អត្រាអ្នកចូលរួមបោះឆ្នោតនៅទីក្រុងហុងកុងធ្លាក់ចុះទាបបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ

ហុងកុង៖កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ការបោះឆ្នោតក្រុមប្រឹក្សាស្រុកនៅទីក្រុងហុងកុងមានអត្រាអ្នកទៅចូលរួមបោះឆ្នោតទាបបំផុត ពោលគឺត្រឹមតែ ២៧,ភាគរយ ប៉ុណ្ណោះ។ អត្រាអ្នកទៅបោះឆ្នោតដ៏ទាបមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនេះ ត្រូវបានគេមើលឃើញថាដោយសារតែការរារាំងក្រុមអ្នកប្រជាធិបតេយ្យរបស់គណបក្សប្រឆាំង មិនឱ្យឈរឈ្មោះបោះឆ្នោត ក្រោមហេតុផលព្រួយបារម្ភអំពីបញ្ហាសន្តិសុខជាតិ។​

ការថយចុះនៃការចូលរួមរបស់អ្នកបោះឆ្នោតនេះ បានកើតឡើងបន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងបានដាក់ចេញច្បាប់ស្តីពីសន្តិសុខជាតិដ៏តឹងរ៉ឹង និង​បានផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោតដើម្បីរារាំងអ្នកប្រជាធិបតេយ្យ និងបុគ្គលសេរីនិយមផ្សេងទៀ​តមិនឱ្យចូលរួម។ ការណ៍នេះ​​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មិន​សូវ​មាន​ឆន្ទៈ​ក្នុង​ការ​ចូលរួម​​បោះឆ្នោតនោះទេ។​

លោក ឡេម៉ុន វង់ (Lemon Wong) ដែលជាអ្នកប្រជាធិបតេយ្យ​ និងដែលនៅបន្តចូលរួមក្នុងវិស័យនយោបាយក្នុងស្រុក បានលើកឡើងថា ៖ «ប្រជាជនកំពុងមានអារម្មណ៍ថាការបោះឆ្នោតនេះគឺគ្មានន័យ និងគ្មានសារៈសំខាន់នោះទេ។ សូម្បីតែអ្នកគាំទ្រគណបក្សកាន់អំណាច ក៏បាន​ចោទ​សួរដែរថា តើហេតុអ្វីពួកគេចាំបាច់ទៅបោះឆ្នោត ព្រោះនៅទីបំផុត លទ្ធផលនៃការបោះឆ្នោតមិនមានការប្រែប្រួលអ្វីសោះនោះ»។​

គួររំឭកថា នៅឆ្នាំ១៩៩៩ អ្នកទៅបោះឆ្នោតនៅហុងកុងមានចំនួន ៣៥,៨ភាគរយ ដែលជាកម្រិតទាបបំផុតដែលបានកត់ត្រា​នៅពេលនោះ។ យ៉ាងណាក៏ដោយ ក្នុងអំឡុងពេលបោះឆ្នោតចុងក្រោយកាលពីបួឆ្នាំមុន ដែលបានប្រព្រឹត្តទៅក្នុងអំឡុងពេលនៃការបាតុកម្មតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ មានអ្នកទៅចូលរួមយ៉ាងច្រើនរហូតដល់ទៅ ៧១ភាគរយ ដោយគ​ណបក្សប្រជាធិបតេយ្យបានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី។ ​

សូម​បញ្ជាក់ថា ការបោះឆ្នោតនៅឆ្នាំនេះ ចំនួនអាសនៈជាប់ឆ្នោតដោយផ្ទាល់ត្រូវបានកាត់បន្ថយរហូតដល់ទៅជិត ៨០% ។ បេក្ខជនទាំងអស់ត្រូវឆ្លងកាត់ការត្រួតពិនិត្យប្រវត្តិផ្នែកសន្តិសុខជាតិ និងត្រូវទទួលបានការតែងតាំងពីគណៈកម្មាធិការចំនួន ២ ដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល។ ការណ៍នេះ បានធ្វើឱ្យក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមមិនចំណុះគណបក្ស រួមទាំងក្រុមអព្យាក្រឹត ហើយសូម្បីតែបុគ្គលមួយចំនួនដែលគាំទ្ររដ្ឋាភិបាលក្រុងប៉េកាំង ក៏ពិបាកក្នុងការដែលអាចឈរឈ្មោះបោះឆ្នោតបានដែរ។​

គួរកត់សម្គាល់ថា ក្នុងអំឡុងពេលដំណើរការបោះឆ្នោត បញ្ហាបច្ចេកទេសបានកើតឡើង បណ្ដាលឱ្យមានការផ្លាស់ប្តូរទៅរកការបោះឆ្នោតដោយដៃ និងពន្យាររយៈពេលបោះឆ្នោតចំនួន ៩០ នាទីរហូតដល់ពាក់កណ្តាលអធ្រាត្រ។ មន្ត្រី​រៀបចំ​ការ​បោះ​ឆ្នោត​បាន​បញ្ជាក់​ថា បញ្ហាបច្ចេកទេសនេះមិនមានការប៉ះពាល់ដល់​ចំនួន​អ្នក​បោះ​ឆ្នោតនោះ​ទេ។​

សម្រាប់ការការពារសន្តិសុខវិញ គឺមានការ​រឹត​បន្តឹងខ្លាំងណាស់ ដោយ​មាន​ប៉ូលិសរហូតដល់ទៅ​ជាង​ ១ ម៉ឺន​នាក់ត្រូវបា​ន​ដាក់​ពង្រាយ។ យោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលិស និងអាជ្ញាធរប្រឆាំងអំពើពុករលួយរបស់ទីក្រុងហុងកុង បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៦ នាក់ត្រូវបានចាប់ខ្លួនពីបទចោទផ្សេងៗ រួមមានដូចជា ការបង្ហោះសារតាមអ៊ីនធឺណិតជំរុញមនុស្សឱ្យបោះឆ្នោតមិនបានត្រឹមត្រូវ ឬញុះញង់អ្នកដទៃឱ្យរំខានដល់ការបោះឆ្នោត។​

ជាក់ស្ដែង សមាជិកបីនាក់មកពីក្រុមសម្ព័ន្ធអ្នកប្រជាធិបតេយ្យសង្គម ត្រូវបានចាប់ខ្លួនមុនពេលចេញធ្វើបាតុកម្មតវ៉ាដែលបានគ្រោងទុកដើម្បីប្រឆាំងនឹងអ្វីដែលពួកគេមើលឃើញថា ជាការបោះឆ្នោតអយុត្តិធម៌។ ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ព្យាយាម​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​ឲ្យ​រំខាន​ដល់​ដំណើរ​ការ​បោះឆ្នោត ​នេះ​បើយោងតាម​មន្ត្រីប៉ូលិស។​

យ៉ាងណាក៏ដោយ លោក ចន លី (John Lee) មេដឹកនាំទីក្រុងហុងកុងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបោះឆ្នោតនេះថា វាពិតជាចាំបាច់ដើម្បីអាចរក្សាស្ថិរភាពនៅក្នុងទីក្រុង។ លោកក៏បានការពារភាពស្របច្បាប់នៃការបោះឆ្នោតនេះ ដោយបានអះអាងថា វាគឺជារឿងដែលចាំបាច់ក្នុងការធានាថាអ្នកដឹកនាំ និងគ្រប់គ្រងហុងកុងគឺជាអ្នកស្នេ​ហាជាតិ។ លោក លី ក៏បានរិះគន់ការបោះឆ្នោតកាលពីឆ្នាំ២០១៩ ថាបានរំខានដល់អភិបាលកិច្ច និងធ្វើឱ្យសន្តិសុខជាតិស្ថិតក្នុងហានិភ័យ។​

យ៉ាងណាក៏ដោយ បណ្ដា​ប្រទេសលោកខាងលិចបានសម្តែងការព្រួយបារម្ភអំពីស្ថានភាពសិទ្ធិមនុស្សនៅទីក្រុងហុងកុងដែលបានក្លាយជាទីក្រុងផ្តាច់ការដោយសារតែច្បាប់សន្តិសុខជាតិរ​បស់ចិន។ ប៉ុន្តែចិនបានអះអាងថា ច្បាប់នេះបានស្ដារស្ថិរភាពដល់ហុងកុង ជាពិសេសបន្ទាប់ពីការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងឆ្នាំ២០១៩៕

ប្រែសម្រួល៖ធា សុណា

ប្រភពព័ត៌មាន៖ Reuters Hong Kong ‘patriots only’ election falls flat with record low turnout

ads banner