ជប៉ុនសម្រេចផ្តល់គម្រោងជំនួយថ្មី ថវិកា ៣សែនដុល្លារ សម្រាប់ជួយអភិរក្សតំបន់រមណីយដ្ឋានសំបូរព្រៃគុក
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់គម្រោងជំនួយថ្មី ដែលមានចំនួនទឹកប្រាក់ស្មើនឹង ៣សែនដុល្លារអាមេរិក សម្រាប់ការងារជួសជុលឡើងវិញ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្ស លើតំបន់រមណីយដ្ឋានសំបូរព្រៃគុក ដែលមានឈ្មោះថា «គម្រោងអភិវឌ្ឍន៍ធនធានមនុស្សក្នុងការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក»។
សេចក្តីប្រកាសព័ត៌មានពីស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១២ ខែធ្នូនេះ បានបញ្ជាក់ថា គម្រោងជំនួយថ្មីនេះ នឹងរួមចំណែកដល់ការអនុវត្តប្រកបដោយប្រសិទ្ធិភាព និងរលូន ក្នុងការងារថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក ។
គួរបញ្ចាក់ថា រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយលើសកម្មភាពនានាក្នុងការថែរក្សា និងជួសជុលតំបន់រមណីយដ្ឋានសំបូរព្រៃគុក ក្នុងរូបភាពចម្បង តាមរយៈគម្រោងមូលនិធិដៃគូ ដោយមានទឹកប្រាក់សរុបចំនួន ៦៣៨.៩៦៧ដុល្លារសហរដ្ឋអាមេរិក។
បើនិយាយឱ្យលម្អិត រដ្ឋាភិបាលជប៉ុន បានជួយលើសម្ភារ និងឧបករណ៍ ដេញថ្លៃនានា សម្រាប់ប្រើប្រាស់លើការងារជួសជុលឡើងវិញដែលមានរយៈពេល ៤ឆ្នាំ ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២។ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ រដ្ឋាភិបាលជប៉ុន បាននិងកំពុងសាងសង់អគារបណ្តុះបណ្តាល ផ្តល់សម្ភារ និងឧបករណ៍មួយចំនួន សម្រាប់ការងារជួសជុលអភិរក្សនៅរមណីយដ្ឋានសំបូរព្រៃគុក ។
រដ្ឋាភិបាលជប៉ុន ជឿជាក់ថា តាមរយៈគម្រោងដែលបានរៀបរាប់ទាំងនេះ ព្រមទាំងគម្រោងជំនួយថ្មី នឹងជួយផ្ដល់សមត្ថភាពដល់សិស្ស និងអ្នកជំនាញវ័យក្មេងកម្ពុជា បានរៀនជំនាញវិជ្ជាជីវៈកម្រិតខ្ពស់ ព្រមទាំងទទួលបានចំណេះដឹង តាមរយៈកម្មវិធីកសាងសមត្ថភាព និងការបណ្តុះបណ្តាលការងារដោយការអនុវត្តជាក់ស្ដែង ៕
ដោយ ង៉ាន់ ទិត្យ





