មន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចុះត្រួតពិនិត្យនិងវាយតម្លៃបញ្ចប់សុពលភាពការងារកសាងផ្លូវចំនួនពីរខ្សែនៅខេត្តស្វាយរៀង
ស្វាយរៀង៖ ឯកឧត្តមជា ស្រ៊ុន រដ្ឋលេខាធិការតំណាង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោកឈឹម បុរស អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ត ស្វាយរៀងកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពការងារកសាងផ្លូវរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលអនុវត្តដោយ ក្រុមហ៊ុន សំណង់ បុរីកម្មករ ខូអិលធីឌី ចំនួនពីរគម្រោង។
មន្ត្រីរបស់ក្រសួងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា ផ្លូវចំនួនពីរ ខ្សែនេះ ក្នុងនោះខ្សែទី១ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង៥០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ និងចិញ្ចើមផ្លូវសងខាង ក្រាល ក្រួសក្រហម ទទឹងម្ខាងៗមួយម៉ែត្រ ស្ថិតនៅ ភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ។
ចំណែកខ្សែទី២ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៣ ៥០០ម៉ែត្រ ទទឹង៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាល ល្បាយ ខ្សាច់ភ្នំ ទទឹងម្ខាងៗ ០,៥ម៉ែត្រ និងដាក់លូមុខមួយ ចំនួន ៩កន្លែង ,លូមុខពីរ ចំនួនមួយកន្លែង ស្ថិតនៅភូមិជៀសឫស្សី ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ។
ឯកឧត្តម ជា ស្រ៑ុន រដ្ឋលេខាធិការក្រសួង អភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ការចុះត្រួតពិនិត្យនេះធ្វើឡើងក្នុង គោល បំណងតាមដាន និងវាយតម្លៃដើម្បីធានាឱ្យការអនុវត្ត ការងារ ត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ។
ឯកឧត្តមបន្ថែមថា ការស្ថាបនាផ្លូវជនបទនេះគឺពិតជា មាន សារៈសំខាន់ខ្លាំងណាស់ ដែលជាសរសៃឈាមនៃសេដ្ឋកិច្ច និងដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទៅកាន់សាលារៀន មណ្ឌលសុខភាព និងជាពិសេសការ ដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នីតិកាលទី៧ របស់រាជរដ្ឋាភិបាល។
ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់ក្រុមបច្ចេកទេស និងប្រជា ពលរដ្ឋ នៅតំបន់នោះ ចូលរួមថែរក្សានិងការពារសមិទ្ធផល ទាំងនេះដើម្បីការប្រើប្រាស់បានយូរអង្វែងនិង ចាត់ទុកថាផ្លូវនេះជារបស់យើងទាំងអស់គ្នា៕
ដោយ៖នុតនាង



