រដ្ឋមន្ត្រីក្រសួងការងារ នឹងជំរុញឱ្យរោងចក្រសហគ្រាស ទទួលយកជនមានពិការភាពធ្វើការឱ្យបាន ៣ភាគរយ
ភ្នំពេញ៖ ក្នុងពិធីបិទបញ្ចប់គម្រោង ស្តីពីទីផ្សាការងារប្រកបដោយ បរិយាបន្ន គាំទ្រដល់អ្នកស្វែងរកការងារធ្វើដែលមានពិការភាព ដែល ធ្វើឡើងនៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ បានអះអាងថា ក្រសួង នឹងធ្វើការជាមួយដៃគូពាក់ព័ន្ធ ដើម្បីជំរុញឱ្យរោងចក្រសហគ្រាសទទួលយកជនមានពិការភាពឱ្យបាន៣ភាគរយចូលក្នុងប្រតិបត្តិការ។
ប្រភពក្រសួងការងារបានឱ្យដឹងថា ការជំរុញរបស់ឯកឧត្តមរដ្ឋមន្ត្រីនេះ ស្របពេលដែលចំនួនចូលធ្វើការរបស់ជនមានពិការភាពទាំងអស់នៅទូទាំងប្រទេសនៅមានកម្រិតនៅឡើយ។

សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង បន្តធ្វើការជាមួយរោងចក្រ សហគ្រាសបន្តទៀត ដើម្បីបង្ករលក្ខណៈ បត់បែន សម្រាប់ជនមានពិការភាពអាចចូលធ្វើការបន្ថែម ទៀតទៅ តាមជំនាញផ្សេងទៀតដូចជាអ្នកទទួលនិងលើកទូរសព្ទ និងកិច្ចការងារ មិនប្រើប្រាស់កម្លាំងផ្សេងៗទៀតដើម្បីអាចឱ្យបងប្អូនជនជនពិការទាំងអស់អាចទទួលបានការងារសមរម្យ និងមានជីវភាពកាន់តែប្រសើរ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញឱ្យបងប្អូនមានពិការភាព អាចសំឡឹងមើលជំនាញវិជ្ជាជីវៈដែលរាជរដ្ឋាភិបាលបានប្រកាសផ្តល់ជូនបងប្អូនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដែលស្របតាម លទ្ធភាព ក្នុងការពង្រឹងសមត្ថភាពចំណេះជំនាញ របស់ខ្លួន។

ទោះបីជាបែបណាក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្ត ដល់ជនមានពិការភាពទាំងអស់មិនត្រូវអស់សង្ឃឹម ហើយត្រូវតស៊ូជម្នះរាល់ការលំបាកនានាដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងសង្គមជាតិដែលមិនមែនជាបន្ទុកសង្គមនោះឡើយ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ ក្រសួងការងារ
