អូស្ត្រាលីគ្រោងកាត់បន្ថយជនចំណាកស្រុកនិងផ្តើមរឹតបន្តឹងច្បាប់ទិដ្ឋាការសម្រាប់និស្សិតអន្តរជាតិ
កង់បេរ៉ា៖ប្រទេសអូស្ត្រាលីនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បានប្រកាសថានឹងធ្វើការរឹតបន្តឹងច្បាប់ទិដ្ឋាការសម្រាប់និស្សិតអន្តរជាតិ និងកម្មករដែលមានជំនាញទាប ដែលអាចនឹងកាត់បន្ថយចំនួនជនចំណាកស្រុករបស់ខ្លួនពាក់កណ្តាលក្នុងរយៈពេលពីរឆ្នាំខាងមុខ ស្របពេលដែលរដ្ឋាភិបាលប្រទេសនេះកំពុងតែស្វះស្វែងកែលម្អប្រព័ន្ធសម្រាប់ជនចំណាកស្រុក។
ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីការធ្វើអន្តោប្រវេសន៍ចូលទៅកាន់ប្រទេសអូស្ត្រាលីបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងអត្រា ៥១០,០០០នាក់ក្នុងឆ្នាំ ២០២២-២០២២៣។សម្រាប់ឆ្នាំ ២០២៤-២០២៥ និង២០២៥-២០២៦វិញ ស្របតាមការរឹតបន្តឹងថ្មីនេះ ទិន្នន័យផ្លូវការបានព្យាករណ៍បង្ហាញឱ្យឃើញថា វានឹងធ្លាក់ចុះមកនៅត្រឹមមួយភាគបួននៃចំនួនមនុស្សមួយលាននាក់ ដែលប្រហាក់ប្រហែលនឹងកម្រិតមុនកូវីដ១៩។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូស្ត្រាលី លោក Clare O’Neil បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងបានខិតខំខ្លាំងណាស់ធ្វើយ៉ាងណាដើម្បីធ្វើមានសមតុល្យដ៏ល្អបំផុតនៅក្នុងប្រព័ន្ធចំណាកស្រុករបស់ប្រទេសអូស្ត្រាលី»។
លោក O’Neil បានបន្តថា ការកើនឡើងនៃចំនួនជនចំណាកស្រុកក្នុងឆ្នាំ ២០២២-២០២៣ នេះភាគច្រើនគឺជានិស្សិតអន្តរជាតិ។
នាយករដ្ឋមន្ត្រីលោក Anthony Albanese កាលពីចុងសប្តាហ៍កន្លងទៅនេះ ក៏បាននិយាយឱ្យដឹងដែរថា ចំនួនជនចំណាកស្រុកមកកាន់ប្រទេសអូស្ត្រាលីចាំបាច់ត្រូវពង្រឹងឱ្យត្រឡប់ទៅរក «កម្រិតមួយប្រកបដោយនិរន្តរភាព» វិញ ខណៈលោកបន្ថែមថាប្រព័ន្ធនាពេលបច្ចុប្បន្ននេះបានខូចហើយ។
កន្លងមកអូស្ត្រាលីពឹងផ្អែកខ្លាំងលើជនចំណាកស្រុកទូទៅមកបំពេញទីផ្សារការងារដ៏ប្រកួតប្រជែងបំផុតមួយក្នុងពិភពលោក ក៏ប៉ុន្តែក្រោយការកែប្រែនេះរដ្ឋាភិបាលរបស់ប្រទេសអូស្ត្រាលីបានងាកទៅជំរុញឱ្យបង្កើនល្បឿនដោយចម្រាញ់យកតែបុគ្គលិកដែលមានជំនាញខ្ពស់ ប៉ុន្តែអាចធ្វើឱ្យពួកគេស្នាក់នៅ អចិន្ត្រៃយ៍ដោយរលូនវិញ។
នៅក្រោមគោលនយោបាយថ្មី និស្សិតអន្តរជាតិនឹងត្រូវការការវាយតម្លៃកាន់តែខ្ពស់លើការធ្វើតេស្តភាសាអង់គ្លេស ហើយគោលនយោបាយថ្មីនេះក៏នឹងបញ្ចប់ការ អនុញ្ញាតឱ្យនិស្សិតអន្តជាតិអូសបន្លាយការស្នាក់នៅក្នុងប្រទេសអូស្ត្រាលីក្រោយបញ្ចប់ការសិក្សាផងដែរ។
ដោយឡែកទិដ្ឋាការពិសេសថ្មីសម្រាប់បុគ្គលិកដែលមានជំនាញខ្ពស់នឹងត្រូវបានបង្កើតឡើងជាមួយនឹងពេលវេលាដំណើរការធ្វើត្រឹមមួយសប្តាហ៍ ដែលវានឹងជួយដល់អាជីវកម្មមានជម្រើសជ្រើសរើសបុគ្គលិកបរទេសកំពូល បើទោះបីជាមានការប្រកួតប្រជែងជាមួយប្រទេសសេដ្ឋកិច្ចអភិវឌ្ឍន៍ផ្សេងទៀតក្តី៕
ដោយ៖ស្រ៊ុន សិរីវឌ្ឍនៈ
ប្រភព៖ Australia plans to halve migrant intake, tighten student visa rules