សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យប្រធាន សមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសម្តែង ការ គួរសម

ហាណូយ៖ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ង្វៀន ធី ថាញ់ (Nguyen Thi Thanh) ប្រធានសមាគមមិត្តភាព វៀតណាម-កម្ពុជា (VCFA) និងសហការី ចូលជួបសម្តែង ការគួរសម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ រយៈពេលពីរថ្ងៃ ចាប់ពី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។

ក្នុងជំនួបនេះ លោកជំទាវ ង្វៀន ធី ថាញ់ បានថ្លែងអំណរ​គុណ​​ចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏ម​មាញឹកអនុញ្ញាតឱ្យរូបលោកជំទាវ និងសហការី ចូលជួប​សម្តែង​ការគួរសម ព្រមទាំងបានសម្តែងនូវការអបអរសាទរ​ចំពោះ សម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈ​កម្មាធិការ​កណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្ស​ប្រជាជនកម្ពុជា ។ ក្នុងឱកាសនោះដែរ លោកជំទាវ ប្រធាន​សមាគមមិត្តភាពវៀតណាម-កម្ពុជា បានជម្រាបជូន សម្តេច​ធិបតី អំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពការងា​រ​របស់​សមាគម ជាពិសេសការគាំទ្រដល់និស្សិតកម្ពុជា ដែលបាន​មក​​បន្តការសិក្សាក្នុងប្រទេសវៀតណាម ។

 លោកជំទាវប្រធាន  ក៏បានគូសបញ្ជាក់បន្ថែមទៀតថា តាមរយៈ​ដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី នាឱកាសនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម នឹងកាន់​តែមានការរីកចម្រើនរឹងមាំបន្ថែមទៀត ។

ជាការឆ្លើយតប សម្តេចធិបតី ថ្លែងអំណរគុណចំពោះរបាយ​ការណ៍ពាក់ព័ន្ធនឹងលទ្ធផលការងាររបស់សមាគមមិត្តភាពវៀតណាម-កម្ពុជា ដែលពិតជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុង​ការជំរុញពូនជ្រំស្មារតីមិត្តភាព និងបង្កើតភាពជិតស្និទ្ធរវាង​ប្រជាជននៃប្រទេសទាំងពីរ ក្នុងនាមការទូតប្រជាជន តាមរយៈ​សកម្មភាពជាច្រើន រួមមាន ការផ្លាស់ប្តូរទស្សនកិច្ច និងវប្បធម៌, ការជំរុញទំនាក់ទំនងរវាងយុវជន ស្ត្រី និងធុរជន, ការធ្វើសកម្មភាពមនុស្សធម៌ និងការជួយឧបត្ថម្ភគ្នាក្នុងការ​ទប់ស្កាត់ជំងឺកូវីដ-១៩ ជាដើម ។ ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងចំណងមិត្តភាព​ជាប្រពៃណីរវាងប្រទេសទាំងពីរ ក្នុងរយៈកាលនៃចំណងការ​ទូត​ប្រមាណ ៥៦ ឆ្នាំ និងបានថ្លែងអំណរគុណចំពោះទឹកចិត្ត និងកាយវិការនៃការជួយគ្នាទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈលំបាក ដោយឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង» ៕

ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner