នាយករដ្ឋមន្ត្រីថៃ ទើបស្បថចូលកាន់តំណែងលើកឡើងថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មិនអាចធ្វើទាំងប្រញាប់ទេ

នាយករដ្ឋមន្ត្រីថ្មីថ្មោងរបស់ថៃ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមិនអាចធ្វើទាំងប្រញាប់ប្រញាល់ទេ ដោយសារតែនៅមានតម្រូវការស្របច្បាប់ ហើយបញ្ហាខ្លះត្រូវការការដឹងឮជាសាធារណៈ ដូច្នេះប្រហែលជាអាចមានការធ្វើប្រជាមតិ។ កាលពីម្សិលមិញ លោក ប្រាយុទ្ធ បានលើកឡើងជាថ្មីពីការគាំទ្ររបស់លោក ក្នុងការផ្លាស់ប្តូរមាត្រាខ្លះៗ នៃរដ្ឋធម្មនុញ្ញ ប៉ុន្តែលោកបង្ហាញថា ដំណើរការស្របច្បាប់ ពាក់ព័ន្ធនឹងវិសោធនកម្មច្បាប់អាចត្រូវការពេលវេលាច្រើនទៀត។

គម្រោងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ក៏ត្រូវបានទាមទារឲ្យកើតមានដែរ ពីសំណាក់ក្រុមគណបក្សប្រឆាំង ដោយពួកគេជឿជាក់ថា រដ្ឋធម្មនុញ្ញបច្ចុប្បន្ន គឺជាច្បាប់ការពាររបបយោធា។ ប៉ុន្តែរបបសឹក ឬរបបយោធានៅប្រទេសថៃ ត្រូវបានប្រកាសបញ្ចប់ហើយ ក្នុងពេលរដ្ឋាភិបាលថ្មីរបស់លោក ប្រាយុទ្ធ ដែលជារដ្ឋាភិបាលមានការចូលរួមពីបណ្តាគណបក្សនានាផងដែរនោះ បានស្បថចូលកាន់តំណែង ជាផ្លូវការថ្មីៗនេះ។

រដ្ឋាភិបាលថ្មីដឹកនាំដោយលោក ប្រាយុទ្ធ ចាន់អូចា គ្រោងនឹងធ្វើសេចក្តីថ្លែងការស្តីពីគោលនយោបាយរបស់ខ្លួន នៅចំពោះមុខសភា នាសប្តាហ៍ក្រោយ ហើយសមាជិកសភា និងព្រឹទ្ធសភា នឹងចូលរួម ក្នុងវេទិការដេញដោលមួយទៀត ដែលគ្រោងធ្វើឡើង នាចុងខែកក្កដានេះ។ សេចក្តីថ្លែងការណ៍នេះ គឺជាបណ្តុះនៃគោលនយោបាយគន្លះ របស់បណ្តាគណបក្សសម្ព័ន្ធ ផ្អែកតាមការសន្យាដែលពួកគេធ្លាប់បានប្រកាស កាលពីមុនការបោះឆ្នោត នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩កន្លងទៅ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner