មីយ៉ាន់ម៉ាវ៉ាដាច់អាហ្វហ្គានីស្ថាន ជាប្រទេសផលិតអាភៀនធំជាងគេលើពិភពលោក
ណៃពិដោ៖ របាយការណ៍របស់អង្គការសហប្រជាជាតិ ដែលចេញផ្សាយនៅថ្ងៃអង្គារនេះ បានឱ្យដឹងថា មីយ៉ាន់ម៉ាបានក្លាយជាប្រទេសផលិតអាភៀនធំជាងគេបំផុតរបស់ពិភពលោកក្នុងឆ្នាំ២០២៣ ដោយវ៉ាដាច់អាហ្វហ្គានីស្ថាន បន្ទាប់ពីការបង្រ្កាបរបស់ពួកតាលីបង់លើពាណិជ្ជកម្មគ្រឿងញៀននេះ។
យោងតាមការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានឱ្យដឹងថា មីយ៉ាន់ម៉ាបានផលិតអាភៀនប្រមាណ ១,០៨០តោន ក្នុងឆ្នាំ២០២២-២០២៣ ច្រើនជាងប្រទេសអាហ្វហ្គានីស្ថានបីដងក្នុងរយៈពេលដូចគ្នានេះ។

បើតាមការិយាល័យ UNODC ការដាំដុះអាភៀននៅអាហ្វហ្គានីស្ថាន បានធ្លាក់ចុះ ៩៥ភាគរយ បន្ទាប់ពីពួកតាលីបង់បានដាក់ចេញប្រតិបត្តិការបង្ក្រាបគ្រឿងញៀនក្នុងឆ្នាំ២០២២។ដូច្នេះការផ្គត់ផ្គង់អាភៀនទូទាំងពិភពលោក បានធ្លាក់ទៅលើប្រទេសមីយ៉ាន់ម៉ា ដែលជាកន្លែងអស្ថិរភាពនយោបាយ សង្គម និងសេដ្ឋកិច្ច បណ្តាលមកពីរដ្ឋប្រហារឆ្នាំ២០២១ បានជំរុញមនុស្សជាច្រើនធ្វើកសិកម្មអាភៀន។
ឥឡូវនេះកសិករមីយ៉ាន់ម៉ាអាចរកប្រាក់បានប្រហែល ៧៥ភាគរយបន្ថែមទៀតពីដំណាំអាភៀន ខណៈដែលតម្លៃជាមធ្យមនៃផ្កាអាភៀនបានកើនឡើងប្រហែល ៣៥៥ដុល្លារក្នុងមួយគីឡូក្រាម ហើយផ្ទៃដីដាំដុះបានកើនឡើង ១៨ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ពោលគឺពី ៤០,១០០ ទៅ ៤៧,០០០ហិកតា ដែលជំរុញឱ្យទិន្នផលសក្តានុពលរបស់វាកើនឡើង៕





ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា