ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ៖ ការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន គឺត្រូវមានការផ្សារភ្ជាប់ពីជំនាន់មុន ខណៈកម្ពុជាមានស្ថាបត្យកម្មដ៏អស្ចារ្យជាច្រើនបន្សល់ទុកពីដូនតា ក្នុងនោះមានប្រាសាទអង្គរវត្តជាដើម
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍គូសបញ្ជាក់ថា ជាការពិតណាស់ ការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន គឺត្រូវមានការផ្សារភ្ជាប់ពីជំនាន់មុន ខណៈកម្ពុជាមានស្ថាបត្យកម្មដ៏អស្ចារ្យជាច្រើនបន្សល់ទុកពីដូនតា ក្នុងនោះមានប្រាសាទអង្គរវត្តជាដើម ។
នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក្នុងឱកាសសិក្ខាសាលាស្តីពី ទីក្រុងទឹកអង្គរ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានប្រសាសន៍បន្ថែមថា គំរូនៃស្ថាបត្យកម្មតាមរាជធានីបុរាណ ដែលដូនតារបស់ខ្មែរ បានអភិវឌ្ឍន៍អស់រយៈពេលជាច្រើនរយឆ្នាំ ទៅផ្សព្វផ្សាយនៃស្នាដៃទាំងអស់នោះ ទៅដល់ស្ថាបត្យករ ឬនិស្សិតសិក្សាជំនាញស្ថាបត្យកម្ម មកផ្សារភ្ជាប់ និងអភិវឌ្ឍន៍លើវិស័យសំណង់ ឬការកសាងនូវទីក្រុង ។ កត្តាទាំងអស់នេះហើយ ដែលស្ថាបត្យករ ឬវិស្វករសម័យថ្មី ត្រូវតែគិតគូរ បើទោះបីពិភពលោកមានការរីកចម្រើនផ្នែកបច្ចេកវិទ្យា ដោយការគូសប្លង់ ឬរៀបចំអភិវឌ្ឍន៍នូវទីក្រុងថ្មី ឬសាងសង់សំណង់ថ្មី ក៏ត្រូវគិតជីវភាពរស់នៅ របស់ពលរដ្ឋក្នុងតំបន់ ឬភូមិសាស្ត្រជាដើម ។
ឯកឧត្តម ហង្សសុត សំភារ អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការគណៈស្ថាបត្យករកម្ពុជា មានប្រសាសន៍ថា តាមប្រវត្តិសាស្ត្រប្រទេសកម្ពុជា មានកំណើតនៃការកសាងទីក្រុងបុរាណចំនួន៣ ក្នុងនោះទី១. ទីក្រុងបុរាណនៅអូរកែវ, ទី២.ក្រុងបុរាណអង្គបុរី និងទី៣. ទីក្រុងឦសានបុរៈ (ប្រាសាទសំបូរព្រៃគុក) ហើយទីក្រុងឦសានបុរៈ គឺជាទីក្រុងគំរូមួយ សម្រាប់ទៅរៀបចំទីក្រុងអង្គរ ។

ឯកឧត្តមបន្តថា ការរៀបចំទីក្រុងបុរាណនេះ គឺមានរចនសម្ព័ន្ធច្បាស់លាស់ ត្រឹមត្រូវ ហើយជាទីក្រុងពោរពេញទៅដោយការរៀបចំមានបែបផែន មានបច្ចេកទេសខ្ពស់ សម្រាប់ក្រុងបុរាណ ដែលមានទាំងការរៀបចំប្រព័ន្ធទឹក ការរស់នៅ ការធ្វើចរាចរណ៍ និងការធ្វើការទំនាក់ទំនាក់គ្នា ក៏មានភាពល្អប្រសើរ ដែលគំរូទាំងអស់នេះ សម្រាប់កូនខ្មែរជំនាន់ក្រោយ ធ្វើការអភិវឌ្ឍន៍ទីក្រុង ឬវិស័យសំណង់ ហើយសម្រាប់គំរូក្រុងបុរាណ ដែលត្រូវលើកយកមកបង្ហាញនេះ គឺមានទីក្រុងឦសានបុរៈ និងក្រុងអង្គរ ៕ ដោយ ៖ គ្រី សម្បត្តិ

