ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត៖ បរិវត្តកម្មឌីជីថលជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដែលមានតម្រូវការធនធានមនុស្សជាច្រេីន

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា បរិវត្តកម្មឌីជីថល (Digital Transformation) ជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដែលមានតម្រូវការធនធានមនុស្សជាច្រេីន។

ឯកឧត្តម រដ្ឋមន្ត្រីបន្ថែមថា ដេីម្បីចូលរួម ចំណែកលេីកិច្ចការងារនេះ ក្រសួងបានផ្ដោតការយកចិត្តទុកដាក់លើការកសាងធនធានមនុស្សក្នុងវិស័យឌីជីថលតាមរយ:ការពង្រឹងសមត្ថភាពសិស្ស-និស្សិត ចាប់តាំងពីថ្នាក់បឋមសិក្សា ដល់ឧត្តមសិក្សា មានជាអាទិ៍៖ ១). នៅកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ ក្រសួងបានបង្កើតកម្មវិធីបញ្ញវន្តឌីជីថល កម្មវិធីតិចណូវេសិន ដើម្បីលើកកម្ពស់ចំណេះដឹងឌីជីថល ជំរុញការចាប់យកឌីជីថល និងប្រកួតប្រជែងនានា ២). នៅកម្រិតវិទ្យាល័យ ក្រសួងបានរៀបចំមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ដល់គ្រប់វិទ្យាល័យ ព្រមទាំងគ្រោងតភ្ជាប់បណ្តាញខ្សែកាបអុបទិកនិងអុីនធឺណិតទៅដល់គ្រប់ឃុំ-សង្កាត់ ត្រឹមឆ្នាំ២០២៧ និង ៣). នៅកម្រិតឧត្តមសិក្សា ក្រសួងនឹងជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងអ៊ីនធឺណិត មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ ដែលបម្រើដល់ការងារប្រចាំថ្ងៃនិងការសិក្សារបស់និស្សិត។

ការថ្លែងបែបនេះធ្វើឡើងនារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ ក្នុងឱកាសដែល ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្របញ្ចប់វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មានវិទ្យាជំនាន់ទី១១ កម្រិតខ្ពស់ ដល់សិក្ខាកាមដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី។

ឯកឧត្តម រដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា បច្ចុប្បន្ន ក្រសួងកំពុងរៀបចំផែនទីបង្ហាញផ្លូវ (Roadmap) រួមសម្រាប់ការបណ្តុះបណ្តាលកម្រិតឧត្តមសិក្សា ដើម្បីឆ្លើយតបនឹងនិន្នាការវិវត្តន៍របស់បច្ចេកវិទ្យាទាំងក្នុងតំបន់និងពិភពលោក។ ស្របជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ក្នុងការកសាងធនធានមនុស្សឆ្នើមក្នុងយុគសម័យឌីជីថលក្រសួងបានផ្តល់តាមរយៈកម្មវិធី២ គឺ អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ និងកម្មវិធីអភិវឌ្ឍន៍ជំនាញឌីជីថល។

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ដល់មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី ដែលបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលមន្ត្រីជំនាញបច្ចេកវិទ្យាឌីជីថលបានចំនួនយ៉ាងច្រើន ហើយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ពិតជាចង់ឃើញការកើតឡើងនៃមជ្ឈមណ្ឌលអភិវឌ្ឍសមត្ថភាពជំនាញឌីជីផលឱ្យមានកាន់តែច្រេីន ដើម្បីគាំទ្រ និងជំនរុញការអភិវឌ្ឍធនធានមនុស្សជំនាញឌីជីថល ឱ្យបានច្រើនបន្ថែមទៀតនាពេលអនាគត។ ក្នុងរយៈពេលកន្លងមកនេះ សិស្សដែលបានបញ្ចប់ការសិក្សាមួយចំនួនត្រូវបានជ្រើសរើសឱ្យចូលបម្រើការនៅក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីចូលរួមអភិវឌ្ឍសហ្វវែរ និងប្រព័ន្ធបច្ចេកវិទ្យាឌីជីថលផ្សេងទៀត សំដៅជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជាផងដែរ៕

ដោយ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner