បាតុភូតអាកាសធាតុ El Nino ធ្វើឱ្យឧស្សាហកម្មនេសាទរបស់ប៉េរូធ្លាក់ក្នុងវិបត្តិ

លីម៉ា៖ ការព្យាករណ៍មួយបានព្រមានថា បាតុភូតអាកាសធាតុ El Niño ដែលបានចាប់ផ្តើមជាផ្លូវការនៅពាក់កណ្តាលឆ្នាំនេះ អាចនឹងបន្តរហូតដល់ខែឧសភា ឆ្នាំ ២០២៤។ ការណ៍នេះ នឹងប៉ះពាល់ដល់ឧស្សាហកម្មនេសាទរបស់ប្រទេសប៉េរូ។

El Nino ដែលជាបាតុភូតអាកាសធាតុ ជាប់ទាក់ទងនឹងសីតុណ្ហភាពមហាសមុទ្រកើនឡើងខ្ពស់ ដែលបង្កឲ្យមានគ្រោះរាំងស្ងួត និងទឹកជំនន់នោះ កំពុងបង្កការបំផ្លិចបំផ្លាញដល់ប៉េរូ ដែលជាប្រទេសផលិតប្រេងត្រី និងសាច់ត្រីធំជាងគេបំផុតរបស់ពិភពលោក។

ប្រធានទូកនេសាទត្រីឆ្លាម លោក Luis Celis និយាយថា បាតុភូតអាកាសធាតុ El Nino បានប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកយើង ពីព្រោះការនេសាទក្នុងរដូវដំបូងនៃឆ្នាំនេះ ត្រូវបានលុបចោលដោយសារការកើនឡើងសីតុណ្ហភាពខ្ពស់ខ្លាំង។

លោកបន្តថា វិស័យនេសាទរបស់យើងមិនទាន់ត្រៀមខ្លួនរួចរាល់ ក្នុងការប្រឈមមុខនឹងបាតុភូតអាកាសធាតុ El Nino ក្នុងរយៈពេល ១ ឬ ២ឆ្នាំនោះទេ ដូច្នេះវានឹងក្លាយជាគ្រោះមហន្តរាយ។ លោកបន្ថែមថា ការនេសាទ គឺជាវិស័យដ៏សំខាន់បំផុតមួយ នៅក្នុងចរន្តសេដ្ឋកិច្ចរបស់ប្រទេសប៉េរូរយៈពេលជិត ៣២ឆ្នាំមកនេះ។

ការនេសាទបានប្រឈមមុខនឹងវិបត្តិដ៏អាក្រក់បំផុតក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ ដោយសារមិនមានរដូវនេសាទដំបូង ដូច្នេះយើងបានខាតបង់ថវិកាប្រមាណ ១ពាន់លានដុល្លារក្នុងការនាំចេញ នេះបើតាមការបញ្ជាក់ពីប្រធានសង្គមជាតិទទួលបន្ទុកកិច្ចការជនផល លោក Eduardo Ferreyros។

យោងតាមវិទ្យាស្ថានជាតិស្ថិតិ និងព័ត៌មានវិទ្យាប៉េរូ (INEI) បានឱ្យដឹងថា នៅចន្លោះខែមករា និងខែកញ្ញាឆ្នាំនេះ វិស័យជលផលបានធ្លាក់ចុះ ២៦.៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner