សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឱ្យផ្សព្វផ្សាយពីសច្ចភាពប្រវត្តិសាស្ត្រ នៃទំនាក់ទំនងកម្ពុជា-វៀតណាម ទៅប្រជាជនទាំងពីរ
រដ្ឋធានីហាណូយ៖ ក្នុងពិធីលៀងសាយភោជន៍ស្វាគមន៍ដំណើរទស្សនកិច្ចជាផ្លូវការនៅក្នុងប្រទេសវៀតណាម ដែលរៀបចំដោយ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម នៅយប់ថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហាណូយ សាធារណៈរដ្ឋសង្គមនិយមវៀតណាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសរំលេចថា សច្ចភាពប្រវត្តិសាស្ត្រខ្មែរ ជួយបង្រួបបង្រួមវៀតណាម និងវៀតណាមជួយកម្ពុជា រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ប៉ុលពត មិនអាចក្រុមប្រតិកិរិយាណា មកកែខៃកាឡៃបាននោះឡើយ។
ក្នុងសុន្ទរកថា នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរម្លឹកដល់ការខិតខំរបស់មេដឹកនាំកម្ពុជាជំនាន់មុន រាប់ចាប់ពីសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ហ៊ុន សែន ជាមួយមេដឹកនាំវៀតណាម ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយ។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានរម្លឹកពីការជួយរបស់កម្ពុជា ក្នុងបុព្វហេតុបង្រួបបង្រួមវៀតណាមខាងជើង និងខាងត្បូង នាទសវត្ស៍៦០ និងការជួយរបស់វៀតណាម ក្នុងការរំដោះកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតនាចុងទសវត្សរ៍៧០ និងការបន្តជួយជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍន៍កម្ពុជាឡើងវិញ។
សម្តេច បានបញ្ជាក់ថា នេះជាសក្ខីភាពប្រវត្តិសាស្ត្រ ហើយគ្មានកម្លាំងប្រតិកិរិយាណាអាចមកប្រែក្រឡាស់បានឡើយ។ យើងត្រូវអប់រំ និងផ្សព្វផ្សាយឱ្យប្រជាជនយើងទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយ បានយល់ដឹងជ្រូតជ្រាបអំពីសច្ចភាពប្រវត្តិសាស្ត្រនេះ ក៏ដូចជាសារសំខាន់ និងគុណតម្លៃនៃទំនាក់ទំនងជិតស្និទ្ធរវាងកម្ពុជា និងវៀតណាម ។
ក្នុងជំនួបជាមួយមេដឹកនាំជាន់ខ្ពស់របស់វៀតណាម សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីគោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី ដោយសម្តេចសង្កត់ធ្ងន់ថា គោលនយោបាយការបរទេសរបស់រាជរដ្ឋាភិបាលកម្ពុជា ឈរលើនិរន្តភាព និងសង្គតិភាព ហើយកម្ពុជា-វៀតណាម នៅតែបន្តរក្សាទំនាក់ទំនងល្អ មិនប្តូរនយោបាយនៃទំនាក់ទំនងល្អជាមួយប្រទេសជាមិត្តនោះឡើយ ៕
ដោយ៖ វណ្ណលុក







