គណៈប្រតិភូអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃការងារថែទាំផ្លូវក្រួសក្រហម ១៦ខ្សែនៅខេត្តកំពត
កំពត ៖ ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ សមាជិកគណៈកម្មាធិការលទ្ធកម្ម (គល) នៃក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី ១២ ខែធ្នូ បានដឹកនាំ គណៈប្រតិអន្តរក្រសួង នៃក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួង សេដ្ឋកិច្ច ហិរញ្ញវត្ថុ ចុះ ត្រួតពិនិត្យវាយតម្លៃលើការងារ ថែទាំជា ប្រចាំផ្លូវក្រាលក្រួសក្រហម ចំនួន១៦ខ្សែ ប្រវែង ១០៤ ៤០០ម៉ែត្រ ទទឹងខ្នងលើ ៤ម៉ែត្រ, ៤,៥ម៉ែត្រ ,៥ម៉ែត្រ, ៦ម៉ែត្រ និង៧ម៉ែត្រ។
ផ្លូវទាំងនេះស្ថិតក្នុងឃុំជម្ពូវ័ន្ត ឃុំតាកែន ឃុំបឹងនិមល ឃុំឈូក ឃុំមានរិទ្ធ ឃុំដងទង់ ឃុំខ្ចាយខាងជើង ឃុំខ្ចាយខាងត្បូង ឃុំទទុង ឃុំល្អាង ឃុំកណ្តោល ឃុំត្រពាំងព្រីង ឃុំកូនសត្វ ឃុំព្រៃថ្នង ឃុំបន្ទាយមាសខាងកើត ឃុំត្នោតចុងស្រង់ ស្រុកជុំគិរី ស្រុកឈូក ស្រុកដងទង់ ស្រុកទឹកឈូ និងស្រុក បន្ទាយមាសខេត្តកំពត ដែលទទួលអនុវត្តដោយមន្ទីរ អភិវឌ្ឍន៍ ជនបទខេត្តកំពត ។
លោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ជម្រាប គណៈ ប្រតិភូអន្តរក្រសួងជ្រាបអំពីការងារថែទាំប្រចាំ ផ្លូវក្រាល ក្រួសក្រហមចំនួន ១៦ខ្សែ ប្រវែងសរុប ១០៤ ៤០០ម ខាងលើថា មន្ទីរអភិវឌ្ឍន៍ជនបទតែងតែយកចិត្តទុកដាក់ និងបានខិតខំបំពេញការងារថែទាំផ្លូវជាប្រចាំ ដោយសម្រេចលទ្ធផលគួរកត់សម្គាល់។
ក្នុងឱកាសនេះឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត កោតសរសើរ ដល់ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទ ដែលជាសេនា ធិការ របស់ក្រសួង ក្នុងការបំពេញកិច្ចការងារបានល្អ ហើយ គណៈកម្មការ បានឯកភាពទទួលយក ១០០ភាគរយ ចំពោះលទ្ធផលថែទាំផ្លូវក្រាលក្រួសក្រហមទាំង១៦ខ្សែនោះ។ ឯកឧត្តមក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋានប្រជាពលរដ្ឋភូមិ ឃុំ ចូលរួមថែរក្សាផ្លូវទាំងនោះឱ្យបានល្អប្រសើរ៕
ដោយ៖សិលា សារិន

