សត្វផ្សោតត្រូវបានការពារយ៉ាងយកចិត្តទុកដាក់ និងមានចំនួនកើនឡើង
(ភ្នំពេញ)៖ សត្វផ្សោតទន្លេមេគង្គ ត្រូវបានអ្នកវិទ្យាសាស្រ្តចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជ។នៅក្នុងប្រទេសកម្ពុជាសត្វផ្សោតទាំងនេះកំពុងរស់នៅតាមទីជម្រកសំខាន់ៗនៃទន្លេមេគង្គ ចាប់ពីទីរួមខេត្តក្រចេះ រហូតទៅដល់ ព្រំប្រទល់ នៃប្រទេសឡាវ ប៉ែកខាងក្រោមនៃល្បាក់ខោនដែលមានចម្ងាយ១៨០គីឡូម៉ែត្រ។
បច្ចុប្បន្ននេះដែរ មានតែប្រទេសចំនួន០៦ប៉ុណ្ណោះ ដែលមានវត្តមានផ្សោតទឹកសាបរស់នៅ ហើយកម្ពុជាជាប្រទេសដែលមានផ្សោតទឹកសាបច្រើនជាងគេ ដែលកំពុងហែលឡើងចុះតាមខ្សែទឹកដងទន្លេមេគង្គនៅម្តុំព្រែកកាំពី ក្នុង ខេត្តក្រចេះ។
លោក ផៃ សុម៉ានី អនុប្រធាននាយកដ្ឋានអភិរក្សនៃរដ្ឋបាលជលផលបានបញ្ជាក់ឱ្យដឹងថា៖បច្ចុប្បន្នការគ្រប់គ្រង និងអភិរក្សសត្វផ្សោតទន្លេមេគង្គក្នុងនេះរដ្ឋបាលជលផល កំពុងសហការជាមួយរដ្ឋបាល ខេត្ត ក្រចេះ និងស្ទឹងត្រែងដោយបានផ្តោតសំខាន់ទៅលើដងទន្លេដែលមានចម្ងាយ១៨០គីឡូម៉ែត្រចាប់ពីក្បាលកោះទ្រង់ក្នុង ខេត្ត ក្រចេះ ឆ្ពោះទៅកាន់ព្រំប្រទល់កម្ពុជា-ឡាវ។

លោកបានលើកឡើងដោយបញ្ជាក់ថាបើគេនិយាយពី របាយសត្វផ្សោតកាលពីមុនមក គឺវាធ្លាប់រស់នៅរាយប៉ាយតាមដងទន្លេមេគង្គទាំងមូលក្នុងបឹងទន្លេសាប និងដៃទាំងបី នៃទន្លេមេគង្គ រួមមានដូចជា៖ទន្លេសេសាន្ត សេកុង និង ស្រែពក។ទោះបីយ៉ាងណាបច្ចុប្បន្ននេះ ដែនជម្រករបស់វាបានរួញខ្លី នៅចម្ងាយប្រមាណ ១៨០គីឡូម៉ែត្រប៉ុណ្ណោះ ។ សម្រាប់ចំនួនរបស់វាគឺ មានប្រមាណ ៨០ក្បាល ក្នុងឆ្នាំ២០១៥ ។ ទោះបីយ៉ាងណាក្រោមការអភិរក្សបានត្រឹមត្រូវរបស់កម្ពុជាគឺបច្ចុប្បន្ន បានបង្កើនចំនួនពី ៨០ក្បាលដល់ ៩២ក្បាលក្នុងអំឡុងឆ្នាំ២០១៧ ។ ក្នុងឆ្នាំ២០២០យើងនៅតែបន្តស្ថេរភាពនៃចំនួននេះដដែលទេ ។ ក្នុងឆ្នាំ២០២៤ គេនឹងធ្វើការគណនាចំនួនសត្វផ្សោតជាថ្មី ។
លោក ផៃ សុម៉ានី បានលើកឡើងដោយបញ្ជាក់ឱ្យដឹងដែរថា៖”ដើម្បីឆ្លើយតបទៅនឹងការស្លាប់របស់សត្វផ្សោតរាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រិតស្តីពីការបង្កើត និង ការគ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ដែលអនុក្រិត្យនេះបានដាក់ចេញកាលពីឆ្នាំ២០១២មកម្ល៉េះពីព្រោះថាក្នុងឆ្នាំ ២០១០និង២០១១មានសត្វផ្សោតស្លាប់ច្រើន ។ អនុក្រិត្យដែលបង្កើតតំបន់១៨០គីឡូម៉ែត្រហ្នឹងបែងចែកជាតំបន់២ផ្សេងទៀតក្នុងនេះរួមមានតំបន់ស្នូល និងតំបន់ទ្រនាប់។ក្នុងនេះយើងបានហាមប្រជានេសាទប្រើមង ក្នុងតំបន់ស្នូល លើកលែងតំបន់ទ្រនាប់ មងយើងអនុញ្ញាត្តិឱ្យប្រើប្រាស់តែត្រូវក្រឡាល្អិត ។ មងហ្នឹងត្រូវតូចជាង ៤សង់ទីម៉ែត្រ ហើយម្ចាស់មងចាំបាច់ត្រូវនៅជាមួយមងដើម្បីមើលមងរបស់ខ្លួនដើម្បីការពារសត្វផ្សោតជាប់មង ហើយអាចសង្រ្គោះវាបានទាន់ពេលវេលា”។

ជាមួយគ្នានេះលោកបានបញ្ជាក់បន្ថែមថា៖សម្រាប់កិច្ចការពារ និង អភិរក្សសត្វផ្សោត គឺយើងមិនមែនត្រឹមតែការពារសត្វផ្សោតទេ ប៉ុន្តែក៏នៅបានការពារអន្លង់ទឹកជ្រៅដែលជាជម្រកត្រី ហើយយើងរក្សាបានស្តុកត្រីក្នុងធម្មជាតិ ដែលធានាបានការប្រើប្រាស់នៃការចាប់ត្រីរបស់ប្រជាពលរដ្ឋមូលដ្ឋានប្រកបដោយចិរភាព ។ បច្ចុប្បន្នយើងមានកិច្ចការពារសត្វផ្សោតទាំងយប់ និង ថ្ងៃ ធ្វើឱ្យជួយកាត់បន្ថយនៃការបាត់បង់ជីវិតសត្វផ្សោតយ៉ាងច្រើន ។ បន្ថែមពីនេះទៀតក្រសួងកសិកម្មតាមរយៈរដ្ឋមន្រ្តីបានផ្តល់សម្ភារៈជាឧបករណ៍នានាក្នុងការអនុវត្តច្បាប់នោះគឺយើងបានប្រើប្រាស់ឧបករណ៍ទាំងនោះក្នុងនេះដូចជាទូកទំនើបៗកែវឆ្លុះ ពោងបំភ្លឺ សម្រាប់ពេលយប់ និងក្រៅពីនេះមានការបណ្តុះបណ្តាលដល់ឆ្មាំទន្លេដែលមានជំនាញខ្ពស់ក្នុងកិច្ចការពារ និងអភិរក្សសត្វផ្សោតថែមទៀត។
លោកបានបញ្ជាក់ដែរថា៖សត្វផ្សោតជាទូទៅ ត្រូវបានគេប្រើប្រាស់សម្រាប់ការវាស់ស្ទង់ គុណភាពរបស់ទឹកទន្លេ គឺមានន័យថាវត្តមានរបស់សត្វផ្សោតនៅទីកន្លែងណាមួយ បានបញ្ជាក់ថាប្រព័ន្ធអេកូឡូស៊ី និងសុខភាពរបស់ទន្លេនៅទីនោះ មានភាពប្រសើរ ដែលសម្បូរដោយត្រីគ្រប់ប្រភេទរស់នៅ ព្រមទាំងជាទីជម្រកដល់វារីសត្វជាច្រើនប្រភេទទៀតរស់នៅផងដែរ ៕

អត្ថបទ៖ម៉ាដេប៉ូ
រូបភាព៖ គ្រីសម្បត្តិ