រាជរដ្ឋាភិបាល គ្រោងបង្កើនថវិកាជាតិដល់ជាង ១៧០០លានដុល្លារ ដើម្បីអភិវឌ្ឍន៍មូលដ្ឋាននៅឆ្នាំ២០២៤
(ភ្នំពេញ)៖ នៅឆ្នាំ២០២៤ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា គ្រោងបង្កើនការចំណាយថវិកាជាតិរហូត ដល់ជាង ១៧០០លានដុល្លារ ឬស្មើនឹង ២០% នៃថវិកាជាតិសរុប ដើម្បីអភិវឌ្ឍមូលដ្ឋានឃុំ/សង្កាត់ ទូទាំងប្រទេស ។
ថវិកាជាតិដែលគ្រោងចំណាយដើម្បីអភិវឌ្ឍមូលដ្ឋាននៅឆ្នាំ២០២៤ មានចំនួនកើនឡើងប្រមាណជាង ៤០០លានដុល្លារ ខណៈនៅក្នុងឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានចំណាយថវិកាជាតិសម្រាប់អភិវឌ្ឍន៍មូលដ្ឋានថ្នាក់ក្រោមជាតិមានប្រមាណ ១២៥៥លានដុល្លារ ឬស្មើនឹង ១៧% នៃថវិកាជាតិសរុប ។
នេះបើតាមការលើកឡើងរបស់ លោក ចាន់ សុធា អនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងគណនេយ្យភាពសង្គម ជាមួយបណ្តាសារព័ត៌មាន នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ។

លោក ចាន់ សុធា បញ្ជាក់បន្ថែមថា ក្នុងចំណោមធនធានថវិកាជាតិដែលផ្ទេរទៅឲ្យរដ្ឋបាលនៅថ្នាក់ក្រោមជាតិឆ្នាំ២០២៣ទាំង១២៥៥លានដុល្លារនោះ រដ្ឋបាលថ្នាក់ឃុំ/សង្កាត់ ទទួលបាន ២៥៥លានដុល្លារ រដ្ឋបាលថ្នាក់ស្រុក/ខ័ណ្ឌ ទទួលបាន ១៦២លានដុល្លារ និងថ្នាក់រាជធានីខេត្តទទួលបានជាង ៨០០លានដុល្លារ» ។
លោក បញ្ជាក់ទៀតថា បច្ចុប្បន្ននេះ រដ្ឋបាលថ្នាក់ជាតិ បានផ្ទេរមុខងារប្រមាណជាង ២០វិស័យ ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងបានផ្ទេរមន្ត្រីទៅបម្រើការនៅថ្នាក់ក្រោមជាតិ មានប្រមាណជាង ៤ម៉ឺននាក់ ហើយនៅឆ្នាំ២០២៤ រដ្ឋបាលថ្នាក់ជាតិ នឹងបន្តផ្ទេរមន្ត្រីទៅបម្រើនៅថ្នាក់ក្រោមជាតិប្រមាណជាង ៦ម៉ឺននាក់ទៀត ដែលភាគច្រើនជាមន្ត្រីគ្រូបង្រៀននៅថ្នាក់បឋមសិក្សា និងមត្តេយសិក្សា។ តាមរយៈការផ្ទេរមុខងារទាំងវិស័យ ២០ ទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិជាអ្នកទទួលខុសត្រូវ និងនៅជិតជាមួយពលរដ្ឋនោះ បានជំរុញឲ្យមូលដ្ឋានឃុំ/សង្កាត់ទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់ ដូចជាការធានាផ្តល់សេវាជូនពលរដ្ឋលឿនរហ័ស ការទទួលបានស្ថាបនាផ្លូវ និងអភិវឌ្ឍវិស័យអប់រំ សុខាភិបាល និងបរិស្ថាន កាន់តែប្រសើរឡើង៕



ដោយ ង៉ាន់ ទិត្យ
រូបភាព លោក រិន រចនា