាពអឺរ៉ុប ក៏ដូចជាទីក្រុងព្រុចសែល នឹងមិនដាក់របាំងឧបសគ្គណាមួយ ដល់ការធ្វើពាណិជ្ជកម្មរវាងភាគីទាំងពីរឡើយ។
ការអត្ថាធិប្បាយរបស់លោក Wang Lutong ខាងលើនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំសហភាពអឺរ៉ុប ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានដាក់សម្ពាធលើភាពជាអ្នកដឹកនាំរបស់ចិន ជុំវិញបញ្ហាអតុល្យភាពពាណិជ្ជកម្ម ក៏ដូចជាសម្តែងការព្រួយបារម្ភ ចំពោះសម្ពាធរបស់ទីក្រុងប៉េកាំងលើកោះតៃវ៉ាន់ និងការគាំទ្ររុស្ស៊ី នៅក្នុងកិច្ចប្រជុំកំពូលដោយផ្ទាល់លើកដំបូងរបស់មេដឹកនាំទាំងពីរ ក្នុងរយៈពេលជាង ៤ឆ្នាំមកនេះ៕


ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា