ឧបនាយករដ្ឋមន្រ្តី៖ ក្រសួងដែនដី សហការជាមួយ​រដ្ឋបាល​ខេត្តកំពង់ឆ្នាំង បាននិងកំពុងប្រែក្លាយ​ភូមិឋាន​ឱ្យទៅជាបុរីជនបទ

ភ្នំពេញ ៖ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ សហការ​ជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង បាននិងកំពុង​ប្រែក្លាយ​ភូមិឋាន ឱ្យទៅជាបុរីជនបទ ស្របតាម​ប្រសា​សន៍​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ​ព្រះរាជា​ណា​ចក្រកម្ពុជា ។ នេះជាលើកឡើងរបស់ឯកឧត្តម សាយ សំអាល់ ​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែន​ដីនគរូបនីយកម្មនិងសំណង់​ក្នុងឱកាសអញ្ជើញ​ជា​អធិបតី ក្នុងពិធីចាប់ឆ្នោតជ្រើសរើសយកដីឡូត៍លំនៅឋា​ន និងដីឡូត៍កសិកម្ម នៃកម្មវិធីសម្បទានដីសង្គមកិច្ច នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច ដំណាក់កាលទី៣ ( LASED lll ) នៅឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្ត​កំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ។

ក្នុងឱកាសនេះឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែល​ទទួលបានដីដែលជាគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច នាពេលនេះ ត្រូវប្រែក្លាយឱ្យ​ទៅជាតំបន់កសិកម្ម បង្កបង្កើនផល លើកស្ទួយ​ជីវភាព​ក្នុងគ្រួសារ ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រោម​ការ​ដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តីកម្ពុជា ក្នុងអាណត្តិទី៧ នីតិកាលទី១ បានដាក់​ចេញនូវគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់​កាលទី១ អាទិភាពរបស់រាជរដ្ឋា​ភិបាល​កម្ពុជា ដោយផ្តោតសំខាន់ជាអាទិ៍រួមមាន ធនធាន​មនុស្ស ទឹក ភ្លើង ផ្លូវថ្នល់ បច្ចេកវិទ្យា ការបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ។ល។
គួរជម្រាបថា តាមរយៈគម្រោង LASED lll រាជរដ្ឋា​ភិបាល​​ បានសម្រេចផ្តល់ដីឡូត៍លំនៅឋាន និងដីឡូត៍​កសិកម្ម ដល់ប្រជាពលរដ្ឋ២៤៩គ្រួសារ ឃុំប្រស្នឹប ស្រុករលាប្អៀរ។ ក្នុងនោះបានយកចិត្តទុកដាក់​ក្នុងការ​កសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធទឹក-ភ្លើង ងាយស្រួលក្នុងការរស់នៅ និងប្រកបរបរទទួលទាន ។

ប្រជាពលរដ្ឋរស់នៅឃុំប្រស្នឹប ស្រុករលាប្អៀរ ទាំង២៤៩​គ្រួសារ ដែល​បានចាប់ឆ្នោតទទួលបានយកដីឡូត៍​លំនៅ​ឋាន និងដីឡូត៍កសិកម្ម នៃកម្មវិធីសម្បទានដីសង្គមកិច្ច នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច ដំណាក់កាលទី៣ ( LASED lll ) បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែង​អំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់ដី​សម្រាប់ពួកគាត់សាងសង់ផ្ទះរស់នៅបានសមរម្យ និងធ្វើ​កសិកម្ម ដើម្បីលើកស្ទួយដល់ជីវភាពរស់នៅប្រចាំថ្ងៃ ៕ ដោយ ៖គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner