ប៉ាគីស្ថាន៖ ភេរវករបំផ្ទុះគ្រាប់បែកអត្តឃាតនៅប៉ុស្តិ៍ប៉ូលិស ដោយសម្លាប់មនុស្សជាង ២០នាក់

អ៊ីស្លាម៉ាដាដ៖ អាជ្ញាធរមូលដ្ឋានប៉ាគីស្ថានបានឱ្យដឹងថា ភេរវករម្នាក់បានបើកឡានដឹកទំនិញដែលមានផ្ទុកគ្រាប់បែកចូលទៅក្នុងប៉ុស្តិប៉ូលិសមួយកន្លែងនាភាគខាងជើងនៃប្រទេសកាលពីព្រឹកថ្ងៃអង្គារ ហើយបានបំផ្ទុះធ្វើអត្តឃាត ដោយឆក់យកជីវិតមន្រ្តីសន្ដិសុខយ៉ាងហោចណាស់ ២២ នាក់។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។

ហេតុការណ៍នេះ បានកើតឡើងនៅប៉ុស្តិប៉ូលិសក្រុង Daraban ក្នុងតំបន់ជាប់ព្រំដែនអាហ្វហ្គានីស្ថាន ស្រុក Dera Ismail Khan នៃខេត្ត Khyber Pakhtunkhwa ដែលធ្លាប់ជាតំបន់ដ៏រឹងមាំរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់ប៉ាគីស្ថាន ឬ TTP។ នេះបើតាមលោក Kamal Khan ដែលជាមន្រ្តីប៉ូលិសមូលដ្ឋានប្រចាំតំបន់រងគ្រោះ។

អាជ្ញាធរបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារនេះ ទំនងជានឹងកើនឡើង ដោយសារមន្រ្តីសន្តិសុខមួយចំនួនក្នុងចំណោមអ្នករងគ្រោះទាំង ៣២ នាក់ ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។

ក្រុមសកម្មប្រយុទ្ធបង្កើតថ្មី Tehreek-e-Jihad Pakistan ឬ TJP ដែលគេជឿថា ជាពន្លកថ្មីនៃក្រុម TTP បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារចុងក្រោយនេះ ក្នុងសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ខ្លួនបានកំណត់គោលដៅទៅលើមន្ត្រីដែលឈរជើងនៅស្ថានីយ៍ប៉ូលិសរងគ្រោះនោះ។

លោក Khan បាននិយាយថា កងកម្លាំងសន្តិសុខមួយចំនួនធំមកពីទូទាំងប្រទេស មានវត្តមានក្នុងប៉ុស្តិ៍ប៉ូលិសក្រុង Daraban ដោយពួកគេកំពុងធ្វើប្រតិបត្តិការស៊ើបការណ៍ប្រឆាំងនឹងពួកសកម្មប្រយុទ្ធក្នុងតំបន់ ដោយមានជំនួយពីប៉ូលិសក្នុងតំបន់។

គួរបញ្ជាក់ថា ខេត្ត Khyber Pakhtunkhwa ជួបប្រទះនឹងការកើនឡើងនៃការវាយប្រហារពីក្រុមសកម្មប្រយុទ្ធ ដែលសម្លាប់មនុស្សជាច្រើននាក់។ កាលពីខែមករាដើមឆ្នាំនេះ មនុស្សយ៉ាងហោចណាស់ ១០១ នាក់ ដែលភាគច្រើនជាមន្ត្រីប៉ូលីស ត្រូវបានសម្លាប់ នៅពេលភេរវករបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ ដែលបន្លំខ្លួនជាប៉ូលិស បានវាយប្រហារវិហារអ៊ិស្លាមមួយកន្លែងនាភាគពាយព្យនៃទីក្រុង Peshawar៕ ដោយ៖ ហួន ឌីណា

ads banner