គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ចាត់វិធានការរដ្ឋបាលទៅលើម្ចាស់ទីតាំងណា ដែលមិនអនុវត្តន៍តាមការណែនាំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បន្ទាប់ពីរដ្ឋបាលខណ្ឌច្បារអំពៅ ចេញសេចក្តីជូនដំណឹងលើកទី២ ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវជាតិលេ១ ក្នុងភូមិសាស្ត្រ សង្កាត់វាលស្បូវ និងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅរួចមក។ ពេលនេះ គណៈបញ្ជាការឯកភាពខណ្ឌ ចាប់ផ្តើមអនុវត្តន៍ដោយម៉ឺងម៉ាត់បំផុតមិនបន្ធូរដៃឡើយ ព្រោះវាជាប្រយោជន៍រួម ក្នុងគោលដៅរៀបចំសណ្តាប់ធ្នាប់សាធារណៈឲ្យមានរបៀបរៀបរយតាមដងផ្លូវ និងលើកកម្ពស់សោភណ្ឌភាពក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ។

នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ គណៈបញ្ជាការឯកភាពខណ្ឌដឹកនាំដោយលោក រស់ សុភក្តិ  អភិបាលរង តំណាងលោកអភិបាលខណ្ឌ បានចាត់វិធានការរដ្ឋបាលចុះកាត់ស្លាកយីហោ កាត់សំយាបផ្ទះ ចំពោះម្ចាស់លំនៅដ្ឋាន ម្ចាស់តូបលក់ដូរណាដែលសាងសង់របង សាងសង់តូប ដាក់ស្លាកយីហោ និងធ្វើយ៉ាបរំលោភយកផ្លូវសាធារណៈ គឺត្រូវវាយកម្ទេច រុះរើ និងកាត់ចោលដោយគ្មានការយោគយល់ឡើយ។

ចំណាត់ការរដ្ឋបាលតឹងរ៉ឹងនេះ ធ្វើឡើងបន្ទាប់រដ្ឋបាលខណ្ឌចេញសេចក្តីជូនដំណឹងលើកទី២ ចុះថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩ ដោយទុករយៈ៧ថ្ងៃឲ្យម្ចាស់ទីតាំងរុះរើដោយខ្លួនឯង ។ មកដល់ពេលនេះ មានរយៈពេលលើសឱសានវាទ៧ថ្ងៃហើយ ដោយឡែកម្ចាស់ទីតាំងដែលសាងសង់រំលោភយកដីចំណីផ្លូវជាតិមិនអនុវត្តន៍តាមសេចក្តីជូនដំណឹងឡើយ ទើបគណៈបញ្ជាការឯកភាពខណ្ឌ ចាត់វិធានការរដ្ឋបាលចុះកាត់ចោលតែម្តង ដើម្បីអនុវត្តន៍តាមខ្លឹមសារនៃសេចក្តីជូនដំណឹងឲ្យមានប្រសិទ្ធភាព។

លោក ញៀន ច័ន្ទសោភា នាយករងរដ្ឋបាលសាលាខណ្ឌបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៨នេះ គណៈបញ្ជាការឯកភាពខណ្ឌ បានចាត់វិធានការរដ្ឋបាលចុះកាត់ស្លាកយីហោ កាត់សំយ៉ាបផ្ទះ ដែលសង់រំលោភមកលើដីចំណីផ្លូវ វិធានការរដ្ឋបាលនេះ ធ្វើឡើងបន្ទាប់ពីម្ចាស់ទីតាំងទាំនោះមិនអនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌ បានជូនដំណឹងចំនួន២លើក ថែមទាំងមានកំណត់ហេតុផ្តិតមេដៃទទួលស្គាល់ពីម្ចាស់ទីតាំងទៀតផង ផ្ទុយទៅវិញពេលគាត់ផ្តិតមេដៃអត់អនុវត្តន៍នោះទេ ទើបគណៈបញ្ជាការឯកភាពខណ្ឌចាត់វិធានការរដ្ឋបាលតែម្តង។

ដោយឡែកលោក រស់ សុភក្តិ បានប្រាប់បន្តថា វិធានការរដ្ឋបាលនេះ ធ្វើឡើងបន្ទាប់ពីម្ចាស់ទីតាំងទាំងអស់ ចូលរួមផ្តិតមេដៃក្នុងកំណត់ហេតុហើយ តែមិនព្រមអនុវត្តន៍ទើបគណៈបញ្ជាការឯកភាពចុះវាកាត់ស្លាកយីហោ កាត់សំយ៉ាបផ្ទះ តែម្តងដោយមិនយោគយល់ឡើយ។ កិច្ចការនេះ ធ្វើតែ១ថ្ងៃមិនហើយទេ យ៉ាងហោចណាស់ក៏ត្រូវប្រើមួយសប្តាហ៍ដែរទើបរួចរាល់ កន្លែងដែលស្មុគស្មាញជាងគេគឺនៅក្នុងសង្កាត់វាលស្បូវ។ 

សូមបញ្ជាក់ថាកន្លងមក លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា គណៈបញ្ជាការឯកភាពខណ្ឌមិនដកថយទេ ទោះជាជួបនូវបញ្ហាប្រឈមយ៉ាងណាក៏ដោយ ក៏ត្រូវចាត់វិធានការរដ្ឋបាលដែរ មិនមានការយោគយល់ទេ ព្រោះរដ្ឋបាលខណ្ឌបានជូនដំណឹងរួចហើយដែរ។ ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ បានណែនាំឲ្យលោក លោកស្រីជាចៅសង្កាត់ និងមន្ត្រីជំនាញ លើការងារសណ្តាប់ធ្នាប់បន្ថែមទៀត៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner