អាជ្ញាធរខេត្តព្រះសីហនុ ត្រៀមស្វាគមន៍ការមកដល់របស់នាវាទេសចរណ៍ដ៏ធំ វេស្ទឺដាម ជាថ្មីនៅចុងខែធ្នូនេះ

អត្ថបទដោយ៖
CPA

ព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុបានបើកកិច្ចប្រជុំត្រៀមរៀបចំទទួលការមកដល់របស់នាវាទេសចរណ៍អាមេរិក វេស្ទឺដាម(Westerdam )ដែលនឹងដឹកភ្ញៀវទេសចរប្រមាណ ១ ៥០០ នាក់ មកកាន់ទីក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ។វត្តមាននៃនាវាទេសចរណ៍ដ៏នេះក៏ជាការរំលឹកខួបបីឆ្នាំផងដែរ នៃនាវានេះដែលបានចូលចតកំពង់ផែក្រុងព្រះសីហនុ ក្នុងពេលដែលប្រទេសដទៃមិនអនុញ្ញាតឱ្យចូលចត ដោយព្រួយបារម្ភពីការឆ្លងនូវជំងឺកូវីដ១៩កាលពីឆ្នាំ២០២០ កន្លងទៅ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដែលបានដឹកនាំកិច្ចប្រជុំនេះ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១២ ខែធ្នូថា សម្រាប់នាវាទេសចរណ៍ Westerdam នេះ នឹងចូលចតនៅកំពង់ផែក្រុងព្រះសីហនុនៅវេលាម៉ោង ៨ ព្រឹក ថ្ងៃទី២៨ ខែធ្នូដោយនាំភ្ញៀវទេសចរចំនួនប្រមាណជាង ១៥០០ នាក់មកកាន់កម្ពុជា។ ក្នុងនោះភ្ញៀវទេសចរខ្លះនឹងធ្វើដំណើរកម្សាន្តនៅឆ្នេរកោះរ៉ុង ភ្ញៀវខ្លះទស្សនានៅក្នុងក្រុងព្រះសីហនុ និងមួយចំនួនទៀតអាចនឹងធ្វើដំណើរមកលេងកម្សាន្តនៅរាជធានីភ្នំពេញ ឬទៅកម្សាន្តនៅខេត្តសៀមរាបជាដើម។

លោក ឡុង ឌីម៉ង់ បានថ្លែងថា ៖ « ភ្ញៀវទេសចរទាំងអស់នោះ ដែលមកតាមនាវាទេសចរណ៍ Westerdam នឹងមកដល់ប្រហែលជា ១ ៥០០ នាក់ ហើយប្រហែលជាត្រឡប់ទៅតាមនាវាវិញ ប្រមាណ ៩០០ នាក់។ អាជ្ញាធរខេត្តព្រះសីហនុ បាននិងកំពុងត្រៀមរៀបចំការទទួលភ្ញៀវទេសចរទាំងនេះផង ហើយមិនតែប៉ុណ្ណោះ ក៏រំលឹកខួបរយៈពេលបីឆ្នាំផងដែរ នៃការចូលសំចតរបស់នាវានេះ កាលពីឆ្នាំ ២០២០» ។

បើតាមលោក ឡុង ឌីម៉ង់ កាលពីបីឆ្នំាមុន រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ដែលដឹកភ្ញៀវទេសចររាប់ពាន់នាក់ ចូលចតនាកំពង់ផែក្រុងព្រះសីហនុ និងធ្វើដំណើរទៅប្រទេសរៀងៗខ្លួនវិញ ខណៈដែលប្រទេសមួយចំនួនបានបដិសេធចូលចត ដោយសារព្រួយបារម្ភពីការឆ្លងជំងឺកូវីដ១៩ និងបានធ្វើឱ្យល្បីរន្ទឺនៅទូទាំងពិភពលោកដោយបានបង្ហាញថា កម្ពុជាជាប្រទេសតូច តែមានបេះដូងធំទូលាយ។

លោកបានសង្កត់ធ្ងន់ទៀតថា ៖ «ដោយមើលឃើញនូវទង្វើ និងទឹកចិត្តសប្បុរសរបស់កម្ពុជាបែបនេះ ទើបនៅពេលនេះ នាវាទេសចរណ៍ Westerdam នេះ វិលចូលមកកម្ពុជាម្តងទៀត ហើយក៏បង្ហាញថា កម្ពុជា ជាពិសេសខេត្តព្រះសីហនុជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ និងមានសក្តានុពលវិនិយោគនៅក្រោយវិបត្តិជំងឺកូវីដ១៩»។

លោក ឡុង ឌីម៉ង់ បន្ថែមទៀតថា ដើម្បីទទួលស្វាគមន៍នាវាទេសចរណ៍ Westerdam នេះ អាជ្ញាធរខេត្តបានរៀបចំនូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ រួមជាមួយនឹងការរក្សាអានាម័យបរិស្ថាន ការរៀបចំតុបតែងស្របពេលដែលចូលឆ្នាំសកលជិតមកដល់ផងដែរ ហើយក៏មានការដាក់តាំងបង្ហាញនូវកម្រងរូបភាព និងវីដេអូមួយចំនួនដែលបណ្តាសារព័ត៌មានធំៗបានចុះផ្សាយនៅពេលនោះផងដែរ ដាក់ជូនសាធារណជន និងភ្ញៀវទេសចរបានទស្សនា ជាពិសេសក៏នឹងរៀបចំពិធីរួមគ្នាមួយផងដែរ។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានបង្ហាញការស្វាគមន៍ចំពោះវត្តមានរបស់នាវាទេសចរណ៍ Westerdam ដែលបានវិលត្រឡប់មកកម្ពុជាវិញនៅពេលនេះ។ ទោះជាយ៉ាងណាកម្ពុជា មិនមែនទទួលស្វាគមន៍ចំពោះតែនាវានេះមួយនោះទេ។តែជាក់ស្តែងនៅក្នុងឆ្នាំ២០២៣នេះ កម្ពុជាបានស្វាគមន៍នូវនាវទេសចរណ៍ជាច្រើនផងដែរ។

ជាមួយគ្នានេះដែរ លោកក៏បានស្នើដល់រាជរដ្ឋាភិបាល មិនគួរតែយកចិត្តទុកដាក់តែលើនាវាទេសចរណ៍ Westerdam នេះតែមួយនោះទេ តែត្រូវមានការលើកទឹកចិត្ត ដល់នាវាទេសចរណ៍ផ្សេងទៀត ដែលមកកាន់កម្ពុជា ពីព្រោះថាកម្ពុជាមានភាពផុយស្រួយណាស់ចំពោះការវិវឌ្ឍទេសចរណ៍របស់ខ្លួន ខណៈក្រៅតែប្រជាជនខ្លួនឯងមួយចំនួនតូច ក៏មានបណ្តាប្រទេសមួយចំនួនផ្សេងទៀត មិនចង់ឃើញកម្ពុជា រីកចម្រើនលើវិស័យទេសចរណ៍នេះ។

លោក ធួន ស៊ីណាន បានថ្លែងថា ៖ «ខ្ញុំលើកទឹកចិត្តដល់រាជរដ្ឋាភិបាល ជំនួសឱ្យគ្រាន់តែរៀបចំឱ្យមានរូបភាពធំ ប៉ុន្តែគួរតែគិតពីខេត្តព្រះសីហនុ ដែលជាម្ចាស់ទីតាំង គួរតែរៀបចំយុទ្ធសាស្ត្រទាក់ទាញ នាវាទេសចរណ៍នេះ ឱ្យបានច្រើន ដោយជំនួសដោយការអង្គុយជជែកគ្នា និងការរៀបចំទទួល ដោយត្រូវធ្វើយ៉ាងណាផ្សព្វផ្សាយទាក់ទាញនាវាទេសចរណ៍តាមរយៈកំពង់ផែខ្លួនឱ្យបានច្រើនជានេះទៀត ខណៈបន្តិចទៀតនេះ កំពង់ផែខេត្តកែប ផែកោះកុង នឹងត្រូវបើកដំណើរការផងដែរ»។

សូមរម្លឹកដែរថា នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក ឈ្មោះ Westerdam ដែលមានភ្ញៀវទេសចរ និងនាវិកចម្រុះជាតិសាសន៍ ជាង ២ ២០០ នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីប្រទេសចំនួនបួន និងកោះចំនួនពីរមិនអនុញ្ញាតឱ្យចូលចត ហើយរសាត់អណ្តែតតែលតោលលើលម្ហមហាសាគរអស់រយៈពេល១២ថ្ងៃ ព្រោះតែការសង្ស័យមនុស្សលើនាវានេះ មានផ្ទុកមេរោគកូវីដ១៩។

បន្ទាប់ពីអនុញ្ញាតឱ្យនាវាទេសចរណ៍នេះ ចូលចតនៅកម្ពុជា សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញទៅទទួលភ្ញៀវទេសចរចុះនាវាដោយផ្ទាល់នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ចំថ្ងៃនៃក្តីស្រឡាញ់របស់មនុស្សជាតិ ជាមួយការប្រគល់ជូនផ្កាកុលាបថែមទៀតផង។

ក្នុងអំឡុងពេលនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា ការសម្រេចចិត្តអនុញ្ញាតឱ្យនាវាទេសចរណ៍ចូលចតនេះ ក្រោមហេតុផលមនុស្សធម៌ និងបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោក ហើយកម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍៕ ដោយ៖ គឹម យុត្ថារ៉ូ

ads banner