ក្រុមប្រឹក្សាសន្តិសុខពិចារណាជំរុញឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅហ្គាហ្សា

អ.ស.ប៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងថ្ងៃសុក្រសប្តាហ៍នេះ បើកកិច្ចប្រជុំមួយ ស្តីពីជម្លោះនៅហ្គាហ្សា តបតាមការអំពាវនាវរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនី ហ្គូទែរេស ដើម្បីបោះឆ្នោតជំរុញឱ្យមានបទឈប់បាញ់ជាបន្ទាន់មួយ។

នៅក្នុងលិខិតមួយផ្ញើទៅកាន់ក្រុមប្រឹក្សាសន្តិសុខ ក្នុងថ្ងៃពុធសប្តាហ៍នេះ លោក ហ្គូទែរេស បានលើកឡើងពីមាត្រា ៩៩ នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដែលចែងថា អគ្គលេខាធិការជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខដោះស្រាយបញ្ហាណាមួយ ដែលតាមគំនិតរបស់លោក អាចជាការគំរាមកំហែងដល់ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។

លោក ហ្គូទែរេស បានគូសបញ្ជាក់ថា ចំពេលមានការទម្លាក់គ្រាប់បែកឥតឈប់ឈររបស់អ៊ីស្រាអែល ហើយគ្មានទីជំរក ឬសម្ភារៈចាំបាច់ដើម្បីរស់ ដូច្នេះខ្ញុំរំពឹងថា សណ្តាប់ធ្នាប់សាធារណៈនឹងដួលរលំទាំងស្រុងក្នុងពេលឆាប់ៗនេះ។ បន្ថែមលើនែះ លោក ហ្គូទែរេស បានអំពាវនាវឱ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ ដើម្បីទប់ស្កាត់គ្រោះមហន្តរាយដល់ប្រជាជនប៉ាឡេស្ទីន និងតំបន់មជ្ឈិមបូព៌ាទាំងមូល។

គួរបញ្ជាក់ថា សង្គ្រាមបង្ហូរឈាមដ៏ធំបំផុតមិនធ្លាប់មានរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ឥឡូវនេះឈានចូលដល់ខែទី ៣ ហើយ ដោយចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនឡើងលើសពី ១៧,០០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ នេះបើយោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស។

ចំណែកភាគីអ៊ីស្រាអែលបានអះអាងថា ការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធហាម៉ាសនៅក្នុងទឹកដីអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា បានបណ្តាលឱ្យមនុស្សប្រមាណ ១,២០០នាក់បាត់បង់ជីវិត និងចាប់មនុស្សជាច្រើនធ្វើចំណាប់ខ្មាំង។ ក្នុងនោះចំណាប់ខ្មាំងចំនួន ១៣៨នាក់កំពុងស្ថិតក្រោមការឃុំខ្លួនរបស់ក្រុមហាម៉ាសនៅឡើយ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner