លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត បានអំពាវនាវដល់សប្បុរសជន ឲ្យជួយគាំទ្រវិស័យកីឡារាំ និងសូមឲ្យប្រជាពលរដ្ឋ នាំគ្នាហាត់កីឡាដើម្បីសុខភាព
(ភ្នំពេញ)៖លោកជំទាវឧកញ៉ា ហ៊ុន ស៊ីណាត បានបញ្ជាក់ថា ការប្រកួតកីឡារាំនៅថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងនូវសមត្ថភាព ចំណេះដឹងបទពិសោធន៍ បច្ចេកទេស ថ្មីៗ និងទេពកោសល្យរបស់កីឡាករ-កីឡាការិនី ដែលបានធ្វើការហ្វឹកហាត់អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ដោយនាំយកមកប្រកួតប្រជែងនៅក្នុងថ្ងៃនេះ។
លោកជំទាវ ក៏បានផ្តាំផ្ញើដល់គណៈកម្មការ រៀបចំការប្រកួត គណៈកម្មការបច្ចេកទេស គ្រូបង្វឹក ត្រូវឈរលើស្មារតីទទួលខុសត្រូវដាក់ពន្ទុឈរលើភាព យុត្តិធ៌ម សុក្រិត្យ មិនលំអៀង មិនប្រកាន់បក្សពួក ចំណែកកូនក្មួយ ចៅៗជាកីឡាករ កីឡាការិនី ទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់គោរពនូវបទបញ្ជាប្រកួតនានា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកបានចែងឡើង រក្សានូវស្មារតីសាមគ្គីភាព គោរពដៃគូរបស់ខ្លួនក្នុងពេលប្រកួត ប្រឹងបញ្ចេញឲ្យអស់ពីសមត្ថភាពដើម្បីឈានទៅដណ្តើមមេដាយសម្រាប់ខ្លួនឯង ពិសេសត្រៀមខ្លួនចេញទៅប្រកួតលើឆាក អន្តរជាតិ និងត្រៀមធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៩ខាងមុខប្រកបដោយជោគជ័យ ។ លោកជំទាវឧកញ៉ា បានអំពាវនាវដល់សប្បុរសជន ក្រុមហ៊ុននានាមេត្តាជួយគាំទ្រវិស័យកីឡារាំ និងសូមបងប្អូន ប្រជាពលរដ្ឋ យុវជនយុវតី កុមារាកុមារី នាំគ្នាហាត់កីឡាដើម្បីសុខភាព ធ្វើឲ្យរាងកាយមាំមួន ប្រាជ្ញាវាងវៃ។

លោកជំទាវ បានកោតសរសើរ និងថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា ព្រមទាំង ក្រុមការងារប្រតិបត្តិទាំងអស់ដែលបានខិតខំអភិវឌ្ឍវិស័យកីឡារាំអន្តរជាតិនេះពីបាតដៃទទេដែលអ្នកដឹក នាំសុទ្ធតែស្ត្រីទៀត ពិសេសកន្លងមកសហព័ន្ធកីឡារាំបានធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមទទួលជោគជ័យយ៉ាងខ្លាំង ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា។

លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា បានកោតសរសើរថ្នាក់ដឹកនាំ គណៈកម្មាធិការប្រតិបត្តិ លោកគ្រូ អ្នកគ្រូបង្វឹក និងកីឡាករ កីឡាការិនីបន្ដរក្សាសាមគ្គីភាពផ្ទៃក្នុង សហការគ្នា បង្កើនភាពស្និតស្នាលស្វាហាប់ ក្នុងការងារជំនាញកីឡារាំឲ្យកាន់តែខ្លាំងក្លា និងឆន្ទៈមោះមុត ដើម្បីឆ្ពោះទៅរកភាពជោគជ័យក្នុងការប្រកួត កីឡារាំអន្តរជាតិនានា នៅពេលខាងមុខនេះ។ ការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០២៣ លើ២៣ប្រភេទវិញ្ញាសា រួមមាន៖ វិញ្ញាសា រាំគូ Latin Dance និង វិញ្ញាសា Standard Dance ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន ៥០នាក់ មកពីក្លឹបចំនួន ៦ក្លឹប ក្នុងនោះមានក្លឹបមហាផ្ទៃ ក្លឹបកងទ័ពជើងទឹក ក្លឹបរខេត្តកណ្ដាល ក្លឹបខេត្តកំពង់ចាម ក្លឹប Joy School ដែលនឹងប្រព្រឹត្តទៅនៅពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងនាពេលនេះ ៕






ចាន់ វិចិត្រ