ជនបរទេស១៨នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបនៅខេត្តកំពង់ស្ពឺ សង្ស័យប្រព្រឹត្តអំពើចាប់ជំរិត តាមប្រពន្ធ័អ៊ីនធើណិត
កម្លាំងស្នងការដ្ឋាននគរបាលខេត្តផែនអន្តោប្រវេសន៍ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌ និងអាជ្ញាធរស្រុកបសេដ្ឋ ដោយមានការសម្របសម្រួលពីរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ លោក ខៃ សម្ផស្សព្រះ បានចុះត្រួតពិនិត្យទីតាំងមួយកន្លែង ក្នុងចម្ការស្វាយរបស់ឈ្មោះ ហេ ជីវអេង បានជួលឲ្យទៅឈ្មោះ រ័ត្ន ពិន ស្ថិតនៅភូមិចារ ឃុំស្វាយចចឹប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
ប្រតិបត្តិាករនោះធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញ ដោយបានឃាត់ខ្លួនជនបរទេសចំនួន១៨នាក់ ក្នុងនោះមានសញ្ជាតិ ចិន៦នាក់ និងតៃវ៉ាន់ ១២នាក់ ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងករណីចាប់ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ិនធើណិត (VOIP)។ ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានដកហូតសម្ភារមួយចំនួនមានដូចជាទូរសព្ទដៃ អាផេត កុំព្យូទ័រ ព្រីនធឺ ប្រាក់ដុល្លារក្លែងក្លាយ និងសម្ភារមួយចំនួនទៀត។
ក្រោយការឃាត់ខ្លួន ជនសង្ស័យទាំង១៨នាក់ បានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕ធ.ដ




