រដ្ឋសភានឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើសមាសភាពថ្នាក់ដឹកនាំ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតអាណត្តិថ្មី នៅថ្ងៃទី១៣ ធ្នូ

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកចន្ទ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តលើសមាសភាពបេក្ខជនដែលបានដាក់ពាក្យជាថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយរដ្ឋសភានីតិកាលទី៧ ។ ជាមួយគ្នានេះកិច្ចប្រជុំបានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ នៅព្រឹកថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ ដើម្បីអង្គសភាធ្វើការបោះឆ្នោតទុកចិត្តលើសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយរដ្ឋសភា នីតិកាលទី៧ ។

សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងមកនេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តលើគោលការណ៍នៃការជ្រើសរើសសមាសភាព ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយរដ្ឋសភា នីតិកាលទី៧ ដោយប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីប្រកាសជ្រើសរើសបេក្ខជនសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយធ្វើការសម្របសម្រួលជាមួយគណបក្សនយោបាយទាំងអស់ ដែលមានអាសនៈក្នុងរដ្ឋសភា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យ សម្រេច និងបន្តនីតិវិធី ៕

ដោយ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner