មន្រ្តីក្រសួងសុខាភិបាល ជំរុញឱ្យឆ្មបទាំងអស់ ត្រូវគិតពីអាយុជីវិតរបស់អ្នកជំងឺជាកត្តាចាំបាច់បំផុត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានជំរុញឱ្យគិលានុបដ្ឋាក និងឆ្មបទាំងអស់ត្រូវប្រកាន់ភ្ជាប់ពីក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ និងត្រូវគិតពីអាយុជីវិតរបស់អ្នកជំងឺជាកត្តាចាំបាច់បំផុត ព្រោះគិលានុបដ្ឋាក និងឆ្មប ជាអ្នកដែលអាចកែលម្អលទ្ធផលរបស់អ្នកជំងឺឱ្យកាន់តែប្រសើរឡើង។

ការជំរុញបែបនេះ ធ្វើឡើងតាមរយៈសិក្ខាសាលាស្តីពីការលើកកម្ពស់គុណភាពថែទាំ និងសុវតិ្ថភាពរបស់អ្នកជំងឺ តាមរយៈពង្រឹងប្រព័ន្ធគ្រប់គ្រង ការបង្ការ និងត្រួតពិនិត្យការចម្លងរោគ ដែលប្រព្រឹត្តឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ដោយមានសិក្ខាកាមចូលរួមមកពីតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពទាំង ២៥រាជធានីខេត្ត។

លោកជំទាវ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងក្នុងពិធីបើកសិក្ខាសាលាថា តួនាទី និងភារកិច្ចចាំបាច់ដែលគិលានុបដ្ឋាក និងឆ្មប ត្រូវអនុវត្តចាប់ពីពេលនេះទៅគឺការអនុវត្តប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ ការលើកកម្ពស់គុណភាពនៃការថែទាំ និងសុវត្ថិភាពរបស់អ្នកជំងឺ ដើម្បីធានាថាគុណភាពសេវាថែទាំត្រូវបានផ្តល់ជូនអ្នកជំងឺទាំងអស់។

លោកជំទាវបានបន្តថា ក្រៅពីនេះ គិលានុបដ្ឋាក និងឆ្មប ក៏មានតួនាទីពង្រឹងការស្រាវជ្រាវ និងពង្រឹងភាពជាអ្នកដឹកនាំ ដោយត្រូវរៀបចំឱ្យមានរចនាសម្ព័ន្ធថែទាំ មានប្រធានថែទាំ និងអនុប្រធាននៅតាមមន្ទីរពេទ្យនីមួយៗ និងធ្វើការបែងចែកតួនាទីឱ្យបានច្បាស់លាស់ ក៏ដូចជារៀបចំផែនការសម្រាប់អនុវត្តប្រចាំឆ្នាំដើម្បីពង្រឹងការងារថែទាំផងដែរ។

មន្រ្តីសុខាភិបាលដដែលបានបញ្ជាក់ថា ទិសដៅយុទ្ធសាស្ត្ររបស់គិលានុបដ្ឋាក និងឆ្មបសាកល ២០២១-២០២៥ ដែលកំណត់ដោយអង្គការសុខភាពពិភពលោក ផ្តោតលើភាពជាអ្នកដឹកនាំ ការផ្តល់សេវាដែលមានប្រសិទ្ធភាព ការអភិវឌ្ឍន៍ធនធានគិលានុបដ្ឋាន និងឆ្មប ដើម្បីបណ្តុះបណ្ដាលបន្តការសិក្សាទៅរកបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត ឱ្យកាន់តែច្រើន។

លោកជំទាវបន្ថែមថា ខណៈដែលទិសដៅយុទ្ធសាស្ត្ររបស់គិលានុបដ្ឋាក និងឆ្មប ក្នុងការកម្ពស់គុណភាពថែទាំ និងសុវតិ្ថភាពរបស់អ្នកជំងឺ នៅឆ្នាំ២០២៤ ខាងមុខនេះ គឺការអនុវត្តដោយផ្អែកលើភស្តុតាង និងគោលនយោបាយអាទិភាពដែលអាចធានាបាននូវការអនុវត្តរបស់គិលានុបដ្ឋាក និងឆ្មប ដើម្បីរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងក្នុងការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (UHC) និងគោលដៅសុខភាពប្រជាពលរដ្ឋផ្សេងៗទៀត។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមក មានពង្រីកតួនាទីគិលានុបដ្ឋាកពីបឋម មកបរិញ្ញាបត្ររង ឈានទៅកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងកម្រិតថ្នាក់បណ្ឌិតនៅទូទាំងពិភពលោក ក៏ដូចនៅប្រទេសកម្ពុជាផងដែរ។ នៅឆ្នាំ២០២៣នេះ គិលានុបដ្ឋាក និងឆ្មប មានចំនួនប្រហែលជា ៦០ភាគរយ បើប្រៀបធៀបទៅនឹងធនធានសុខាភិបាលទាំងមូល។

សូមរម្លឹកដែរថា ទិវាឆ្មបជាតិ ៥ ឧសភា ២០២៣ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអំពាវនាវចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាល អ្នកផ្តល់សេវាទាំងអស់ ត្រូវចូលរួមគាំទ្រការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ងបន្តជួយវិនិយោគគាំទ្រដល់ការងារឆ្មបថែមទៀត ដើម្បីសុខភាពប្រជាជនកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត៕ ដោយ៖ ជា សុខនី

ads banner