ស្ថាប័នពាក់ព័ន្ធ ប្រារព្ធទិវាលាងសម្អាតដៃ ដើម្បីកាត់បន្ថយមរណភាព ដោយសារជំងឺរាតត្បាតផ្សេងៗ

អត្ថបទដោយ៖
CPA

សៀមរាប៖ស្ថាប័នពាក់ព័ន្ធ រួមមាន មន្ទីរអប់រំខេត្តសៀមរាប អាជ្ញាធរស្រុកជីក្រែង និងសង្គមស៊ីវិល បានសហការគ្នាប្រារព្ធទិវាលាងសម្អាតដៃកាលពី​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយអំពីសារៈសំ​ខាន់នៃអនាម័យដៃ សំដៅកាត់បន្ថយមរណភាព ដោយសារជំងឺរាតត្បាតផ្សេងៗ។​

ប្រភពហ្វេសប៊ុកមន្ទីព័ត៌មានខេត្តសៀមរាបបានឱ្យដឹងថា ទិវាលាងសម្អាតដៃ បានធ្វើឡើងក្រោមប្រ​ធានបទ «អនាគតយើងស្ថិតនៅលើដីយើងសូមចូលរួមលាងដៃសម្អាតដៃទាំងអស់គ្នា» បានប្រារព្ធឡើ​ង​នេះ​នៅសាលាបឋមសិក្សាព្រះធាតុ ស្ថិតក្នុងឃុំខ្វាវ ស្រុកជីក្រែង។​

ថ្លែងក្នុងឱកាសនោះ លោក រស់ ប៊ុនថន អភិបាលរងស្រុកជីក្រែង បានគាំទ្រចំពោះការរៀបចំទិវាពិភពលោ​កលាងសម្អាតដៃ ព្រោះវាគឺជាថ្ងៃដ៏សំខាន់មួយដែលបានរំលឹកដល់ការលើកកម្ពស់ការផ្សព្វផ្សាយអំពីសា​រៈសំខាន់នៃអនាម័យដៃ ជាពិសេសតាមរយៈការលាងសម្អាតដៃជាមួយសាប៊ូ។​

ជាមួយគ្នានេះ លោក ហុង ឧប្បុលវណ្ណា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានលើកឡើ​ងថា បទពិសោធដែលយើងធ្លាប់បានឆ្លងកាត់នោះ គឺការរាតត្បាតជាសកលនៃមេរោគកូវីដ១៩ កន្លងម​កបានផ្តល់នូវការកត់សម្គាល់យ៉ាងច្បាស់លាស់ថា វិធីមួយក្នុងចំណោមវិធីនានាដែលមានប្រសិទ្ធភាព និងសា​មញ្ញបំផុត ដើម្បីបញ្ឈប់ការរីករាលដាល នៃវីរុសនេះ គឺអនាម័យដៃ ជាពិសេសតាមរយៈការលាងសម្អា​ត​ដៃ​ជាមួយសាប៊ូ។​

ចំណែកឯ លោក អ៊ុង សាវី ប្រធានអង្គការ Caring for Cambodia. CFC បានចាត់ទុកដែរថា ទិវាលាងសម្អាតដៃ ដែលបានប្រារព្ធឡើងក្រោមប្រធានបទ «អនាគតយើងស្ថិតនៅលើដៃយើង សូមចូលរួមលាងសម្អាតដៃទាំងអស់គ្នា» ស្របពេលនឹងទិវាអនាម័យជាតិនិងទិវាពិភពលោកបង្គន់អនាម័យផងដែរ។

លោកបន្តថា ទិវានេះមានសារៈសំខាន់ណាស់ ព្រោះថាការលាងសម្អាតដៃ គឺជាវិធីសាស្ត្រសាមញ្ញងាយអ​នុ​វត្ត ចំណាយតិច តែមានសារៈសំខាន់បំផុតក្នុង ការបង្ការជំងឺរាករូស ជំងឺផ្លូវដង្ហើម ពិសេសគឺបរិបទនៃកា​ររីករាលដាលនៃជាសកលៃនៃជំងឺកូវីដ១៩។​

យោងតាមទិន្នន័យផ្លូវការពី CDHS ឆ្នាំ២០២២ បានបង្ហាញឱ្យឃើញថា កត្តាកង្វះអនាម័យជាផ្នែកមួយនាំឱ្យ​កុមារទៅរកបញ្ហាអាហារូបត្ថម្ភ។​

ទិវាពិភពលោកលាងសម្អាតដៃនេះ ត្រូវបានប្រារព្ធឡើងលើកដំបូងបង្អស់នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០​០៨ ក្នុងប្រទេសនានាទូទាំងពិភពលោក ខណៈបច្ចុប្បន្នជារៀងរាល់ឆ្នាំ ទិវាពិភពលោកលាងសម្អាតដៃ ត្រូវបានកំណត់យក ថ្ងៃទី១៥ ខែតុលា គឺជាថ្ងៃប្រារព្ធទិវានេះ ហើយក្រសួងអប់រំ ​សហការជាមួយក្រសួងអភិវឌ្ឍន៍ជ​នបទ ដោយមានការគាំទ្រពីដៃគូ អភិវឌ្ឍន៍នានា ព្រមទាំងវិស័យឯកជន បានប្រារព្ធទិវានេះជារៀងរាល់ឆ្នាំ​ចាប់តាំងពីឆ្នាំ២០០៨។​

សម្រាប់ខេត្តសៀមរាប គឺបានប្រារព្ធទិវាពិភពលោកលាងសម្អាតដៃនេះពីឆ្នាំ២០១៩មក ដោយបានប្រារព្ធទិ​វាលាងសម្អាតដៃ ចំនួន៤លើករួចមកហើយដែរ គឺលើកទី១ នៅក្រុងសៀមរាប, លើកទី២ នៅស្រុកប្រាសា​ទបាគង, លើកទី៣ នៅស្រុកអង្គរជុំ និងលើកទី៤ នៅស្រុកវ៉ារិន៕

ដោយ៖បូរ ពេជ្រហ្សាលីន

ads banner