សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋា ភិបាលកម្ពុជាមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព និងជោគជ័យ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាធ្វើមាតុភូមិនិវត្តន៍មកដល់រាជធានីភ្នំពេញ ដោយសុវត្ថិភាព និងជោគជ័យនាល្ងាចថ្ងៃអង្គារ ទី១២ ធ្នូ ២០២៣ ។
សូមជម្រាបថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញ បំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម តបតាមការអញ្ជើញរបស់ឯកឧត្ដម ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម កាលពីព្រឹកថ្ងៃចន្ទ ទី១១ ខែធ្នូ ឆ្នាំ២០២៣។
ប្រទេសវៀតណាម គឺជាប្រទេសទី២ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការបន្ទាប់ពីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ហើយប្រទេសវៀតណាម គឺជាប្រទេសសមាជិកអាស៊ានទី១ ដែលសម្តេចធិបតី បានអញ្ជើញទស្សនកិច្ចផ្លូវការ។
ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញពិភាក្សាការងារ និងសម្តែងការគួរសមជាមួយ ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម, ឯកឧត្តម ង្វៀន ហ្វូ៊ចុង អគ្គលេខាធិការបក្សកុម្មុយនីស្ដវៀតណាម, ឯកឧត្តម វ៉ វ៉ាន់ធឿង ប្រធានរដ្ឋវៀតណាម, ឯកឧត្តម វឿង ឌិញហ្វេ ប្រធានរដ្ឋសភាវៀតណាម, លោកជំទាវ ង្វៀន ធី ថាញ់ សមាជិកគណៈកម្មាធិការកណ្តាលនៃបក្សកុម្មុយនីស្តវៀតណាម សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា និងជាប្រធានគណៈកម្មការទទួលបន្ទុកការងារសមាជិករដ្ឋសភា អនុប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការមជ្ឈិមបក្ស និងជា ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា (VCFA)។
ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យលោក Bui Quang Huy លេខាធិការទី១ សម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។
ក្នុងជំនួបជាមួយមេដឹកនាំកំពូលរបស់វៀតណាម ទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាមេដឹកនាំរបស់វៀតណាម បានពិភាក្សាការផ្តោតជាសំខាន់ទៅលើការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកការទូត នយោបាយ និងសេដ្ឋកិច្ចជាដើម។ គ្រប់ជំនួបជាមួយមេដឹកនាំវៀតណាម សម្តេចធិបតី បានបញ្ជាក់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេច គឺការបន្តរក្សាទំនាក់ទំនងល្អជាមួយវៀតណាម ដោយមិនមានអ្វីប្រែប្រួលនោះឡើយ។ គ្រប់ជំនួបមេដឹកនាំរបស់វៀតណាម សុទ្ធតែបានសម្តែងការអបអរសាទរជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបក្សប្រជាជនកម្ពុជាផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសតាំងជាអនុប្រធានបក្ស។
នយោបាយការទូតសេដ្ឋកិច្ច គឺជាកិច្ចការដ៏សំខាន់មួយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ រាល់ដំណើរទស្សនកិច្ចនៅក្រៅប្រទេសសម្តេចធិបតី មិនដែលរំលងឡើយការជួបជាមួយវិស័យឯកជន។
ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លៀតជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនធំៗរបស់វៀតណាមចំនួន៦ ដែលក្នុងនោះមានក្រុមហ៊ុនកំពុងវិនិយោគនៅកម្ពុជាផងដែរ។
ថ្នាក់ដឹកនាំក្រុមហ៊ុនឯកជន ដែលសម្តេចធិបតី បានជួបនោះ រួមមាន៖ លោក តាវ ឌុច ថាង ប្រធានអគ្គនាយកក្រុមហ៊ុន Viettel, លោក ង្វៀន ថាញ់ ហ៊ុង ស្ថាបនិកក្រុមហ៊ុន Sovico Group និងថ្នាក់ដឹកនាំក្រុមហ៊ុន Vietjet Group, លោក ជិន កុងខា ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (VRG), លោក ផាន ឌុច ទូ ប្រធានក្រុមប្រឹក្សាភិបាលធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV), លោក ជិន បា សឿង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន TRUONG HAI GROUP CORPORATION (THACO), លោក Nguyen Viet Quang អនុប្រធានក្រុមប្រឹក្សាភិបាល និងជា អគ្គនាយកក្រុមហ៊ុន VINGROUP។
ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ត្រូវបានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ទៅកាន់និស្សិតរបស់វៀតណាម នៅសាកលវិទ្យាល័យពាណិជ្ជកម្មក្រៅប្រទេស (Foreign Trade University)។
ក្នុងសុន្ទរកថាគន្លឹះនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលជាបណ្ឌិតផ្នែកសេដ្ឋកិច្ចមកពីចក្រភពអង់គ្លេស បានថ្លែងផ្តោតលើគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា និងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញជាអធិបតីរួមគ្នាជាមួយឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម ក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-វៀតណាម ឆ្នាំ២០២៣។ វេទិកានេះ មានគោលដៅសំខាន់ក្នុងពង្រីកការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងវៀតណាម ដែលបច្ចុប្បន្នប្រទេសទាំងពីរមានទំហំពាណិជ្ជកម្មទ្វេភាគីរហូតដល់ទៅប្រមាណ ១១ពាន់លានដុល្លារអាមេរិក។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកសារសំខាន់ៗចំនួនបីត្រូវបានចុះហត្ថលេខារួមមាន៖
១៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាវៀតណាម។
២៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ រវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ និងបណ្ឌិត្យសភាការទូតវៀតណាម។
៣៖ អនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មវៀតណាម។
ក្រៅពីឯកសារពាក់ព័ន្ធកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងរដ្ឋហើយនោះ ក៏មានកិច្ចព្រមព្រៀងរវាងវិស័យឯកជន និងឯកជនមួយទៀតត្រូវបានចុះហត្ថលេខាផងដែរ គឺការហោះហើរត្រង់ពីក្រុងហាណូយ ប្រទេសវៀតណាម មកកាន់ក្រុងសៀមរាប ប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងហោះហើរត្រង់រវាងក្រុងហាណូយ មកកាន់ក្រុងសៀមរាប គឺជាការកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់ ដែលនឹងរួមចំណែកការធ្វើដំណើររបស់អ្នកទេសចរកាន់ទីក្រុងទេសចរណ៍វប្បធម៌របស់កម្ពុជា៕
ដោយ៖វណ្ណលុក




