រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការប្រឆាំងដាច់ខាតចំពោះអំពើជួញមនុស្សគ្រប់ទម្រង់
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នេះ បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការប្រឆាំងដាច់ចំពោះអំពើជួញមនុស្សគ្រប់ទម្រង់ ដោយបានចាត់ទុកអំពើជួញដូរមនុស្សនេះ គឺជាអំពើដ៏ឃោរឃៅ និងគួរឱ្យស្អប់ខ្ពើមបំផុត។
ឯកឧត្តម ស សុខា បានថ្លែងអះអាងដូចនេះ នាទិវាជាតិប្រឆាំងការជួញដូរមនុស្ស១២ធ្នូ ដែលបានធ្វើឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នាសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងទៀតថា ៖ «រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្តេជ្ញាចិត្ត ក្នុងការប្រឆាំងដាច់ខាត ចំពោះអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឧក្រិដ្ឋដទៃទៀត ដែលបាននឹងកំពុងតែងតែញាំញីបំផ្លិចបំផ្លាញដល់សង្គមជាតិ យ៉ាងធ្ងន់ធ្ងរ និងបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូ ផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ»។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានអំពាវនាវឱ្យគ្រប់ស្ថាប័នពាក់ និងអង្គការដៃគូទាំងអស់ សហការជាមួយគ្នា ក្នុងការអនុវត្តការងារប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ដែលបាននិងកំពុងកើតមាននាពេលបច្ចុប្បន្ន ជាពិសេសការជួយដូរដែលធ្វើឡើងតាមរយៈទេសន្តប្រវេសន៍។
ជាមួយគ្នានោះដែរ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ក៏បានលើកឡើងដែរថា ការប្រារព្វទិវានេះ គឺជាយុទ្ធនាការដ៏ធំប្រចាំឆ្នាំមួយ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ក្នុងគោលបំណងផ្សព្វផ្សាយការយល់ដឹងយ៉ាងទូលំទូលាយអំពីអំពើជួញដូរមនុស្ស កលល្បិច ជនល្មើស ស្ថានភាពបទល្មើស ដែលមានការវិវត្តន៍កាន់តែស្មុគស្មាញ និងសាហាវឃោរឃៅ។

លោកជំទាវបានបន្ថែមថា យុទ្ធនាការនេះ ក៏ជាការបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីបាន ជ្រួតជ្រាបកាន់តែទូលំទូលាយ និងចូលរួម សហការ ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប ផ្តន្ទាទោស សង្គ្រោះជនរងគ្រោះ និងផ្តល់សេវាគាំពារ ដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស។
បើតាមរបាយការណ៍របស់ លោកជំទាវ ជូ ប៊ុនអេង នៅក្នុងរយៈពេល១៦ខែកន្លងមកនេះ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានទទួលសំណើ ចំនួន ១ ២៧៦ ករណី និងបានចេញធ្វើអន្តរាគមន៍ ស្រាវជ្រាវរុករកបទល្មើស បានរហូតដល់ ១ ២១៣ករណី ស្មើទៅនឹង ៩៧,៧០ភាគរយ។
ឆ្លៀតឱកាសនោះដែរ លោកជំទាវ ជូ ប៊ុនអេង ក៏បានសង្កត់ធ្ងន់ថា ៖ «បេសកកម្មនៅតែបន្ត ដូចភ្លៀង រលឹម ដោយបានស្រាវជ្រាវ និងបង្ក្រាបទីតាំងបទល្មើស ផលិតរូបភាពអាសអាភាស និងចាប់ជនសង្ស័យបញ្ជូនទៅតុលាការជាបន្តបន្ទាប់។ នេះគឺជាលទ្ធផលជាក់ស្ដែង ដែលត្រូវបានរកឃើញក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា និងអាចបញ្ជាក់ជា ភស្តុតាងជាក់ស្ដែង ថាមិនមានជនរងគ្រោះ ដែលកំពុងជាប់ក្នុងការបង្ខាំង ឬបង្ខំធ្វើការខុសច្បាប់ តាមប្រព័ន្ធល្បែង ឆបោក រហូតដល់ទៅ ១០០ ០០០នាក់ ដូចការផ្សព្វផ្សាយចោទប្រកាន់ឡើយ»៕ ដោយ៖ វណ្ណ សុជាតា
