តើអ្នកណាខ្លះជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតសម្រាប់អាណត្តិថ្មី?
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូខាងមុខនេះ រដ្ឋសភា នីតិកាលទី៧ នឹងធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចំនួន ៩រូប ដែលចំនួន ៤រូប កូតាខាងគណបក្សប្រជាជនកម្ពុជា , ចំនួន ៤រូបទៀត កូតាខាងគណបក្សហ៊្វុនស៊ិនប៉ិច និង ១រូប ខាងសង្គមស៊ីវិល។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភានៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា ថា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។ អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដោយមានលទ្ធផលដូចខាងក្រោម៖
១- អង្គប្រជុំបានអនុម័តជ្រើសរើសបេក្ខជនជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយរដ្ឋសភា នីតិកាលទី៧ ចំនួន៩រូប ដែលមានរាយនាមដូចខាងក្រោម៖
១. ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន
២. ឯកឧត្តម ជឺ ចំណាន អនុប្រធាន
៣. ឯកឧត្តម មាន សទិ សមាជិក
៤. ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក
៥. ឯកឧត្តម សោម សូរីដា សមាជិក
៦. ឯកឧត្តម ហេង ស៊ីឡេង សមាជិក
៧. ឯកឧត្តម យិច សមិទ្ធិ សមាជិក
៨. ឯកឧត្ដម ហ៊ែល សារ៉ាត់ សមាជិក
៩. ឯកឧត្តម ហង្ស ពុទ្ធា សមាជិក
២- អង្គប្រជុំបានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នៅព្រឹក ថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៨.០០នាទី ដោយមានរបៀបវារៈតែមួយ គឺការបោះឆ្នោតទុកចិត្តសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទាំង ៩រូប ដោយរដ្ឋសភា នីតិកាលទី៧។
សូមជម្រាបថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងមកនេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តលើគោលការណ៍នៃការជ្រើសរើសសមាសភាព ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយរដ្ឋសភា នីតិកាលទី៧ ដោយប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តីប្រកាសជ្រើសរើសបេក្ខជនសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយធ្វើការសម្របសម្រួលជាមួយគណបក្សនយោបាយទាំងអស់ ដែលមានអាសនៈក្នុងរដ្ឋសភា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យ សម្រេច និងបន្តនីតិវិធី៕
ដោយ៖ពលជ័យ






