រដ្ឋជាសមាជិកអាយស៊ីស៊ី-ព្រះវិហារ នឹងបង្កើនសកម្មភាពការងារអភិរក្សប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ
ភ្នំពេញ៖ រដ្ឋជាសមាជិកអាយស៊ីស៊ី-ព្រះវិហារ នឹងបង្កើនសកម្មភាពការងារអភិរក្សតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេររបស់កម្ពុជាបន្ថែមទៀត ខណៈដែលកន្លងមករដ្ឋជាសមាជិកទាំងនេះ បានផ្ដល់ជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសដល់ការអនុវត្តការងាររបស់អាជ្ញាធរជាតិព្រះវិហារ។
ការបង្កើនសកម្មភាពការងារអភិរក្សនេះ ធ្វើឡើងតាមរយៈកិច្ចប្រជុំពេញអង្គ និងបច្ចេកទេសលើកទី៨ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃព្រះវិហារ (ICC-Preah Vihear) ក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោកស្រី Zhu Ye អគ្គនាយករងរដ្ឋបាលវប្បធម៌ និងបេតិកភណ្ឌចិន និងលោក Richhpal Singh ឧបការីស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា ព្រមទាំងតំណាងរដ្ឋសមាជិកចំនួនប្រាំប្រទេស។ ក្នុងនោះរួមមាន៖ ប្រទេសបែលហ្សិក បារាំង ជប៉ុន ថៃ និងសហរដ្ឋអាមេរិក ព្រមទាំងមានការចូលរួមពីស្ថាប័នជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិសំបូរព្រៃគុក អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិសរុបប្រមាណ ១០០នាក់។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិព្រះវិហារផ្សព្វផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា កិច្ចប្រជុំអាយស៊ីស៊ី-ព្រះវិហារ ត្រូវបានរៀបចំឡើងដើម្បីតាមដាន និងត្រួតពិនិត្យការងារអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ដែលអនុវត្តដោយអាជ្ញាធរជាតិព្រះវិហារ និងដៃគូអន្តរជាតិ។
អាជ្ញាធរជាតិព្រះវិហារបានបញ្ជាក់ថា ៖ «រដ្ឋជាសមាជិកអាយស៊ីស៊ី-ព្រះវិហារ ចូលរួមអបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចូលតំបន់បេតិកភណ្ឌកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោកកន្លងមកនេះ ដែលនឹងបង្កើនការយកចិត្តទុកដាក់លើសកម្មភាពការងារអភិរក្សបន្ថែមទៀតពីសហគមន៍អន្តរជាតិលើយន្តការដែលកំពុងអនុវត្តក្នុងក្របខ័ណ្ឌអាយស៊ីស៊ី-ព្រះវិហារ»។
បើតាមប្រភពដដែល បានឱ្យដឹងទៀតថា កន្លងមករដ្ឋជាសមាជិកអាយស៊ីស៊ី-ព្រះវិហារ បានចូលរួមចំណែកទាំងជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសដល់ការងារអនុវត្តកន្លងមករបស់អាជ្ញាធរជាតិព្រះវិហារ។ ជាក់ស្តែងចាប់តាំងពីឆ្នាំ២០១៨មក សហរដ្ឋអាមេរិក បានផ្តល់ជំនួយចំនួន ៧៦៧ ០០០ដុល្លារ សម្រាប់ការងារជួសជុលជណ្តើរបុរាណខាងជើង ដែលកំពុងអនុវត្តដោយអាជ្ញាធរជាតិព្រះវិហារ និងប្រទេសឥណ្ឌា បាននិងកំពុងបំពេញការងារជួសជុលគោបុរៈទី៥ នៃប្រាសាទព្រះវិហារ ជាដំណាក់កាលៗ។

អាជ្ញាធរជាតិព្រះវិហារ បន្តទៀតថា ចំណែកឯប្រទេសចិន ក៏បានធ្វើការសិក្សាស្រាវជ្រាវការងារជួសជុលគោបុរៈទី១ ទី២ និងទី៣ នៃប្រាសាទព្រះវិហារ ដែលបានចាប់ផ្តើមការងារជួសជុលប្រាសាទព្រះវិហារ ក្នុងក្របខណ្ឌហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន។
សេចក្ដីប្រកាសព័ត៌មាន បានបន្ថែមថា អាជ្ញាធរជាតិព្រះវិហារ និងលេខាធិការដ្ឋានអចិន្ត្រៃយ៍អាយស៊ីស៊ី-ព្រះវិហារ នឹងរៀបចំកិច្ចប្រជុំអាយស៊ីស៊ី-ព្រះវិហារ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ជាថ្មីម្តងទៀត ដើម្បីតាមដានវឌ្ឍនភាពការងារ និងផ្តល់អនុសាសន៍លើការងារអភិរក្សប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ៕ ដោយ៖ ជា សុខនី